ជាទូទៅ ទឹកនោមមានពណ៌លឿងស្រាល ដោយសារតែជាតិពណ៌ម្យ៉ាងឈ្មោះថា Urochrome ហើយពណ៌ទឹកនោមធម្មតាគឺមានភាពខុសៗគ្នាចំពោះមនុស្សម្នាក់ៗ អាស្រ័យលើបរិមាណនៃទឹកដែលយើងញ៉ាំ។
ជាមួយគ្នានេះដែរ ជាតិពណ៌ និងសមាសធាតុផ្សំដទៃទៀតនៅក្នុងអាហារ ព្រមទាំងថ្នាំ ក៏អាចផ្លាស់ប្តូរពណ៌ទឹកនោមរបស់យើងឲ្យទៅជាពណ៌ផ្សេងបានផងដែរ។ យ៉ាងណាមិញ ប្រសិនបើទឹកនោមមានពណ៌ខុសប្រក្រតី វាអាចបង្ហាញពីសញ្ញានៃជំងឺមួយចំនួនដែលយើងមិនធ្លាប់ដឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ពណ៌លឿងចាស់
ទឹកនោមផ្ទុកទៅដោយទឹក និងកាកសំណល់ ដែលតម្រងនោមយើងបានច្រោះចេញពីឈាម។ ប្រសិនបើទឹកនោមមានពណ៌លឿងចាស់ វាអាចបង្ហាញថា យើងញ៉ាំទឹកមិនគ្រប់គ្រាន់ និងមានកាកសំណល់ច្រើនជាងធម្មតា។
២. ពណ៌ក្រហម
ទឹកនោមពណ៌ក្រហម អាចប្រែប្រួលពីពណ៌ផ្កាឈូកទៅជាពណ៌ក្រហមចាស់។ យើងអាចដឹងបានថាយើងមានរោគសញ្ញានោមឈាមឬអត់នោះ តាមរយៈការធ្វើតេស្តដ៏សាមញ្ញមួយ។ តាមពិតទៅ ទឹកនោមក៏អាចប្តូរទៅជាពណ៌ក្រហមដែរ នៅពេលដែលវាមានផ្ទុកមីយ៉ូក្លូប៊ីន (Myoglobin) ដែលជាប្រភេទប្រូតេអ៊ីនភ្ជាប់អុកស៊ីសែននៅក្នុងកោសិកាសាច់ដុំ។
មួយវិញទៀត វាអាចជាសញ្ញាបញ្ជាក់អំពីបញ្ហាមួយចំនួន ដែលប៉ះពាល់ដល់ប្រព័ន្ធទឹកនោមផងដែរ ដូចជាគ្រួសតម្រងនោម ការឆ្លងមេរោគនៅប្លោកនោម ឬមហារីកប្លោកនោមជាដើម។ ដូចគ្នានេះដែរ ការធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ ក៏អាចបណ្ដាលឲ្យទឹកនោមមានពណ៌ក្រហមផងដែរ ដោយសារតែកោសិកាសាច់ដុំបាក់បែក ហើយបញ្ចេញនូវមីយ៉ូក្លូប៊ីនក្នុងបរិមាណសមល្មមមួយ។ កត្តាជំងឺស្លេកស្លាំង និងជំងឺតាឡាសេមៀ ក៏អាចបង្កទៅជារោគនោមឈាមដូចគ្នាដែរ។
៣. ពណ៌ត្នោត ឬខ្មៅ
នៅពេលខ្លះ សារធាតុប៊ីលីរូប៊ីនក្នុងទឹកប្រម៉ាត់បង្កឡើងនៅក្នុងឈាម ពីព្រោះតែជំងឺថ្លើម ដូចជាជំងឺរលាកថ្លើម រោគក្រិនថ្លើម ឬដុំសាច់ជាដើម។ នៅក្នុងករណីដែលប៊ីលីរូប៊ីនក្នុងទឹកប្រម៉ាត់នេះ ជ្រាបចូលទៅក្នុងទឹកនោម វានឹងធ្វើឲ្យទឹកនោមមានពណ៌ត្នោត។ រីឯជំងឺមហារីកស្បែកដ៏គ្រោះថ្នាក់មួយប្រភេទ ឈ្មោះថាមេឡាណូមា ក៏អាចធ្វើឲ្យទឹកនោមមានពណ៌ត្នោតផងដែរ។
