ទោះបីជាយើងគិតថា អាលែកហ្ស៊ី គឺជារឿងតូចតាចក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កជាបញ្ហាទៅលើការរៀនសូត្ររបស់ក្មេង រាំងស្ទះដល់ផលិតភាពរបស់មនុស្សពេញវ័យ ក៏ដូចជាបណ្ដាលឲ្យមានការឆ្លងមេរោគធ្ងន់ធ្ងរផងដែរ។ ពិតណាស់ អាលែកហ្ស៊ី អាចរារាំងដល់គុណភាពជីវិតរបស់យើង មិនថាយើងស្ថិតនៅក្នុងវ័យណានោះទេ។ ប្រសិនបើមិនមានការព្យាបាលទេនោះ អាលែកហ្ស៊ីប្រាកដជាធ្វើឲ្យជីវិតរបស់យើងរស់នៅមិនមានភាពពេញលេញនោះទេ ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងរបស់យើងនៅក្នុងសង្គមប៉ុណ្ណោះទេ វាក៏បង្អាក់ដល់ការអភិវឌ្ឍរបស់ក្មេងថែមទៀតផង។
យ៉ាងណាមិញ ប្រសិនបើយើងមិនព្យាបាលអាលែកហ្ស៊ីឲ្យបានទាន់ពេលវេលាទេនោះ ជីវិតរបស់យើងអាចនឹងប្រឈមនឹងបញ្ហាជាច្រើនដូចខាងក្រោមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ធ្វើឲ្យយើងនឿយហត់អស់កម្លាំង
នៅពេលដែលយើងផ្ដាសាយ ហៀរសំបោរ ឬរមាស់ភ្នែកស្ទើរតែពេញមួយថ្ងៃមនោះ យើងប្រាកដជានឿយហត់អស់កម្លាំងជាក់ជាមិនខាន។ បន្ថែមពីនេះ ប្រតិកម្មអាលែកហ្ស៊ី ក៏អាចបណ្ដាលឲ្យយើងមានការពិបាកក្នុងការគេងផងដែរ ដែលកត្តានេះនឹងជះឥទ្ធិពលដល់ផលិតភាព ការផ្ដោតអារម្មណ៍ និងការចងចាំទាំងចំពោះមនុស្សពេញវ័យ និងកូនក្មេង។
២. ជះឥទ្ធិពលដល់ផ្លូវអារម្មណ៍យ៉ាងធ្ងន់ធ្ងរ
អាការៈអាលែកហ្ស៊ីក៏អាចធ្វើឲ្យយើងមានអារម្មណ៍មួម៉ៅ ក៏ដូចជាតប់ប្រមល់ផងដែរ។ នៅពេលដែលយើងមិនស្រួលខ្លួន ហើយត្រូវសម្រាកនៅផ្ទះ ព្រមទាំងផ្ដាសាយមិនឈប់ទៀតនោះ យើងប្រាកដជាមិនសប្បាយចិត្តឡើយ។ លើសពីនេះ វាក៏អាចធ្វើឲ្យយើងប្រឈមនឹងជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួនថែមទៀតផង។ តាមរយៈការសិក្សាមួយ បានបង្ហាញថា នៅពេលដែលយើងមានប្រតិកម្មអាលែកហ្ស៊ី រាងកាយរបស់យើងនឹងបញ្ចេញសារធាតុរលាក ស៊ីតូគីន (Cytokines) ដែលសារធាតុនេះមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងការវិវត្តទៅរកជំងឺបាក់ទឹកចិត្ត។
៣. ប៉ះពាល់ដល់ការបំពេញការងារ
សាកស្រមៃទៅមើលថា នៅពេលដែលយើងផ្ដាសាយ ហៀរសំបោរ និងចេញទឹកភ្នែកមិនឈប់ តើយើងអាចផ្តោតអារម្មណ៍ទៅលើការងារបានដែរឬទេ? លើសពីនេះ អាការៈដែលយើងគិតថាជារឿងតូចតាច ក៏អាចធ្វើឲ្យយើងឈប់សម្រាកពីការងារផងដែរ។
៤. រាំងស្ទះដល់ការលូតលាស់របស់ក្មេង
ខណៈដែលមនុស្សពេញវ័យ ជួបប្រទះបញ្ហាជាមួយនឹងផលិតភាព ព្រមទាំងការផ្ដោតអារម្មណ៍ កុមារតូចៗដែលមានបញ្ហាអាលែកហ្ស៊ី ក៏អាចប្រឈមមុខទៅនឹងការលូតលាស់ខ្សោយផងដែរ។ ជាទូទៅ អាលែកហ្ស៊ីពាក់ព័ន្ធទៅនឹងច្រមុះ ក្រពេញអាមីដាល់ (Tonsil) និងក្រពេញ Adenoid ដែលអាចបង្កឲ្យមានការដកដង្ហើមតាមមាត់ និងស្រមុក ព្រមទាំងបណ្ដាលឲ្យរាំងស្ទះដល់ការលូតលាស់ធ្មេញ និងផ្ទៃមុខថែមទៀតផង។ ជាងនេះទៅទៀត អាលែកហ្ស៊ីក៏អាចបណ្ដាលឲ្យមានបញ្ហាត្រចៀករ៉ាំរ៉ៃផងដែរ ប្រសិនបើប្រតិកម្មអាលែកហ្ស៊ី ទើបត្រូវបានធ្វើរោគវិនិច្ឆ័យ ឬព្យាបាលលើកុមារក្រោយអាយុ៧ឆ្នាំ។
៥. ខាតពេលរៀនសូត្រ
អ្វីដែលកាន់តែអាក្រក់ជាងនេះទៀត សម្រាប់កុមារដែលមានបញ្ហាអាលែកហ្ស៊ីច្រមុះ អាចវិវត្តទៅជាជំងឺភ្នែកក្រហមនិងរលាកស៊ីនុសក្នុងច្រមុះ ថែមទៀតផង។ មូលហេតុទាំងនេះហើយដែលធ្វើឲ្យក្មេងខកខានក្នុងរៀនសូត្រ និងពេលវេលាលេងកំសាន្ត។ បញ្ហានេះ ក៏មានផលប៉ះពាល់រយៈពេលវែង ដល់ការអភិវឌ្ឍនៅក្នុងសង្គម និងរាងកាយរបស់កុមារផងដែរ។
ជាមួយនឹងការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនៃអាលែកហ្ស៊ីផ្លូវដង្ហើម យើង និងគ្រួសារអាចរស់នៅជាមួយនឹងជីវិតប្រកបដោយផលិតភាព និងគ្មានការរំខានឡើយ។ ជំហានដំបូងនោះ គឺការស្វែងយល់ឲ្យច្បាស់លាស់ ថាតើអាលែកហ្ស៊ីនេះមានរយៈពេលច្រើនឆ្នាំ ឬក៏តាមរដូវកាល។ នៅក្នុងករណីដែលវាគឺជាអាលែកហ្ស៊ីតាមរដូវកាល ការប្រុងប្រយ័ត្នជាក់លាក់ក្នុងរដូវកាលនោះ អាចជួយយើងក្នុងការកាត់បន្ថយពីការវាយប្រហារដោយប្រតិកម្មអាលែកហ្ស៊ីបាន។ ប៉ុន្តែ ប្រសិនបើយើងមានអាលែកហ្ស៊ីច្រើនឆ្នាំវិញនោះ យើងត្រូវថែទាំខ្លួនដោយការប្រើប្រាស់ពពួកថ្នាំប្រឆំាងអីសស្តាមីនតាមការណែនាំរបស់គ្រូពេទ្យ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]