ពិតណាស់ ស្បែកគឺជាសរីរាង្គដ៏ធំបំផុត ដែលបង្កើតបានជារាងកាយរបស់មនុស្សយើង ព្រមទាំងគ្របដណ្ដប់ផ្នែកខាងក្រៅទាំងមូលនៃរាងកាយ។ ជាមួយគ្នានេះដែរ ស្បែកមនុស្សយើងដើរតួនាទីជារនាំងការពារប្រឆាំងនឹងអ្វីគ្រប់យ៉ាងពីខាងក្រៅ រួមទាំងភ្លើង កម្ដៅ ជំងឺ និងរបួសផ្សេងៗជាដើម។
បន្ថែមពីនេះ ស្បែកក៏មានមុខងារជាទែម៉ូស្ដាត ដែលប្រមូលទិន្នន័យពីបរិស្ថានខាងក្រៅដើម្បីធ្វើការកំណត់សីតុណ្ហភាពនៅក្នុងរាងកាយផងដែរ។ ពិសេសជាងនេះទៅទៀត ស្បែកក៏អាចប្រាប់យើងនូវរឿងរ៉ាវជាច្រើនទាក់ទងនឹងបញ្ហាសុខភាព ដែលយើងមិនធ្លាប់បានដឹងពីមុនមកថែមទៀតផង។ ដូចនេះ វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវសង្កេតមើលការប្រែប្រួលថ្មីៗណាមួយកើតមាននៅលើស្បែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កើតមុននៅចង្កា និងថ្គាម អាចមកពីគីសទឹកនៅក្រពេញអូវែ
គីសទឹកនៅក្រពេញអូវែ គឺជាស្ថានភាពសុខភាពដែលកើតឡើងជាទូទៅ ក្នុងចំណោមស្រ្តីក្នុងវ័យបង្កកំណើត។ វាបណ្ដាលមកពីអតុល្យភាពអ័រម៉ូន ដែលធ្វើឲ្យមានការកើនឡើងនៃកម្រិតអ័រម៉ូនអង់ដ្រូហ្សែននៅក្នុងរាងកាយ។ លើសពីនេះ អតុល្យភាពអាចបង្កទៅជាការវិវត្តនៃគីសស្លូតៗជាច្រើននៅលើអូវែ ការមករដូវមិនទៀង និងការមិនអាចមានកូន។ល។
យ៉ាងណាមិញ ស្រ្តីក្នុងវ័យពពោះរហូតដល់១០% មានជំងឺនេះ ប៉ុន្តែមានស្ត្រីជាច្រើនមិនចាប់អារម្មណ៍ប៉ុន្មានទេ រហូតដល់ពេលដែលមានបញ្ហាលំបាកមានទម្ងន់ទើបបានដឹង។ ប្រសិនបើយើងមករដូវមិនទៀងទាត់ និងសម្គាល់ឃើញថាមានការកើតមុននៅត្រង់ចង្កា និងថ្គាម ស្រីៗយើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញហើយ។
២. ស្បែកស្ងួត និងជ្រុះរោមចិញ្ចើម អាចបណ្ដាលមកពីជំងឺក្រពេញទីរ៉ូអ៊ីត
អ័រម៉ូនទីរ៉ូអ៊ីតជួយបង្កើនការដុតរំលាយអាហារ និងថាមពលរបស់យើង ដូច្នេះប្រសិនបើកម្រិតអ័រម៉ូននេះទាប វានឹងប៉ះពាល់ដល់អារម្មណ៍ ក៏ដូចជារូបរាងរបស់យើងជាមិនខាន។
យ៉ាងណាមិញ ជំងឺក្រពេញទីរ៉ូអ៊ីតមិនអាចមើលឃើញដោយភ្នែកទទេឡើយ។ ប្រសិនបើយើងមានការផ្លាស់ប្ដូរលើស្បែក និងមានការជ្រុះរោមចិញ្ចើម ឬមានរោមចិញ្ចើមស្តើង សូមធ្វើការពិនិត្យកម្រិតក្រពេញទីរ៉ូអ៊ីតជាមួយនឹងគ្រូពេទ្យជំនាញ។
៣. ងាយកើតស្នាមជាំអាចជាសញ្ញានៃជំងឺគ្រាប់ឈាម
ការហូរឈាម មិនថាពីខាងក្នុង ឬខាងក្រៅ បន្ទាប់ពីមានរបួសទេ វាគឺជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយើងហូរឈាម ឬមានស្នាមជាំដោយពុំមានមូលហេតុ វាអាចបណ្ដាលមកពីជំងឺគ្រាប់ឈាម។ ជាទូទៅ អ្នកដែលមានជំងឺគ្រាប់ឈាមកក អាចនឹងមានការហូរឈាមច្រើនលើសលប់ នៅពេលដែលមានរបួសតិចតួច។ ចំណែកឯ អ្នកជំងឺមហារីកគ្រាប់ឈាមវិញ ក៏លេចឡើងនូវស្នាមជាំហួសហេតុ និងរបួសមិនងាយជាសះស្បើយផងដែរ។
៤. ស្បែកពណ៌លឿង អាចជារោគសញ្ញានៃជំងឺថ្លើម
ការផ្លាស់ប្ដូរនៅលើស្បែកអាចបង្ហាញអំពីសុខភាពទូទៅរបស់យើង ក៏ដូចជាសញ្ញាណនៃជំងឺលាក់មុខផងដែរ។ ការផ្លាស់ប្ដូរមួយក្នុងចំណោមការផ្លាស់ប្ដូរទាំងនោះ គឺជាការប្ដូរពណ៌ស្បែកទៅជាពណ៌លឿង ដែលហៅថា “ជំងឺខាន់លឿង“។ ជំងឺនេះ កើតឡើងបណ្ដាលមកពីការឡើងខ្ពស់នៃប៊ីលីរូប៊ីន ដែលជាប់ពាក់ព័ន្ធនឹងជំងឺលាក់មុខផ្សេងៗ ជាពិសេសគឺជំងឺថ្លើម។
៥. អុជៗពណ៌ត្នោតនៅលើម្រាមដៃ ឬម្រាមជើងអាចបង្ហាញពីការឆ្លងមេរោគបេះដូង
ប្រសិនបើយើងឃើញអុជៗពណ៌ត្នោតនៅលើម្រាមដៃ ឬម្រាមជើង ហើយជាពិសេស អ្នកមានអាការៈដូចជាគ្រុនក្ដៅផងនោះ វាអាចជាសញ្ញានៃជំងឺរលាកភ្នាសក្នុងបេះដូង។ ជំងឺនេះកើតឡើងនៅពេលដែលបាក់តេរី និងផ្សិតចូលតាមចរន្តឈាមទៅក្នុងបេះដូង។
វាជាជំងឺដ៏កម្រមួយចំពោះមនុស្សដែលមានបេះដូងដំណើរការធម្មតា ហើយមិនមានកត្តាហានិភ័យជាក់លាក់ទេ។ ផ្ទុយទៅវិញ វាច្រើនកើតមានចំពោះអ្នកដែលមានសន្ទះបេះដូងសិប្បនិម្មិត ឬធ្លាប់មានជំងឺរលាកភ្នាសក្នុងបេះដូងពីមុនមក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]