៤. ពណ៌ទឹកក្រូច
ការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចធ្វើឲ្យទឹកនោមប្រែទៅជាពណ៌ទឹកក្រូចផងដែរ ដូចជា Isoniazid, ថ្នាំព្យាបាលជំងឺរបេង ថ្នាំa B vitamin និង Pyridium ជាដើម។ ដូចគ្នាដែរការញ៉ាំការ៉ុត និងទឹកការ៉ុតនៅក្នុងបរិមាណច្រើន ក៏ជាហេតុធ្វើឲ្យទឹកនោមយើងមានពណ៌ទឹកក្រូចដូចគ្នា។
៥. ពណ៌ខៀវ
មេតធីលីនពណ៌ខៀវ (Methylene blue ) ដែលជាថ្នាំជ្រលក់ពណ៌ សម្រាប់ប្រើនៅក្នុងតេស្តវិនិច្ឆ័យផ្សេងៗ ក៏អាចធ្វើឲ្យទឹកនោមប្រែទៅជាពណ៌ខៀវបានដែរ។ពេលខ្លះ វាត្រូវបានរកឃើញនៅក្នុងថ្នាំពេទ្យ និងគ្រឿងផ្សំបែបបុរាណថែមទៀតផង។
៦.ពណ៌ទឹកដោះគោ
ពេលខ្លះ ការឆ្លងមេរោគលើផ្លូវបង្ហួរទឹកនោម ក៏អាចធ្វើឲ្យទឹកនោមប្រែទៅជាពណ៌ទឹកដោះគោបានដែរ ពីព្រោះមេរោគធ្វើឲ្យមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ដែលបណ្ដាលឲ្យមានការបញ្ចេញកោសិកាឈាមសច្រើន។ មូលហេតុផ្សេងទៀត ដែលធ្វើឲ្យទឹកនោមក្លាយជាពណ៌ទឹកដោះគោ រួមមានអាស៊ីតអ៊ុយរិកជាប្រភេទគ្រីស្តាល់ ដែលមាននៅក្នុងអាហារដែលសម្បូរទៅដោយជាតិផូរីន ដូចជាប្រភេទសាច់គោ សាច់ជ្រូកជាដើម។
៧. ពណ៌បៃតង
ប្រសិនបើសារធាតុពណ៌ខៀវ ចូលទៅក្នុងទឹកនោម វាអាចនឹងធ្វើឲ្យទឹកនោមប្រែទៅជាពណ៌បៃតង ដោយសារតែការរលាយបញ្ចូលគ្នារវាងសារធាតុពណ៌ខៀវ និងយូរុច្រូមពណ៌លឿង។ ជាមួយគ្នានេះដែរ ថ្នាំមួយចំនួនដូចជាថ្នាំក្រពះ (Tagamet) និងថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត (Elavil) ក៏ធ្វើឲ្យទឹកនោមប្រែទៅជាពណ៌បៃតងបានដែរ។ លើសពីនេះ វាក៏អាចជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហួរទឹកនោម ឬការបង្ករោគដោយបាក់តេរី ដែលបានជ្រាបចូលទៅក្នុងឈាមរបស់យើងផងដែរ។
៨. ពណ៌ស្វាយ
ពណ៌ស្វាយ គឺជាពណ៌ទឹកនោមតែមួយគត់ ដែលមានកើតចេញពីរោគសញ្ញាថង់ទឹកនោមពណ៌ស្វាយ ។ វាកើតឡើងចំពោះអ្នកដែលដាក់សុងទឹកនោម។ នៅពេលដែលបាក់តេរីប្រមូលម្ដុំនៅថង់សុងទឹកនោម ឬធាតុទាំងពីរនេះផលិតនូវសារធាតុអ៊ីនឌីរ៉ូប៊ីន (indirubin ) វានឹងធ្វើឲ្យទឹកនោមប្រែទៅជាពណ៌ស្វាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]