ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រាគ្រុប បាននាំទឹកប្រាក់ចំនួន ១លានដុល្លារ យកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចរាល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ាបានយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែម្ដង។ នេះជាកាយវិការសប្បុរសដ៏ធំធេង ដែលមិនអាចបំភ្លេចបានក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ តែងតែជួយដល់សង្គមជាតិជានិច្ច។
សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះលោកឧកញ៉ាទើបតែបានបរិច្ចាគថវិកាចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ៥០តោន ចូលរួមជាមួយសម្ដេចតេជោ សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។
ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេមើលឃើញថា បានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ បន្ទាប់មកទើបគេឃើញមានលោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនរូបផ្សេងទៀតបានចូលរួមបរិច្ចាគជាបន្តបន្ទាប់។
ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង ត្រូវបានគេមើលឃើញថា ពិតជាមានទំហំធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនយើងដ៏រឹងមាំ។
ហើយបើផ្អែកតាមផេកសម្ដេចតេជោ គិតមកដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ ថវិកាដែលសប្បុរសជនបានចូលរួមតាមសទ្ធាជ្រះថ្លាមានប្រមាណជាជាង៣៦លានដុល្លារ។
សូមបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃជាជំហានដំបូង គឺមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]