យើងជាម៉ាក់ប៉ា ច្បាស់ជាចង់ឲ្យកូនទទួលបានអ្វីគ្រប់យ៉ាងដើម្បីមានសុខភាពល្អ ជាពិសេសសម្រាប់ក្មេងៗជិតពេញវ័យ។ កាលណាកូនៗទទួលបានសារធាតុចិញ្ចឹម ឬវីតាមីនគ្រប់គ្រាន់ កាយសម្បទារឹងមាំ សុខភាពក៏ល្អ និងមានប្រាជ្ញាល្អជាងក្មេងធម្មតា។ វីតាមីនទាំងប៉ុន្មានខាងក្រោម សុទ្ធតែល្អសម្រាប់ក្មេងវ័យជំទង់ ម៉ាក់ប៉ាគួរចាប់ផ្ដើមបន្ថែមក្នុងរបបអាហារប្រចាំកូនៗ។

វីតាមីន A៖ ជួយដល់ភ្នែកមើលច្បាស់ ជួយដល់ការលូតលាស់ទូទៅ សុខភាពស្បែក និងជួសជុលជាលិកាផ្សេងៗ។ យើងអាចរកវាបាននៅក្នុង បន្លែពណ៌ទឹកក្រូច ដូចការ៉ុត ដំឡូងជ្វា ល្ពៅ និងផលិតផលធ្វើពីទឹកដោះគោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីតាមីន B៖ ជួយការផលិតកោសិកាថ្មី និងការរំលាយអាហារ។ ចំពោះវីតាមីនមួយនេះ យើងអាចទទួលបានតាមអាហារដូចជា សាច់ ត្រី ទឹកដោះគោ គ្រាប់ធញ្ញជាតិ ឬស៊ុត។ សម្រាប់ក្មេងៗដែលមិនចូលចិត្តញ៉ាំសាច់ អាចញ៉ាំជាថ្នាំវីតាមីនបំប៉ន វីតាមីនB12 បន្ថែមសម្រាប់រាងកាយក៏បាន។

កាល់ស្យូម៖ ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ រក្សាសរសៃប្រសាទ និងសាច់ដុំដំណើរការបានល្អ និងជួយឲ្យបេះដូងមានសុខភាពល្អ។ ចំពោះកាល់ស្យូម គ្នាយើងដឹងហើយថា វាសម្បូរនៅក្នុងទឹកដោះគោ និងផលិតផលដែលផលិតចេញពីទឹកដោះគោ បន្លែបៃតង សណ្ដែក។ល។

ស័ង្កសី៖ ជួយរាងកាយប្រឆាំងជំងឺ និងទប់ទល់ការឆ្លងមេរោគ។ វាក៏ជួយដល់ការលូតលាស់កោសិកា និងជួយឲ្យស្នាមរបួស ឆាប់ជាសះស្បើយដែរ។ សារធាតុស័ង្កសីនេះសម្បូរជាងគេនៅក្នុងសាច់ពណ៌ក្រមៅ គ្រាប់ធញ្ញជាតិដូចសណ្ដែកដី គ្រាប់Almond និងពពួកសណ្ដែកជាដើម។

វីតាមីនC និងD៖ វីតាមីន C ជួយសំយោគ Collagen ដែលសំខាន់សម្រាប់ធ្មេញ និងជួយដល់ឆ្អឹង ក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ ផ្លែក្រូច ប៉េងបោះ ដំឡូង broccoli។ល។ សុទ្ធតែជាប្រភពសំខាន់របស់វីតាមីនC។ ចំណែកវីតាមីន D ជួយដល់ឆ្អឹង និងរក្សាកម្រិតជាតិកាល់ស្យូមគ្រប់គ្រាន់ ហើយយើងអាចរកវាបាននៅក្នុងប្រេងត្រី ស៊ុត ជាពិសេសគឺទទួលបានពីកម្ដៅថ្ងៃ។

ជាតិដែក៖ ជួយដល់ការផលិតគ្រាប់ឈាមក្រហម និងបង្កើនម៉ាសសាច់ដុំ។ ក្មេងៗវ័យជំទង់ឆ្លងកាត់ការលូតលាស់លឿន និងតម្រូវការជាតិដែកមានកាន់តែច្រើន ជាពិសេសក្មេងស្រីដែលមានវដ្ដរដូវ ងាយប្រឈមនឹងកង្វះជាតិដែក។ ប្រភពរបស់ជាតិដែកគឺពពួកសាច់ ស្ពៃចង្កឹះ និងសណ្ដែក។ល។

អាស៊ីដហ្វូលិក៖ ជួយដល់ប្រព័ន្ធរំលាយអាហារ និងការផលិតកោសិកាថ្មី។ វាចាំបាច់ជួយដល់ការលូតលាស់របស់យើង។ អាស៊ីដហ្វូលិកអាចរកបាននៅក្នុងពពួកគ្រាប់សណ្ដែក ស៊ុត បន្លែបៃតង និងផ្លែឈើ Citrus ជាដើម។

បន្ថែមពីលើនេះ American Academy of Pediatrics បានណែនាំឲ្យក្មេងៗដែលទទួលបានវីតាមីន ឬសារធាតុចិញ្ចឹមនេះមិនគ្រប់គ្រាន់តាមអាហារប្រចាំ អាចបន្ថែមវីតាមីនអស់នេះទៅក្នុងរាងកាយដោយការប្រើវីតាមីនបំប៉ន ដើម្បីទ្រទ្រង់សុខភាពក្នុងវ័យលូតលាស់នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]