អាមេរិក៖ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech នៅថ្ងៃចន្ទនេះ បន្ទាប់ពីថ្នាំនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។

លោកឧត្តមសេនីយ៍ Gustave Perna ដែលជាអ្នកត្រួតពិនិត្យការចែកចាយវ៉ាក់សាំង បានថ្លែងថាវ៉ាក់សាំងចំនួន៣លានដូសដំបូងនឹងត្រូវបញ្ជូនទៅគ្រប់រដ្ឋទាំងអស់ នៅចុងសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ាក់សាំងនេះផ្តល់នូវការការពាររហូតដល់៩៥%ប្រឆាំងនឹង Covid-19 ហើយត្រូវបានចាត់ទុកថា មានសុវត្ថិភាពដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ។ ការស្លាប់ដោយសារជំងឺ Coronavirus បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីខែវិច្ឆិកានៅក្នុងសហរដ្ឋអាមេរិក។

រថយន្តដឹកវ៉ាកសាំងនៅឯរោងចក្រផលិតរបស់ Pfizer នៅទីក្រុង Portage,  Michigan ថ្ងៃសៅរ៍ទី ១២ ខែធ្នូ ឆ្នាំ ២០២០  (ប្រភព៖​ AP Photo)

ការអនុញ្ញាតឱ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ជាបន្ទាន់កាលពីថ្ងៃសុក្រនេះ FDA បានរងសម្ពាធយ៉ាងខ្លាំងពីរដ្ឋបាលលោក Trump ដែលបាននិយាយថាការសំរេចឱ្យប្រើវ៉ាក់សាំងនេះគឺជា "ព្រឹត្តិការណ៍សំខាន់" មួយ ក្នុងខណៈពេលដែលកំពុងមានការរាតត្បាត។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ៍ Perna ថ្លែងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលអាមេរិកថា ដូសនៃវ៉ាក់សាំងនឹងត្រូវដាក់ចូលទៅក្នុងកុងតឺន័រដឹកជញ្ជូន សម្រាប់ដឹកជញ្ជូនក្នុងរយៈពេល២៤ម៉ោងបន្ទាប់។

លោកបានមានប្រសាសន៍ថា ១៤៥កន្លែងនៅទូទាំងរដ្ឋទាំងអស់ នឹងទទួលបានវ៉ាក់សាំងនៅថ្ងៃចន្ទ ចំណែក៤២៥កន្លែងផ្សេងទៀតនៅថ្ងៃអង្គារ និង៦៦ទីតាំងចុងក្រោយគឺនៅថ្ងៃពុធ។ លោកបានបន្ថែមថា ការចែកចាយនៅសប្តាហ៍ក្រោយនឹងបញ្ចប់ការផ្តល់វ៉ាក់សាំង Pfizer និង BioNTech វគ្គដំបូង សម្រាប់មនុស្សប្រហែលបីលាននាក់។

លោកឧត្តមសេនីយ៍ Gustave Perna

ទោះយ៉ាងណាលោកបានព្រមានថា ទោះបីជាមានការរីកចម្រើនក្នុងមួយសប្តាហ៍នេះក៏ដោយក៏ យើងមិនបញ្ឃប់ទេ ទាល់តែជនជាតិអាមេរិកទាំងអស់ទទួលបានវ៉ាក់សាំងគ្រប់គ្នា។

វ៉ាក់សាំងក្រុមហ៊ុន Pfizer បានទទួលការយល់ព្រមពីបទប្បញ្ញត្តិរួចហើយនៅក្នុងចក្រភពអង់គ្លេស កាណាដា បារ៉ែន និងអារ៉ាប់ប៊ីសាអូឌីត។ ដូចប្រទេសទាំងនោះដែរ អាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល និងអ្នកស្នាក់នៅតាមកន្លែងថែទាំមុនគេ សម្រាប់ការចាក់ដូសដំបូង។

ចំណែកប្រជាជនអាមេរិកដែលនៅក្រៅក្រុមដែលមានអាទិភាពខ្ពស់ ទំនងជានឹងអាចទទួលវ៉ាក់សាំងនេះនៅក្នុងខែមករា ហើយនឹងរំពឹងថាមានការចាក់វ៉ាក់សាំងជាទូទៅ នៅខែមេសា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]