គេថា មនុស្សស្រីប្រៀបបីដូចជាធនាគារ បើបានមនុស្សស្រីល្អចិត្តគំនិត ចរិតមារយាទទៀតសោត ដឹងតែល្អប្រសើរ ព្រោះនាងពូកែទុកដាក់ រៀបចំបែបផែន និងដឹងកិច្ចការងារក្នុង និងក្រៅច្បាស់លាស់។ ត្រង់នេះហើយដែលបញ្ជាក់ថា​ ប្រុសៗទាំងអស់ បើចង់សល់លុយកាក់ មាសប្រាក់ មានបាននឹងគេ គួរតែប្រញាប់ ការប្រពន្ធឆាប់ៗ នឹងអាលមានអ្នកទុកដាក់លុយកាក់ និងរៀបចំសណ្ដាប់ធ្នាប់ឱ្យជីវិតរបស់អ្នក។

ប្ដីខិតខំធ្វើការ ប្រឹងប្រែងរកលុយ បានប្រពន្ធល្អចេះគិតគូរ ចេះរៀបចំទុកដាក់ រឿងអីមិនសល់នោះ។ វាជាការពិត រកដៃគូជីវិត ត្រូវតែរកមនុស្សដែលល្អ មានចិត្តចង់មានចង់បាន មានគំនិតចេះរកទុកដាក់ ទើបជីវិតមិនលំបាក គ្រួសារមិនតោកយ៉ាកវេទនាតទៅថ្ងៃមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែប្រុសៗត្រូវដឹងថា លុយដែលយកឱ្យប្រពន្ធទុកដាក់ហើយ វាប្រហែលជារៀងពិបាកនឹងយកវិញបន្តិច ជាពិសេស បើអ្នកចង់ដកហូតលុយចាយផ្ដេសផ្ដាស ដឹងតែមិនងាយទេ ព្រោះមនុស្សស្រី នាងច្បាស់លាស់នឹងរឿងលុយកាក់ខ្លាំងណាស់។ ប៉ុន្តែ បើឱ្យប្រពន្ធជាអ្នកទុកដាក់ ដឹងតែសល់ហើយ កុំភ័យខ្លាចថា ជីវិតប្ដីប្រពន្ធគ្មានអ្វីសល់នឹងគេនោះ។

ក្រឡេកមកស្រីៗវិញម្ដង គេថា មនុស្សស្រីរៀបការហើយ គឺជីវិតដូចជាប់ចំណងកម្មមិនខុសទេ ជីវិតមនុស្សស្រីស្ទើរតែទាំងអស់ គឺជួបបញ្ហា មានទុក្ខធ្ងន់ បន្ទាប់ពីបានក្លាយជាប្រពន្ធគេហ្នឹងហើយ។ ភាគច្រើននៃមនុស្សស្រីដែលរៀបការរួច គឺលែងខ្វល់ពីខ្លួនឯង នាងតែងតែបណ្ដែតបណ្ដោយ ស្ទើរតែគ្រប់យ៉ាង ព្រោះតែមមាញឹកជាមួយនឹងតួនាទីជាប្រពន្ធ ជាម្ដាយ ជាស្ត្រីមេផ្ទះផង ជាស្ត្រីចេញរកលុយផង ការងារសព្វគ្រប់បែបយ៉ាង នាងអាចធ្វើបានទាំងអស់ ព្រោះតែនាងចង់រំលែកកិច្ចការងារប្ដី ចង់ជួយគ្រួសារ ហើយក៏មិនចង់មានឈ្មោះថា ប្រពន្ធដេកចាំស៊ីលុយប្ដីរកមកឱ្យ។

វាជាការពិត មួយជីវិតមនុស្សស្រី នៅតូចតាមម្ដាយឪពុក ពេញវ័យ រៀបការរួចតាមប្ដី ដល់មានកូន ក៏តាមកូន គិតៗទៅ ជីវិតជាមនុស្សស្រីគឺបែបហ្នឹងហើយ។ យ៉ាងណាមិញ ជីវិតដែលពោរពេញដោយទុក្ខលំបាក គឺជីវិតបន្ទាប់ពីរៀបការ បើបានប្ដីល្អ ក៏ត្រូវតែហត់នឿយខ្លះ ហើយបើបានប្ដីមិនល្អ គំនិតមិនកើតទៀត វារឹតតែវេទនាទ្វេដង។ រៀបការរួច ត្រូវរ៉ាប់រងការងារជាច្រើន បាត់បង់សេរីភាពក្នុងការដើរហើរ តែដំណើរជីវិត មនុស្សប្រុសពេញកំលោះត្រូវមានប្រពន្ធ មនុស្សស្រីពេញក្រមុំត្រូវយកប្ដី អ្វីៗកំណត់ហើយ ចង់ ឬមិនចង់ក៏ដោយ ត្រូវតែព្រមទទួលយក៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]