រូបរាង​កាយ​សមសួន​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​ គឺជា​បំណង​ប្រាថ្នា​របស់​ស្រី​ៗ​គ្រប់​រូប​។ ប៉ុន្តែ​បើ​យើង​មាន​រូប​រាង​ស្គម​ ស្លេកស្លាំង​ ​​គ្មាន​កម្លាំង​កំហែង​បែប​នេះ​ ​ធ្វើ​ម៉េច​នឹង​អាច​បញ្ចេញ​សម្រស់​ពិត​​របស់​ខ្លួន​បាន​ទៅ?​

ពិត​ណាស់​ មនុស្ស​យើង​ធាត់​ពេក​ក៏​ពិបាក​ ស្គម​ពេក​ក៏​​មិន​ស្រួល​ដែរ​ ពីព្រោះ​ថា​​នៅ​ពេល​ដែល​យើង​ស្គម​ជ្រុល​ ​ផ្ទៃ​មុខ​របស់​យើង​ក៏​មាន​សភាព​ផត​ និង​ឆាប់​​ចាស់​ជាង​វ័យ​ផង​ដែរ​។ មួយ​វិញ​ទៀត​ ការ​ស្គម​ជ្រុល​ក៏​អាច​ប្រឈម​មុខ​នឹង​កត្តា​សុខភាព​ផ្សេងៗ​​ ដូចជា​ជំងឺ​ពុក​ឆ្អឹង​ ​ការ​ឆ្លង​មេរោគ​ ​​​ការ​ពិបាក​មាន​កូន​ ព្រម​ទាំង​កត្តា​​ឆាប់​ស្លាប់​ថែម​ទៀត​ផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យ៉ាងណា​មិញ​ ​បើ​យើង​ចង់​ដឹង​ថា​ ​យើង​មាន​រាងកាយ​ស្គម​ជ្រុល​ឬ​អត់​នោះ​ យើង​អាច​ធ្វើការ​គណនា​បាន​​តាម​សន្ទស្សន៍​ម៉ាស​រាងកាយ​ (BMI)។ ​អ្នក​ស្គម​ជ្រុល​គឺ​មាន​​សន្ទស្សន៍​ម៉ាស​រាងកាយ​ទាប​ជាង​១៨,៥​។ រី​ឯ​អ្នក​ធាត់​ជ្រុល​គឺ​មាន​​សន្ទស្សន៍​ម៉ាស​រាងកាយ​លើស​២៥​ឡើង​ទៅ​។

ធ្វើ​ម៉េច​ទើប​អាច​ឡើង​ទម្ងន់​ដោយ​មាន​សុវត្ថិភាព​ទៅ​?

​​​​​​ពិត​ណាស់​ បើ​ទោះ​បី​ជា​យើង​ចង់​ឡើង​គីឡូ​​ក៏​ដោយ​ ​ក៏​មិន​គួរ​ជ្រើសរើស​អាហារ​​ណា​ដែល​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​​ដែរ​​។ ការ​ញ៉ាំ​អាហារ​ល្អៗ​​​ និង​បែបបទ​នៃ​ការ​រស់នៅ​ត្រឹមត្រូវ​ គឺ​​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។

​​​​​​​​ដូចនេះ​ ដើម្បី​ទទួល​បាន​រាងកាយ​ដ៏​ទាក់​ទាញ​ ស្រីៗ​យើង​គួរ​តែ​អនុវត្ត​វិធីសាស្ត្រ​ខាងក្រោម​នេះ។

១. ញ៉ាំ​កាឡូរី​​ច្រើន​ជាង​អ្វី​ដែល​រាងកាយ​ត្រូវ​ការ

រឿង​ដែល​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ឡើង​គីឡូ​នោះ​ គឺ​ញ៉ាំ​កាឡូរី​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​យើង​ដុត​បំផ្លាញ​។ ប្រសិនបើ​យើង​ចង់​ឡើង​ទម្ងន់​យឺតៗ​ គួរ​ញ៉ាំ​កាឡូរី​​ឲ្យ​បាន​៣០០​ទៅ៥០០​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​ដុត​បំផ្លាញ​ប្រចាំ​ថ្ងៃ​ ឬ​ចំនួន​៧០០ទៅ​១០០០ បើ​យើង​ចង់​ឆាប់​ឡើង​ទម្ងន់​លឿន​។

២. ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​​ឲ្យ​បាន​ច្រើន

ជា​មួយ​គ្នា​នេះ​ដែរ​ អាហារូបត្ថម្ភ​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់​​ដើម្បី​​​​ឲ្យ​ឡើង​ទម្ងន់​នោះ​ គឺ​ប្រូតេអ៊ីន​។ ​សាច់​ដុំ​របស់​យើង​ម្នាក់​ៗ​ កើត​ចេញ​ពី​ជាតិ​ប្រូតេអ៊ីន​នេះ​ឯង​​ បើ​គ្មាន​វា​ទេ​នោះ​ ​កាឡូរី​ដែល​លើស​ ប្រាកដ​ជា​បម្លែង​ខ្លួន​ទៅជា​​​ខ្លាញ់​​នៃ​រាងកាយ​មិន​ខាន​ ​​​ហើយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់់​ មាន​ដូចជា​ត្រី​ សាច់​ ស៊ុត​ និង​ទឹកដោះគោ​ជាដើម​។​

​​៣. ញ៉ាំ​កាបូនអ៊ីដ្រាត​ និង​ខ្លាញ់​ ​ព្រម​ទាំង​អាហារ​៣ពេល​

​ប្រសិនបើ​យើង​ចង់​ឡើង​គីឡូ​​លឿន​​ អាហារ​ដែល​មាន​កាបូនអ៊ីដ្រាត និង​​ជាតិ​ខ្លាញ់​ខ្ពស់​ គឺ​ពិត​ជា​​មិន​អាច​ខ្វះ​បាន​ឡើយ​​នៅ​ក្នុង​អាហារ​ទាំង​បី​ពេល​។ លើស​​ពី​នេះ ​យើង​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​បន្ថែម​​​ដើម្បី​បង្កើន​​ថាមពល​រាងកាយ​ ​ផង​ដែរ​។

៤. លើក​ទម្ងន់​ និង​បង្កើន​កម្លាំង

​​​​​ដើម្បី​ឲ្យ​ប្រាកដ​ថា​ កាឡូរី​ដែល​លើស​នៅ​ក្នុង​ខ្លួន​របស់​យើង​ ​បាន​បញ្ជូន​ទៅ​ក្នុង​សាច់​ដុំ​ ជំនួស​​ឲ្យ​កោសិកា​ខ្លាញ់​របស់​យើង​នោះ​ ការ​ហាត់​ប្រាណ​​ដោយ​លើក​ទម្ងន់​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ​

ចូរ​ព្យាយាម​ទៅ​ក្លឹប​ហាត់​ប្រាណ និង​លើក​ទម្ងន់​ ឲ្យ​បាន​ចាប់​​ពី២ទៅ៤ដង​ក្នុង​មួយ​សប្ដាហ៍​ ​​ដើម្បី​ទទួល​បាន​រូបរាង​កាយ​ដ៏​សមសួន​ និង​ពោរ​ពេញ​ទៅ​ដោយ​ថាមពល​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]