ថៃ៖ ជីវិតស្នេហារវាងតារាសម្តែងប្រុសស្រីនាង Kwan Usamanee និងលោក Golf Pichaya មិនខុសអ្វីពីក្នុងខ្សែភាពយន្តស្នេហាកម្សត់ ត្រូវបែកបាក់ដោយសាររនាំងគ្រួសារ ទោះខំប្រឹងព្យាយាមយ៉ាងណាក៏នៅតែមិនបានជួបគ្នា។
គួររំឮកផងដែរ នាង Kwan និងលោក Golf ធ្លាប់ទាក់ទងស្រលាញ់គ្នាជាសង្សារ កាលពីជាង១០ឆ្នាំមុន ប៉ុន្តែអ្នកទាំងពីរក៏ត្រូវបង្ខំចិត្តចែកផ្លូវគ្នា ដោយសារតែឪពុកម្តាយទាំងសងខាងជំទាស់។
ដោយឡែក ទោះជាយ៉ាងណា រយៈពេល១០ឆ្នាំក្រោយមក ពោលគឺកាលពីអំឡុងឆ្នាំ២០១៦ ពួកគេទាំងពីរក៏បាន ត្រឡប់មកស្រលាញ់គ្នាជាថ្មីម្តងទៀតដោយបើកចំហរ បង្ហាញពីភាពផ្អែមល្ហែម និងធ្វើរឿងជាមួយគ្នាជាច្រើន ដូចជាការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសជាដើម ដោយស្នេហារបស់អ្នកទាំងពីរ ទទួលបានការអបអរយ៉ាងច្រើន ពីសំណាក់មហាជន។
ប៉ុន្តែមិនថាយ៉ាងណា អតីតចាស់ក៏វិលមកជាន់ដានជាថ្មី ដោយគ្រួសារទាំងពីរសងខាង ក៏បានធ្វើការជំទាស់ជាថ្មីម្តងទៀត ខណៈKwan និង Golf កំពុងតែគិតគូរត្រៀមរៀបការជាមួយគ្នាទៅហើយ។ នេះបើយោងតាម ពាក្យចចាមអារ៉ាមលេចឮកន្លងមក បានឲ្យដឹងថា ដោយសារតែចចារថ្លៃទឹកដោះមិនត្រូវថ្លៃ ពោលគឺម្តាយរបស់Kwan ទាមទារថ្លៃទឹកដោះច្រើនហួសពេក ហួសពីសមត្ថភាពខាងប្រុស ទើបធ្វើឲ្យចាស់ទុំទាំងសងខាងតឹងសរសៃរក.ដាក់គ្នា រហូតឈានដល់ការផ្តាច់ពាក្យ។
យ៉ាងណាមិញ កន្លងទៅជាច្រើនខែ បន្ទាប់ពីចែកផ្លូវគ្នាជាលើកទី២ ថ្មីៗនេះ ស្រាប់តែគេចាប់អារម្មណ៍ឃើញ តារាសម្តែងស្រី Kwan Usamanee បណ្តើរសង្សារថ្មីភ្លែត ដែលជាកម្លោះសង្ហា និងថែមទាំងជាកូនម្ចាស់សណ្ឋាគារថែមទៀតផង។
តាមរយៈការសង្កេត គឺអ្នកទាំងពីរ ទើបតែបានទាក់ទងស្រលាញ់គ្នាមិនប៉ុន្មានខែនេះតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីសម្ព័ន្ធភាពស្នេហាវិញ គឺផ្អែមល្ហែមថែមទាំងបណ្តើរគ្នា ដើរកម្សាន្តនៅឯឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិក បង្ហោះរូបបង្អួតអ្នកគាំទ្រ យ៉ាងគួរឲ្យច្រណែនថែមទៀតផង។
លើសពីនេះ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឹគេចាប់អារម្មណ៍ឃើញថា ម្តាយបង្កើតរបស់ Kwan ហាក់បីដូចជាគ្មានការជំទាស់អ្វីបន្តិចសោះ ដូចកាលពីនៅទាក់ទងជាមួយ Golf ឡើយ ពោលគឺម្តាយនាងពេញចិត្តនិងបើកសិទ្ធសេរីភាពយ៉ាងពេញទំហឹង ឲ្យកូនស្រីទាក់ទងជាមួយនឹងគូស្នេហាថ្មី ដែលជាសេដ្ឋីកម្លោះវ័យក្មេងរូបនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]