អាលែកហ្ស៊ីច្រើនធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ និងអាចបង្កឲ្យយើងជួបបញ្ហាភ្លាមៗ ដោយមិនមានសញ្ញា ព្រមានជាមុនច្រើននោះដែរ។ កត្តាជាច្រើនអាចបង្កឲ្យមនុស្សយើងជួបបញ្ហាអាលែកហ្ស៊ីបាន ដូចជាអាលែកហ្ស៊ីនឹងលម្អងផ្កា អាហារមួយចំនួន និងថ្នាំពេទ្យជាដើម។
ប្រតិកម្មអាលែកហ្ស៊ី កើតឡើនៅពេលកោសិកាក្នុងប្រព័ន្ធភាពស៊ាំយល់ថាសារធាតុមកពីក្រៅខ្លួន ឬសារធាតុបង្កអាលែកហ្សីមានគ្រោះថ្នាក់ចំពោះរាងកាយ។ ការណ៍នេះ ពេលខ្លះអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការខ្លាំងជ្រុលក៏មាន។ ជាលទ្ធផលនឹងធ្វើឲ្យមានការផលិតសារធាតុគីមីបង្កឲ្យមានរោគសញ្ញាអាលែកហ្ស៊ីមួយឈ្មោះថា ហ៊ីស្តាមីន ដែលធ្វើឲ្យមានការរលាក កណ្ដាស់ និងក្អក កើតឡើងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រតិកម្មអាលែកហ្ស៊ីកម្រិតស្រាលយើងអាចគ្រប់គ្រងដោយវិធីព្យាបាលនៅផ្ទះ ឬប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួន តែចំពោះបញ្ហាអាលែកហ្ស៊ីរ៉ាំរ៉ៃ ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។
ខាងក្រោមនេះជាវិធីមួយចំនួន ដើម្បីជួយគ្នាយើងអាចគ្រប់គ្រងបញ្ហាអាលែកហ៊្សី៖
១. កាត់បន្ថយកត្តាបង្កអាលែកហ្ស៊ី
ចំពោះគ្នាយើងមានបញ្ហាអាលែកហ្ស៊ីតាមរដូវកាល ដូចជារដូវផ្ការីក ដែលផ្កាផលិតលម្អងច្រើន យើងត្រូវបិទបង្អួចកុំឲ្យលម្អងទាំងនោះហុយចូលក្នុងផ្ទះ និងមិនត្រូវហាលសម្លៀកបំពាក់ខាងក្រៅផ្ទះនោះដែរ ក្រែងលម្អផ្កាទាំងនោះតោងជាប់។
ដូចគ្នាដែរ អ្នកមានបញ្ហាអាលែកហ្ស៊ី គួរប្រយ័ត្នកន្លែងដែលមានធូលី ផ្សិត ដូចជានៅកន្លែងទុកដាក់អីវ៉ាន់ បន្ទប់ទឹក ឬកន្លែងបោកគក់ ដែលអាចមានមេរោគផ្សិតនៅទីនោះ។ យើងត្រូវសម្ងួតកន្លែងទាំងនោះឲ្យបានស្អាត និងលៃយ៉ាងណាឲ្យមានខ្យល់ចេញចូលបានត្រឹមត្រូវផងដែរ ពិសេសកន្លែងគេងរបស់យើងតែម្ដង។
បើយើងបានទៅកន្លែងទាំងនោះ ហើយគិតថាអាចមានបញ្ហាធ្វើឲ្យយើងកើតមានប្រតិកម្មអាលែកហ្ស៊ី យើងគួរតែលាងសម្អាតច្រមុះជាមួយទឹកអំបិល ដែលវាអាចជួយសម្អាតលម្អងផ្កា និងផ្សិតទាំងនោះបាន។
២. ប្រើថ្នាំ
យើងអាចប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានថ្នាំដែលអាចជួយយើងពេលមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីកើតឡើង។ ថ្នាំទាំងនោះមានពពួកបាញ់ច្រមុះ ឬថ្នាំបន្តក់ភ្នែក ដែលថ្នាំមានវេជ្ជបញ្ជាទាំងនេះ នឹងអាចជួយកាត់បន្ថយការហើមក្នុងច្រមុះ សម្អាតសារធាតុរំខានផ្សេងៗនៅក្នុងភ្នែក និងជួយកាត់បន្ថយអាការៈរមាស់ ជាដើម។ ការសិក្សាមួយចំនួន បញ្ជាក់ដែរថា សេរ៉ូមប្រៃក៏អាចជួយបន្ថយអាការៈតឹងច្រមុះ បង្កដោយបញ្ហាប្រតិកម្មអាលែកហ្ស៊ីនេះបានដែរ។
៣. អាលែកហ្ស៊ីស្បែក
បញ្ហាអាលែកហ្ស៊ីស្បែក ធ្វើឲ្យស្បែកឡើងរមាស់ និងរលាក ដែលអាចកើតចេញពីការប៉ះពាល់ធាតុបង្កអាលែកហ្ស៊ីមានក្នុងទឹកមាត់សត្វ រុក្ខជាតិពុល សារធាតុគីមី ឬលោហៈធាតុជាក់លាក់ណាមួយ។
ក្នុងស្ថានភាពបែបនេះ យើងអាចប្រើទឹកកកស្អុំពី១០ទៅ១៥នាទី ដើម្បីចៀសវាងការរលាក និងប្រើផលិតផលផ្ដល់សំណើមដល់ស្បែក ដើម្បីបញ្ឈប់បញ្ហារមាស់។ អ្វីដែលសំខាន់ យើងត្រូវសម្គាល់ថាសារធាតុមួយណាធ្វើឲ្យយើងមានប្រតិកម្មអាលែកហ្ស៊ី និងត្រូវចៀសឆ្ងាយពីសារធាតុទាំងនោះ។
៤. ទៅជួបគ្រូពេទ្យ
ប្រតិកម្មអាលែកហ្ស៊ីមួយចំនួនអាចធ្វើឲ្យយើងជួបបញ្ហាធ្ងន់ធ្ងរបាន។ ប្រតិកម្មទាំងនេះអាចកើតមានតែប៉ន្មាននាទីបន្ទាប់ពីយើងប៉ះពាល់សារធាតុបង្កអាលែកហ្ស៊ីទាំងនោះ ហើយបើយើងទុកមិនទទួលការព្យាបាលទាន់ពេល អាចនាំឲ្យអ្នកជំងឺបាត់បង់ស្មារតី ពិបាកដកដង្ហើម និងអាចឈានដល់គាំងបេះដូងក៏មាន។
តាមអ្វីដែលបានលើកឡើងនេះ បើយើងជួបបញ្ហាប្រតិកម្មអាលែកហ្ស៊ីបែបនេះត្រូវទៅរកគ្រូពេទ្យឲ្យបានឆាប់។
ប្រតិកម្មអាលែកហ្ស៊ី អាចថាជារឿងមិនសូវគ្រោះថ្នាក់ តែវាក៏ផ្ដល់ការរំខានខ្លាំងដែរ។ ដូចនេះ យើងត្រូវមានវិធានការទប់ស្កាត់ ឬទទួលការព្យាបាលឲ្យបានត្រឹមត្រូវមុនបញ្ហានេះបង្កទៅជាបញ្ហាធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]