ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀត ជាអ្នកបើកម៉ូតូរង របួសធ្ងន់បន្ទាប់ពី ពួកគេទាំងពីរនាក់ បើកម៉ូតូដោយអូស ជន្ទល់ ដួល ហើយត្រូវរថយន្ត ដឹកខ្សាច់មួយគ្រឿងធ្វើ ដំណើរពីក្រោយបុកនិងកិន កាលពីវេលាម៉ោង៨ យប់ថ្ងៃទី០៣ ខែឧសភានេះ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ ១ មុខសាលាសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
ប្រជាពលរដ្ឋដែលឃើញគ្រោះថ្នាក់ចរាចរណ៍ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកសេ១១០ ចេញពីពិធីបុណ្យមួយនៅវត្តក្តីតាកុយ ហើយពេលពួកគេកំពុងបើកម៉ូតូនោះ ក៏ប្រើស្ទីល ជាន់ជន្ទល់កណ្តាលអូសនឹងផ្លូវឲ្យចេញផ្កាភ្លើង។
ក្រោយពីលេងស្ទីលអូសជន្ទល់កណ្តាលលើកទី១ មិនមានបញ្ហា ពួកគេបានជាន់អូសម្តងទៀត ប៉ុន្តែលើកនេះជាន់ជាំជន្ទល់ចំហៀង បណ្តាលឲ្យដួល អូសជាច្រើនម៉ែត្រ បែកក្បាល ហូរឈាម ហើយគាប់ជួនមានរថយន្តដឹកខ្សាច់មួយគ្រឿងបើកមកពីក្រោយកិនជនរងគ្រោះ ដែលជិះពីក្រោយបែកក្បាលស្លាប់ភ្លាមៗ រីឯអ្នកបើករងរបួសធ្ងន់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នេះឈ្មោះអឿង សុខលីន អាយុ២០ឆ្នាំ រស់នៅភូមិក្តីតាកុយ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះកុសល សម្បត្តិ អាយុ១៩ឆ្នាំ ។
បើតាមប្រជាពលរដ្ឋបាននិយាយថា ចំពោះយុវជនដែលស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរនេះ ម្តាយរបស់ គេស្ថិតក្រោមការជួយសង្គ្រោះផងដែរ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រហូតដល់សន្លប់ ហើយឪពុកពេលទទួល ទូរស័ព្ទថាកូនប្រុសស្លាប់ ក៏សន្លប់បាត់ស្មារតី។ ដោយឡែករថយន្តដឹកខ្សាច់បាន រត់គេចេញពីកន្លែងកើតហេតុផងដែរ៕
ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]