នៅ​ពេល​​ស្រីៗ​យើង​មាន​​រាង​ស្រលូន​ស្អាត​ ​ទោះ​ជា​ស្លៀកពាក់​អ្វី​ក៏​មាន​ភាព​ស័ក្ដិសម​ និង​មើល​ទៅ​​លេចធ្លោ​​ដែរ​។ ​​ប៉ុន្តែ​ ​ប្រសិន​បើ​យើង​មាន​ក្បាល​ពោះ​លយ​ចេញ​ក្រៅ​​វិញ​នោះ​ យើង​ច្បាស់​ជា​មាន​អារម្មណ៍​អៀន​ខ្មាញ​ មិន​ហ៊ាន​សូម្បី​តែ​ស្លៀក​ខោ​រឹបរាង​នោះ​ទេ​។ ពិត​ណាស់​ ​​ការ​ដុះ​ក្បាល​ពោះ​ ​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​សម្រស់​របស់​យើង​ធ្លាក់​ចុះ​នោះ​ទេ​ វា​ក៏​បន្ថែម​ហានិភ័យ​សុខភាព​ជាច្រើន​ថែម​ទៀត​ផ​ង​។​ ​ខ្លាញ់​ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​បរិវេណ​នេះ​ នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ និង​ជំងឺ​បេះដូង​ជាដើម​។​ ​ហេតុនេះ​ហើយ​ ដើម្បី​កាត់​បន្ថយ​នូវ​ខ្លាញ់​ក្បាល​ពោះ​ ​និង​ចៀស​វាង​ពី​ជំងឺ​ផ្សេង​ៗ​ យើង​គួរ​ចាប់ផ្ដើម​តិចនិក​ងាយ​ៗ​ទាំង​៥​ខាងក្រោម​នេះ។​

១. ​អាហារ​​សរសៃ​រលាយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យើង​ដឹង​ហើយ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ គឺ​មាន​សារសំខាន់​សម្រាប់​ការ​បន្ទោបង់​​ ​ក៏​ដូចជា​ជួយសម្រួល​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។​ តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ ទោះបី​ជា​យើង​ញ៉ាំ​តិចតួច​ក៏​ដោយ​។

២. ​តែ​បៃតង

​​​តែ​បៃតង​ត្រូវ​​បាន​ស្គាល់​ថា​ ជា​អ្នក​ជំនាញ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​​យ៉ាង​ល្អ​។​ វា​មាន​ផ្ទុក​នូវ​ជាតិ​កាហ្វេអ៊ីន​ និង​សារធាតុ Antioxidant Apigallocatechin gallate (EGCG) ដែល​ជួយ​​ជំរុញ​ការ​ធ្វើ​មេតាប៉ូលិស​ ​និង​​​បង្កើន​ការ​ស្រក​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​​​បាន​ផង​ដែរ​​។

៣. ជាតិ​ប្រូតេអ៊ីន​

ជាមួយ​​គ្នា​នេះ​ដែរ​ ​ការ​ញ៉ាំ​ប្រូតេអ៊ីន​មិន​ត្រឹម​តែ​មាន​សារៈសំខាន់​ ក្នុង​ការ​​បង្កើត​ម៉ាស​សាច់ដុំ​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​​សមាសធាតុ​ចាំបាច់​បំផុត​នៃ​របប​អាហារ​របស់​យើង​ផង​ដែរ​។ ​តាម​រយៈ​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ ប្រូតេអ៊ីន​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​រហូត​ដល់​៦០%​ និង​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស​​ បាន​៨០ ដល់​១០០​កាឡូរី​​នៅ​ក្នុង​មួយ​ថ្ងៃ​ថែម​ទៀត​ផង​។​​ បន្ថែម​ពី​នេះ​ ​ប្រូតេអ៊ីន​ក៏​អាច​​កាត់​បន្ថយ​​ជាតិ​ខ្លាញ់​នៅ​ត្រង់​ពោះ​សម្រាប់​មនុស្ស​ស្រី​ផង​ដែរ​។

៤. កាត់​បន្ថយ​ស្រ្តេស

​​ស្រ្តេស​ អាច​ធ្វើ​ឲ្យ​​យើង​មាន​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​កាន់​តែ​ច្រើន​ឡើង​ ដោយ​ការ​ផលិត​អ័រម៉ូន​ Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​នៅ​ពេល​ដែល​យើង​មាន​កម្រិត​អ័រម៉ូន​ Cortisol​ខ្ពស់​នៅ​ក្នុង​រាងកាយ​ ​វា​នឹង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាន់​តែ​ច្រើន​ ព្រម​ទាំង​បង្កើន​នូវ​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​នៅ​ត្រង់​បរិវេណ​ពោះ​។ ដូច្នេះ​ហើយ​ យើង​គួរ​​កាត់​បន្ថយ​នូវ​បញ្ហា​ស្រ្តេស​ ​ប្រសិន​ជា​យើង​មិន​ចង់​​​ដុះ​​ក្បាល​ពោះ​​កាន់​តែ​ធំ​ជាង​មុន​​ទេ​នោះ​។

៥. ​កាត់​បន្ថយ​​ការ​ញ៉ាំ​អាហារ​​មាន​ជាតិ​​កាបូអ៊ីដ្រាត​

ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​​កាបូអ៊ីដ្រាត​ច្រើន​ពេក​ គឺ​មិន​ល្អ​ចំពោះ​រាងកាយ​របស់​យើង​ឡើយ​​ ហើយ​ចំណែក​ដែល​លើស​របស់​កាបូអ៊ីដ្រាត​ នឹង​​ធ្វើ​ឲ្យ​កកកុញ​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​បង្កើត​បាន​ជា​ខ្លាញ់​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ ​ការ​កាត់​បន្ថយ​​ជាតិ​កាបូអ៊ីដ្រាត​​នេះ​ នឹង​​អាច​ធ្វើ​ឲ្យ​យើង​ស្រក​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។​ 

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]