មាត់ស្ងួតខ្លាំង ក្រោយពេលភ្ញាក់ពីគេង អាចបណ្ដាលមកពីមូលហេតុជាច្រើន។ ជាទូទៅ អាការៈស្ងួតមាត់នេះ កើតឡើងនៅពេលដែលយើងមានទឹកមាត់មិនគ្រប់គ្រាន់ ឬចេញទឹកមាត់តិចតួច (Hyposalivation) ដែលធ្វើឲ្យយើងពិបាកនិយាយ ឬលេបទឹកមាត់។ នៅក្នុងករណីដែលបញ្ហានេះកើតឡើងជាប្រចាំ យើងចាំបាច់ត្រូវស្វែងយល់អំពីមូលហេតុបង្កឲ្យបានច្បាស់លាស់ និងរកវិធីសាស្ត្រដោះស្រាយឲ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ មូលហេតុទាំង៦ខាងក្រោមនេះ ក៏អាចនាំឲ្យយើងមានអាការៈស្ងួតមាត់ផងដែរ។
១. ប្រើប្រាស់ថ្នាំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្នាំមួយចំនួន ដែលយើងកំពុងតែប្រើប្រាស់ ក៏អាចបង្កឲ្យមានអាការៈស្ងួតមាត់នេះដែរ ដូចជាថ្នាំប្រឆាំងនឹងការថប់បារម្ភ ធ្លាក់ទឹកចិត្ត ឬថ្នាំបន្ថយការឈឺចាប់ជាដើម។ ប្រសិនបើយើងតែងតែជួបនឹងបញ្ហានេះ បន្ទាប់ពីយើងចាប់ផ្ដើមប្រើប្រាស់ថ្នាំថ្មីៗ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
២. ដកដង្ហើមតាមមាត់
ជាមួយគ្នានេះដែរ ប្រសិនបើយើងដកដង្ហើមតាមមាត់ ជាពិសេសនៅពេលដែលយើងគេងលក់ វាក៏អាចនាំឲ្យយើងមានទឹកមាត់តិចតួចដែរ។ ដូចនេះ យើងគួរតែព្យាយាមផ្លាស់ប្ដូរទម្លាប់នេះ ឬស្វែងរកមូលហេតុដែលធ្វើឲ្យយើងតែងតែដកដង្ហើមតាមមាត់។ បន្ថែមពីនេះ យើងក៏អាចភ្ញាក់ពីគេង ជាមួយនឹងអាការៈស្ងួតមាត់ខ្លាំងផងដែរ ប្រសិនបើយើងមានទម្លាប់គេងស្រមុក។
៣. ជក់បារី ឬផឹកស្រា
ការជក់បារី មិនត្រឹមតែប៉ះពាល់ដល់ដំណើរការនៃសួតប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយនូវការផលិតទឹកមាត់ផងដែរ ដែលជាហេតុបណ្ដាលឲ្យស្ងួតមាត់។ តាមការសិក្សាមួយ បានបង្ហាញថា អ្នកដែលជក់បារីចំនួន៣៩% គឺតែងតែកើតមានបញ្ហាស្ងួតមាត់នេះ។ មួយវិញទៀត ជាតិអាកុលនឹងធ្វើឲ្យយើងខ្សោះជាតិទឹក ព្រមទាំងស្ងួតមាត់ជាប្រចាំ។
៤. ជំងឺទឹកនោមផ្អែម
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏អាចមានអាការៈស្ងួតមាត់នេះដែរ ដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឬមកពីថ្នាំដែលយើងប្រើប្រាស់សម្រាប់ទប់ទល់នឹងជំងឺមួយប្រភេទនេះ។ ហេតុនេះហើយ ចូរគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ និងទៅពិនិត្យសុខភាពឲ្យបានទៀងទាត់។
៥. កង្វះជាតិទឹក
នៅពេលដែលយើងញ៉ាំទឹកមិនគ្រប់គ្រាន់ រាងកាយ ក៏ដូចជាមាត់របស់យើងនឹងខ្វះជាតិទឹក។ ដូច្នេះហើយ ចូរញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ។
៦. ជំងឺបាត់ការចងចាំមនុស្សចាស់ (Alzheimer’s disease)
ជំងឺបាត់ការចងចាំមនុស្សចាស់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដល់ជាតិទឹកដល់ខ្លួនឯង ឬការទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងទៀត ដោយសារតែយើងត្រូវការញ៉ាំទឹកជាប់ជានិច្ច។ កត្តានេះ នឹងនាំឲ្យយើងខ្វះជាតិទឹក ក៏ដូចជាបង្កឲ្យមានអាការៈស្ងួតមាត់នៅពេលព្រឹកផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]