ពេលខ្លះអ្នកជំងឺរលាកសន្លាក់យល់ឃើញថា ការធ្វើលំហាត់ប្រាណនឹងធ្វើឲ្យជំងឺរបស់ពួកគាត់កាន់តែធ្ងន់ធ្ងរលើសដើម។ ប៉ុន្តែមិនដូច្នោះឡើយ លំហាត់ប្រាណមានសារៈសំខាន់ណាស់ ពីព្រោះវាជួយបង្កើនកម្លាំងថាមពល និងភាពពត់ពែន ក៏ដូចជាកាត់បន្ថយនូវការឈឺចាប់ ព្រមទាំងប្រឆាំងនឹងភាពអស់កម្លាំងផងដែរ។
ពិតណាស់ នៅពេលដែលយើងមានអារម្មណ៍ឈឺចាប់ និងស្ពឹកស្រពន់នៅត្រង់សន្លាក់ឆ្អឹង យើងប្រហែលជាគ្មានអារម្មណ៍ដើរកាត់ប្រាណ ឬហែលទឹកទៀតនោះទេ។យ៉ាងណាមិញ យើងមិនចាំបាច់ប្រឹងប្រែងហាត់ប្រាណឲ្យហួសពីសមត្ថភាពឡើយ លំហាត់ប្រាណងាយៗ បែបសាមញ្ញៗ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល ព្រមទាំងអាចរក្សាទម្ងន់ខ្លួនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.តើការហាត់ប្រាណមានគុណប្រយោជន៍អ្វីខ្លះ?
ជាក់ស្ដែង ការហាត់ប្រាណជួយពង្រឹងសុខភាព និងធ្វើឲ្យរាងកាយរបស់យើងមានភាពសមសួន ដោយពុំមានការឈឺចាប់នៅត្រង់សន្លាក់ឆ្អឹងឡើយ។ លើសពីនេះ វាក៏ជួយគ្រប់គ្រងទម្ងន់ បង្កើនតុល្យភាពរាងកាយ ធ្វើឲ្យឆ្អឹង និងសាច់ដុំនៅត្រង់សន្លាក់មានភាពរឹងមាំ ក៏ដូចជាធ្វើឲ្យយើងគេងលក់ស្រួលផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនសូវហាត់ប្រាណទេនោះ វានឹងធ្វើឲ្យសន្លាក់ឆ្អឹងរបស់យើងកាន់តែឈឺចាប់ និងស្ពឹកជាងមុនថែមទៀត។
២.លំហាត់ប្រាណស័ក្ដិសមអ្នកជំងឺរលាកសន្លាក់
ដូចដែលយើងបានដឹងស្រាប់ហើយថា លំហាត់ប្រាណមានច្រើនប្រភេទណាស់ ហើយលំហាត់ប្រាណនីមួយៗសុទ្ធសឹងតែមានគុណប្រយោជន៍ផ្សេងៗពីគ្នា។ ចំណែកឯលំហាត់ប្រាណសម្រាប់អ្នកជំងឺរលាកសន្លាក់ ក៏អាស្រ័យទៅលើប្រភេទនៃជំងឺរលាកសន្លាក់របស់យើងផងដែរ។
ជាទូទៅ លំហាត់ប្រាណសម្រាប់អ្នកជំងឺរលាកសន្លាក់មានដូចជា លំហាត់ប្រាណបែបចលនា (ពត់ខ្លួនប្រាណ លើកដៃ បង្វិលស្មាចុះឡើង…) លំហាត់ប្រាណពង្រឹងកម្លាំង (លើកទម្ងន់ …) លំហាត់ប្រាណអារ៉ូប៊ិក (ជិះកង់ ដើរ រាំ….) ជាដើម។
ប្រសិនបើយើងចង់ទទួលបានអត្ថប្រយោជន៍ដ៏លើសលប់ពីការហាត់ប្រាណ យើងគួរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន ដើម្បីស្វែងរកប្រភេទលំហាត់ប្រាណណាមួយ ដែលស័ក្ដិសមបំផុតជាមួយនឹងសន្លាក់ឆ្អឹងរបស់យើង។
៣.តិចនិកការពារសន្លាក់ឆ្អឹងពេលចាប់ផ្ដើមលំហាត់ប្រាណដំបូង
សម្រាប់អ្នកដែលមិនសូវហាត់ប្រាណពីមុនសោះ គួរចាប់ផ្តើមធ្វើលំហាត់ប្រាណយឺតៗ មួយៗ ដើម្បីកុំឲ្យមានការឈឺចាប់ដល់សន្លាក់ឆ្អឹង។ យើងគួរធ្វើលំហាត់ប្រាណណាដែលមានផលប៉ះពាល់ទាបបំផុត ដូចជាការប្រើម៉ាស៊ីនធាក់ ឬហាត់ប្រាណនៅក្នុងទឹក ដើម្បីរក្សាកម្លាំងសង្កត់លើសន្លាក់ឆ្អឹងឲ្យនៅទាប នៅពេលធ្វើចលនា។
ជាមួយគ្នានេះដែរ យើងក៏អាចប្រើកន្សែងក្តៅឧណ្ហៗ ឬងូតទឹកក្តៅល្មមជាមុនសិន មុននឹងចាប់ផ្តើមលំហាត់ប្រាណ ឬស្អំទឹកកកនៅត្រង់សន្លាក់ឆ្អឹងឲ្យបានប្រហែល២០នាទី បន្ទាប់ពីហាត់ប្រាណរួច។ ជាពិសេស សូមកុំភ្លេចកម្ដៅសាច់ដុំដោយធ្វើចលនាយឺតៗ និងថ្នមៗរយៈពេលប្រហែល៥ទៅ១០នាទី មុននឹងចាប់ផ្ដើមលំហាត់ប្រាណប្រភេទណាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]