ការទស្សនាទស្សនីយភាពធម្មជាតិពិតៗដូចជា ថ្ងៃរះ និងថ្ងៃរៀបលិចគឺជាពេលវេលាដ៏អស្ចារ្យ និងរ៉ូមែនទិចមួយដែល អាចជួយធ្វើឱ្យអារម្មណ៍រីករាយ និងស្រស់ស្រាយ។ តែមិនមែនទេសភាពដ៏ស្រស់ស្អាតទាំងនេះអាចបង្ហាញខ្លួនគ្រប់កន្លែងនោះទេ ប្រសិនជាអ្នកទៅមិនត្រូវកន្លែងក៏មិនអាចប្រទះនឹងភាពអស្ចារ្យមួយនោះដែរ។
ដូច្នេះមកតាមដានកន្លែងសំខាន់ៗទាំងអស់នៅលើលោកដែលអាចឱ្យអ្នកគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ធានាថាអស្ចារ្យ និងប្លែកអារម្មណ៍៖
២៥. The Serengeti ប្រទេសតង់ហ្សានី
តំបន់ The Serengeti គឺជាឧទ្យានជាតិដែលមានធម្មជាតិស្រស់បំព្រង រួមទាំងសត្វព្រៃជាច្រើនប្រភេទផងដែរ ដោយអ្នកអាចគយគន់ថ្ងៃលិចដ៏អស្ចារ្យ នៅក្បែរតំបន់នោះក៏បាន ឬនៅលើសណ្ឋាគារក្បែរបឹង Victoria ជិតតំបន់ The Serengeti ក៏បាន។
២៤. ប្រឡាយក្រុង Amsterdam
ជាមួយនឹងស្ពានតូចៗជាង ៤០០ សម្រាប់ឆ្លងកាត់ប្រឡាយទឹកនៅក្នុងក្រុង Amsterdam ប្រទេសហូឡង់ អ្នកមិនត្រឹមតែអាចជិះទូកគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាតទេ អ្នកថែមទាំងអាចទស្សនាថ្ងៃរៀបលិចដ៏អស្ចារ្យផងដែរ។
២៣. ឆ្នេរ Hanalei រដ្ឋ (កោះ)ហាវ៉ៃ សហរដ្ឋអាមេរិក
ឆ្នេរ Hanalei ស្ថិតនៅលើកោះ Kaua’i រដ្ឋហាវ៉ៃ គឺជាទីកន្លែងដ៏ស្រស់ស្អាតអស្ចារ្យព័ទ្ធដោយជួរភ្នំ ដែលសាកសមសម្រាប់ការហែលទឹកកម្សាន្តលេង ជិះទូកក្តោង រួមទាំងអាចគយគន់ថ្ងៃរៀបលិចជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលទៀតផង។
២២.ក្រុង Grundarfjordur ប្រទេសអ៊ីស្លង់
ទីក្រុង Grundarfjordur ដ៏តូចមួយនេះ ស្ថិតនៅចំកណ្តាលជួរភ្នំ និងតំបន់ភ្នំភ្លើង ដែលបានបង្កើតជាទស្សនីយភាពថ្ងៃរៀបលិចនៅជើងមេឃម្ខាងដ៏ស្រស់ស្អាតប្លែកភ្នែកចម្លែកអារម្មណ៍សម្រាប់អ្នកទស្សនា។
២១.កំពង់ផែ Santa Monica រដ្ឋឡូសអែនជីឡែស
អង្គុយលេងនៅមាត់ឆ្នេរដ៏ស្រស់ស្អាត ទស្សនាអ្នកលេងវាយកូនហ្គោល រួមទាំងគយគន់ពន្លឺថ្ងៃដែលចាំងឆ្លុះទូកកំពង់ផែទៅលើផ្ទៃទឹកបង្កើតបានជារលកតិចៗ ធ្វើឱ្យអារម្មណ៍អ្នកទេសចរមិនអាចដកចិត្តរួចនឹងទេសភាពថ្ងៃលិចដ៏អស្ចារ្យនៅកំពង់ផែ Santa Monica មួយនេះបាន។
២០.ចេតិយ Taj Mahal ប្រទេសឥណ្ឌា
