ស្វាយរៀងៈ កូនរមិលគុណម្នាក់ បានតបស្នងសងគុណ ដល់អ្នកមានគុណរបស់ ខ្លួនដោយកាប់ពីរពូថៅ ជាថ្នូរនិងការចិញ្ចឹមបីបាច់ថែរក្សាខ្លួនឲ្យធំពេញវ័យ ព្រោះតែខឹងនិងម្ដាយ ស្ដីឲ្យបន្តិចបន្តួច បណ្ដាលឲ្យស្រ្តីជាម្ដាយរង របួសជាទម្ងន់សន្លប់ក្នុងថ្លុកឈាម។ ហេតុការណ៏កូនកាប់ម្ដាយនេះបានកើតឡើងកាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២0១៣ នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។

យោងតាមលោក សួស សារិន នាយការិយាល័យព្រហ្មទ័ណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង បានប្រាប់ឲ្យដឹងថា កូនអកត្តញ្ញូដែលកាប់ម្ដាយខ្លួនឯងពីរពូថៅនេះឈ្មោះ យឿន ចាន់នី ភេទប្រុស អាយុ ៣២ មានមុខរបរជាកម្មករសំណង់មានទីលំនៅភូមិកើតហេតុខាងលើ ចំណែកស្រ្តីជាម្ដាយរងគ្រោះឈ្មោះ ឃុន វណ្ណា អាយុ ៥៧ ឆ្នាំ ត្រូវបានលោកកូនអកត្តញ្ញូនេះ កាប់ពីរពូថៅដោយមួយពូថៅចំក្បាល ពីក្រោយ និង មួយពូថៅទៀតចំកំភួនជើងសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម។

លោក សួស សារិន បានបន្តថា មុនពេលកើតហេតុកូនអកត្តញ្ញូនេះ បានយកសាប៊ូពីរដុំទៅមុជទឹកដុសខ្លួន ពេល នោះស្រ្តីជាម្ដាយបានស្ដីបន្ទោសឲ្យថា យកសាប៊ូដុសខ្លួនរួចហើយម្ដេចមិនយកទុកឲ្យ បានស្រួលបួលផងម៉េច ចាំបាច់ យកទៅបោះចោលធ្វើអ្វី ពេលនោះស្រាប់តែអាកូនអកត្តញ្ញូមួយនេះ ខឹងច្រលោតតោតតូងក៏បានយក សាប៊ូទៅកាប់ចញ្ជ្រាំចោលដើម្បីបញ្ឈឺចឹត្តម្ដាយ ឃើញដូច្នោះម្ដាយក៏ជេរបណ្ដេញចេញពីផ្ទះ។

ពេលនោះដោយខឹងម្ដាយជេរបណ្ដេញចេញពីផ្ទះកូនអក្តញ្ញូនេះ បានដើរទៅយកពូថៅមកកាប់ម្ដាយតែម្ដង ពេល ដែលម្ដាយរបស់ខ្លួនអង្គុយ ដោយកាប់ពីក្រោយមួយពូថៅផុងលលាដ៏ក្បាល ដួលផ្កាប់មុខប្រកាច់ក្នុងថ្លុកឈាម ឃើញដូច្នោះកូនអកត្តញ្ញូ ក៏បានបន្ថែមមួយដងពូថៅទៀតចំកំភួនជើង ឡើងហើមជើងជាំខ្មៅ រួចហើយក៏រត់បំរុង គេចខ្លួនតែព្រះមិនប្រោសនគរបាលប៉ុស្ត៏រដ្ឋបាលឃុំត្នោត ក៏មកដល់ល្មមក៏ចាប់ខ្លួនភ្លាមៗតែម្ដង ដោយបញ្ជូនមក កាន់ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តខេត្តចាត់ការបន្ត ចំណែកស្រ្តីជាម្ដាយត្រូវបានអ្នកជិតខាងបញ្ជូន ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជីភូដោយគ្រូពេទ្យ បានដេក្បាល៧ថ្នេរ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចេញដីការឃុំខ្លួនជនសង្ស័យជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង៕

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]