មិនមែនមនុស្សស្រីឱ្យតែស្អាត ចេះតុបតែងខ្លួនសុទ្ធតែជាទីចាប់អារម្មណ៍ ធ្វើឱ្យអ្នកផងប្រាថ្នាចង់បាននោះឡើយ មនុស្សស្រីទោះស្អាត ពូកែយ៉ាងណាក៏ដោយ បើមានអត្តចរិតទាំងនេះ គឺពិបាកនឹងរកបានដៃគូស្នេហាណាស់ តែបើអាចរកបាន ក៏ពិបាកនឹងថែរក្សាឱ្យគង់ដែរ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មនុស្សស្រីអន់ចរិត
ចរិតមារយាទ គឺជាសេចក្ដីថ្លៃថ្នូរ និងជាមន្តស្នេហ៍ដ៏ទាក់ទាញរបស់មនុស្សស្រី ទោះបីអ្នកមិនសូវស្អាតក៏ដោយ ឱ្យតែអ្នកមានអត្តចរិតល្អ មារយាទថ្លៃថ្នូរ មិនខ្វះទេអ្នកស្រឡាញ់ពេញចិត្ត។ តែផ្ទុយទៅវិញ បើអ្នកអន់ចរិត សន្ដានមារយាទមិនកើតហើយ ទោះអ្នកស្អាត ឬជាកូនអ្នកមានយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាចង់បានអ្នកដែរ។

រូបតំណាង

២. មនុស្សស្រីឯករាជ្យជ្រុល
ភាពឯករាជ្យ ជាអ្វីដែលមនុស្សស្រីត្រូវមាន ប៉ុន្តែបើអ្នកប្រកាន់ខ្ជាប់នូវឯករាជ្យភាពជ្រុលពេក ដោយមិនចេះឱនលំទោន ឬរណបអ្នកណាខ្លះទេនោះ អ្នកនឹងពិបាករកមនុស្សរស់នៅចុះសម្រុងនឹងអ្នកណាស់ ជាពិសេសគឺ ដៃគូជីវិត មិនអាចរួមរស់ជាមួយគ្នាបានឡើយ។

រូបតំណាង

៣. មនុស្សស្រីរឹងរូសជ្រុល
មនុស្សស្រីរឹងមាំបាន តែបើរឹងមាំ ចូលលក្ខណៈរឹងរូសមានះស្រេចតែក្បាលចិត្តខ្លួនឯងហើយនោះ ទោះមនុស្សពូកែអត់ធ្មត់ប៉ុនណា ក៏មិនអាចទ្រាំនឹងអ្នកបានដែរ ភាពមានះរឹងរូសនេះហើយ ដែលធ្វើឱ្យដៃគូរបស់អ្នក ពិបាកនឹងសម្របតាមអ្នក ព្រោះគ្មានអ្នកណាអាចទ្រាំនឹងអ្នកបានរហូតនោះឡើយ។

រូបតំណាង

៤. មនុស្សស្រីឈ្លើយ ព្រហើន
មនុស្សស្រីដែលមានអត្តចរិតឈ្លើយ សម្ដីព្រហើន មិនចេះគោរពចំពោះមនុស្សជុំវិញខ្លួន កុំថាឡើយឱ្យគេស្រឡាញ់ ចាប់អារម្មណ៍ សូម្បីតែរាប់អាន ឬនៅក្បែរនៅគេមិនចង់ដែរ ព្រោះចរិតអ្នកក្អេងក្អាង ក្រអើតក្រទម អ្នកល្មមៗ ក៏អ្នកមិនខ្លាច មិនគោរព សំខាន់គឺ អ្នកមិនចេះឱ្យតម្លៃមនុស្សនៅជុំវិញខ្លួន។

រូបតំណាង

៥. មនុស្សស្រីខ្វះភាពទន់ភ្លន់
ភាសាការនិយាយ សម្ដី និងទង្វើសោះកក្រោះ មិនចេះបន្ទន់ខ្លួន បន្ទន់ឥរិយាបថ ជាហេតុធ្វើឱ្យអ្នកពិបាកចុះសម្រុងនឹងមនុស្សជុំវិញខ្លួន ភាពសោះកក្រោះ ជាហេតុធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញពីមនុស្សដែលនៅក្បែរ គេមិនចូលចិត្ត មិនស្រឡាញ់ ព្រោះពេលខ្លះសម្ដី ឬទង្វើរបស់អ្នកបែរជាបង្កជាភាពជ្រុលជ្រួល ដូចពាក្យគេថា និយាយស្ដីមិនចេះគិតនេះហើយ មនុស្សស្រីបើមិនចេះទន់ភ្លន់ទេ ក៏មិនអាចទាក់ចិត្តគេឯងបានដែរ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]