មិនត្រឹមតែអាចទស្សនាអគារចេតិយជាមួយនឹងអ្នកទេសចរជាច្រើនពីបណ្តាប្រទេសផ្សេងៗដោយអារម្មណ៍រីករាយនោះទេ តែនៅទីនោះមានផ្ទៃមេឃស្រលះល្អ ថែមទាំងជាទីកន្លែងដែលអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលផងដែរ។
១៩.ក្រុង Barcelona ប្រទេសអេស្ប៉ាញ
កូនភ្នំ El Carmel នៅក្នុងទីក្រុង Barcelona គឺជាទីកន្លែងដែលអាចឱ្យអ្នកទស្សនាគយគន់ទេសភាពពីលើអាកាសនៅថ្ងៃរៀបលិច អមដោយទេសភាពចម្រុះពណ៌ស្រស់ស្អាត និងទឹកសមុទ្រខៀវស្រងាត់នៅជុំវិញផងដែរ។
១៨. ទន្លេ Annecy ប្រទេសបារាំង
ទន្លេ Annecy នៅលើតំបន់ជួរភ្នំដ៏សែនខ្ពស់ក្នុងប្រទេសបារាំង (French Alps) ត្រូវបានគេដឹងថាជាទឹកទន្លេដ៏ស្រស់ស្អាតមានពណ៌ភ្លឺថ្លាឆ្លុះដល់បាត តែនៅពេលថ្ងៃលិច ពន្លឺដែលចាំងលើផ្ទៃទឹក ក៏បានក្លាយទៅជាទស្សនីយភាពដ៏ល្អត្រកាលក្នុងការគយគន់ថ្ងៃរៀបអស្ដង្គតទៀតផង។
១៧.ថ្ម Uluru ឬ ថ្មAyers ប្រទេសអូស្រ្តាលី
ថ្មមួយដុំធំជាងគេនៅលើលោកបែបធម្មជាតិមួយកន្លែងនេះ ប្រៀបបីដូចជាពពកមួយដ៏ធំនៅលើមេឃអ៊ីចឹង។ ដូច្នេះហើយរាល់ថ្ងៃរៀបលិចពន្លឺបានចាំងឆ្លុះធ្វើឱ្យថ្មមួយដុំនេះប្រែជាពណ៌ទឹកក្រូច និងក្រហមចាស់ ដែលកាន់តែធ្វើឱ្យទេសភាពនៅជុំវិញមានសម្រស់ស្រស់ត្រកាលទ្វេរដង។
១៦. តំបន់ The Florida Keys រដ្ឋហ្វ្ររីដាសហរដ្ឋអាមេរិក
The Florida Keys បានក្លាយទៅជាទីកន្លែងដែលតែងតែប្រារព្វកម្មវិធីសប្បាយៗនៅពេលថ្ងៃរៀបលិច ដូចជាដុតភ្នក់ភ្លើង និងរបាំក្នុងតំបន់ អមដោយបរិយាកាសថ្ងៃអស្ដង្គតលើផ្ទៃទឹកសមុទ្រដ៏ស្រស់ត្រកាលផងដែរ។
១៥.ឆ្នេរខ្សាច់សាហារ៉ា
សាហារ៉ាគឺជាវាលខ្សាច់ដ៏ធំល្វឹងល្វើយ និងល្ហល្ហេវរកកោះរកត្រើយមិនឃើញ ដូច្នេះការអង្គុយគយគន់ទស្សនាថ្ងៃលិចនៅលើវាលខ្សាច់មួយនេះ នឹងធ្វើឱ្យអ្នកប្រទះនឹងអារម្មណ៍ប្លែក និងចម្លែកនឹងទេសភាពដ៏អស្ចារ្យ។
១៤.តំបន់ The Scottish Highlands ចក្រភពអង់គ្លេស
តំបន់ The Scottish Highlands មិនត្រឹមតែមានអាកាសធាតុត្រជាក់នោះទេ ថែមទាំងមានខ្យល់បក់ត្រសៀកៗស្រលះមុខមាត់ផងដែរ។ មិនតែប៉ុណ្ណោះការអង្គុយទស្សនាថ្ងៃលិចនៅទីនោះ នឹងផ្តល់អារម្មណ៍ថ្មីប្លែកជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។
១៣.តំបន់ Puglia ប្រទេសអ៊ីតាលី
ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាត បូករួមនឹងទីក្រុងបុរាណ និងផ្ទះប្រជាជនដ៏ប្លែកភ្នែក តំបន់ Puglia បានក្លាយជាទីកន្លែងកម្សាន្តដ៏អស្ចារ្យ សម្រាប់គយគន់សម្រស់ថ្ងៃរៀបលិចផងដែរ។
១២. បូរ៉ាបូរ៉ា កោះ Tahiti ប្រទេសបារាំង
បូរ៉ាបូរ៉ា គឺជាទីកន្លែងដ៏ស្រស់ស្អាត និងអស្ចារ្យដែលជាក្តីស្រមៃរបស់អ្នកទេសចរគ្រប់រូបមកកម្សាន្ត។ ក្រៅពីនេះ ការគយគន់ទេសភាពថ្ងៃរៀបលិច អមនឹងផ្ទៃទឹកដ៏ត្រកាលក៏ជាពេលវេលាដែលមិនអាចខ្វះបានផងដែរ។
១១.ប្រាសាទពីរ៉ាមីត ប្រទេសអេហ្ស៊ីប
ប្រាសាទពីរ៉ាមីតដែលសាងសង់កណ្តាលវាលខ្សាច់មួយនេះ មិនត្រឹមតែធ្វើឱ្យអ្នកទេសចរអាចរីករាយទស្សនាសំណង់បុរាណដ៏ល្អពិចិត្រមួយនេះទេ តែទីនេះក៏ជាតំបន់ដែលពេញនិយមក្នុងការទស្សនាថ្ងៃរៀបលិចដ៏អស្ចារ្យទៀតផង។
១០.ឆ្នេរ Pfeiffer រដ្ឋកាលីហ្វញ៉ា
នៅលើឆ្នេរ Pfeiffer មានដុំថ្មមួយដុំធំដែលមានប្រហោងចំកណ្តាល ហើយរាល់ពេលថ្ងៃរៀបលិចពន្លឺដែលចាំងឆ្លុះតាមប្រហោងថ្មផងនោះ បានក្លាយទៅជាទស្សនីយភាពដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
៩.ភ្នំ Matterhorn ប្រទេសស្វីស
ភ្នំ Matterhorn ស្ថិតនៅក្បែរព្រំដែនប្រទេសស្វីស និងប្រទេសអ៊ីតាលី ហើយវាក៏ជាភ្នំដ៏សែនធំ និងល្បីល្បាញថាមានសម្រស់ស្រស់ស្អាតជាងគេនៅលើលោកដែរ។ ក្រៅពីអាចផ្តិតរូបភាពនៃទេសភាពជុំវិញ លើភ្នំនេះក៏ជាទីកន្លែងដែលសាកសមសម្រាប់គយគន់ថ្ងៃរៀបលិចផងដែរ។
៨.ប្រាសាទ Tanah Lot កោះបាលី ប្រទេសឥណ្ឌូនេស៊ី
ដើម្បីធ្វើដំណើរទៅកាន់ប្រាសាទបុរាណដែលបានបន្សល់ទុកនៅលើកោះបាលីមួយនេះ អ្នកទេសចរត្រូវដើរឆ្លងកាត់ស្ពានយោលមួយជាមុនសិន។ ក្រៅពីអាចទស្សនាផ្ទៃប្រាសាទប្រៀបបីដូចជាកោះកណ្តាលសមុទ្រហើយ ថ្ងៃរៀបលិចនៅលើទីប្រាសាទបុរាណមួយនេះក៏មានសម្រស់ស្រស់ស្អាតមិនធម្មតាដែរ។
៧.ឆ្នេរ Ipanema ក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
ក្រៅពីមានឈ្មោះថាជាឆ្នេរដ៏ស្រស់ស្អាតជាងគេមួយនៅលើលោក ឆ្នេរ Ipanema មួយនេះ ថែមទាំងមានទេសភាពថ្ងៃរៀបលិចក្រោយជួរភ្នំដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបានថែមទៀតផង។
៦.កោះម៉ាឌីវ
កោះម៉ាឌីវគឺជាកោះមួយស្ថិតនៅកណ្តាលមហាសមុទ្រឥណ្ឌា ដែលអ្នកណាៗក៏ល្បីថាជាទីកន្លែងដែលមានសម្រស់ស្រស់ស្អាតសម្រាប់ថតរូបកម្សាន្ត ព្រមទាំងការលំហែរអារម្មណ៍ផងដែរ ។ ក្រៅពីនេះថ្ងៃរៀបលិចនៅផ្ទៃសមុទ្រកោះម៉ាឌីវ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់ផ្អើល និងប្លែកភ្នែកជាមួយនឹងសម្រស់ដ៏អស្ចារ្យមួយនេះ។
៥.កោះ Santorini ប្រទេសក្រិច
Santorini គឺជាទីកន្លែងដ៏ល្បីល្បាញថាមានសម្រស់ដ៏ស្រស់ស្អាតអស្ចារ្យ ថែមទាំងអាចគយគន់ទេសភាពថ្ងៃរៀបលិចដ៏គួរឱ្យរំភើបចិត្តទៀតផង។
៤.ភ្នំភ្លើង Mount Bromo ប្រទេសឥណ្ឌូនេស៊ី
ភ្នំភ្លើង Mount Bromo ស្ថិតនៅលើកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ី បានក្លាយទៅជាទស្សនីយភាពដ៏ល្អប្លែកភ្នែក និងអស្ចារ្យមួយ សម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចពីចម្ងាយបានផងដែរ។
៣.ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
ប្រាសាទអង្គរវត្តគឺជាសំណង់អច្ឆរិយៈមួយដ៏អស្ចារ្យនៅលើលោក ដោយមិនត្រឹមតែមានអាយុកាលដ៏យូរអង្វែងទេ ទាំងក្បាច់រចនាលើជញ្ជាំងប្រាសាទ និងទេសភាពជុំវិញសុទ្ធតែធ្វើឱ្យអ្នកទេសចរលាន់មាត់មិនស្ងើចសរសើរមិនបាន។ ក្រៅពីនេះ មិនថាតែពេលព្រឹកព្រលឹម ឬពេលរៀបលិចនោះទេអ្នកទេសចរពីគ្រប់ទិសទីតែងតែនាំគ្នាមកឈរកកកុញមុខប្រាសាទមួយនេះដើម្បីទស្សនា និងផ្តិតរូបភាពព្រះអាទិត្យដ៏ក្រហមឆ្អិនឆ្អៅស្រស់ស្អាតមួយនេះ។ មិនត្រឹមតែប្រាសាទអង្គរវត្តទេ ប្រទេសកម្ពុជាមានប្រាសាទជាច្រើនៗទៀតដែលអាចគយគន់ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបានផងដែរ មានដូចជាប្រាសាទបាខែងជាដើម។
២.សួនឧទ្យាន Grand Canyon រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក
មិនត្រឹមតែមានទេសភាពស្រស់ស្អាត និងជួរភ្នំដ៏ធំអស្ចារ្យ ទីកន្លែងធម្មជាតិនៃសួនឧទ្យានមួយនេះ ថែមទាំងអាចឱ្យអ្នកទេសចរទស្សនាទេសភាពថ្ងៃរៀបលិចដ៏ស្រស់ត្រកាលផងដែរ។
១.ដុំថ្ម Stonehenge ចក្រភពអង់គ្លេស
ដុំថ្មដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយមួយដុំនេះ សុទ្ធតែធ្វើឱ្យទេសចរមានអារម្មណ៍ចម្លែក និងអស្ចារ្យបំផុតលើលោក។ តែក្រៅពីនេះកុំភ្លេចរង់ចាំទស្សនាទាំងពេលថ្ងៃរះ និងថ្ងៃរៀបលិច ដែលជះពន្លឺលើដុំថ្មដ៏ធំនេះឱ្យសោះ ព្រោះអ្នកអាចនឹងខកខានគយគន់ទេសភាពពន្លឺព្រះអាទិត្យដ៏រំភើបអស្ចារ្យមួយនេះបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]