ជាធម្មតា​ចង្វាក់​បេះ​ដូង​របស់​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ​លោត​ចន្លោះពី​៦០​ទៅ​៨០​ដង​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​សមាគម​សុខភាព​បេះ​ដូង​អាមេរិក​។ ដោយ​ឡែក​នៅ​ពេល​ចង្វាក់​បេះ​ដូង​លោក​ទាប​ជាង​៦០​ក្នុង​មួយ​នាទី នោះ​លក្ខខណ្ឌ​នេះ​ហៅ​ថា​ចង្វាក់​បេះដូង​ដើរ​យឺត ។

​សម្រាប់​មនុស្ស​ពេញ​កម្លាំង ចង្វាក់​បេះ​ដូង​ទាប​អាច​មិន​ជា​បញ្ហា​ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ បញ្ហា ចង្វាក់​បេះដូង​ដើរ​យឺត គឺជា​លក្ខខណ្ឌ​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ច្រើន​យ៉ាង និង​អាច​ទាម​ទារ​ឲ្យ​មានការ​វះកាត់​ដាក់ថ្មបេះដូង​ផង​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មូលហេតុ​

អាយុ​កាន់​តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ចុះ​ខ្សោយ​ដែរ ដែល​ការ​ណ៍​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​យឺត​។ មូល​ហេតុ​ផ្សេង​ទៀត​អាច​ទាក់ទង​ទៅ​នឹង​វ័យ​ចំណាស់​ដែរ រួម​មាន​ផល​រំខាន​កើត​ក្រោយ​ជំងឺ​គាំង​បេះ​ដូង ការ​ផលិត​អរម៉ូនទីរ៉ូអ៊ីតទាប សម្ពាធ​ឈាម​ខ្ពស់ ឆ្លង​រោគ​បេះ​ដូង និង​ជំងឺ​រលាក​ផ្សេងៗ​ ទៀត។ ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​ខ្សោយ​ដែរ។ ដូច​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ខ្សោយ​។

២. រោគ​សញ្ញា​

រោគ​សញ្ញា​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​យឺត មាន​ដូច​ជា​អស់កម្លាំង ធេងធោង ពិបាក​ចងចាំ បញ្ហា​ដំណេក និង​សន្លប់ ជា​ដើម​។ អ្វី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​ទទួល​លំហូរ​ឈាម​មិន​បាន​គ្រប់គ្រាន់​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដែល​អាច​មក​អម​ជាមួយ​ដែរ​នោះ​គឺ​ជីពចរ​ខ្សោយ បើ​បញ្ហា​ចង្វាក់​បេះ​ដូងដើរ​យឺត​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​លុយ​ពុស​។

៣. ហានិភ័យ​

ចង្វាក់​បេះ​ដូង​ដើរ​យឺត​អាច​ថា​មិន​បង្កគ្រោះ​ថា្នក់​ចំពោះ​មនុស្ស​ពេញ​កម្លាំងទេ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឲ្យ​មែនទែន​។ ការ​មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត មិន​បាន​ព្យាបាល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គំរាម​កំហែង​អាយុជីវិត​ទៀត​ផង ដោយ​សារ​តែ​អាច​សន្លប់ ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។​ ផល​វិបាក​កើត​មាន​ធ្ងន់​ធ្ងរ​កម្រិត​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង​ដើរ​យឺត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង និង​ជាលិកា​បេះដូង​។ ជា​ការណែនាំ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ជួប​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​ញឹក​ញាប់ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

៤. វិធី​ការពារ​

បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង ជា​វិធី​ល្អ​បំផុត​មួយ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​សម្រាប់​មនុស្ស​វ័យ​ចំណាស់។ ការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​សមស្រប​ និង​កាត់​បន្ថយ​ស្រ្តេស​ សុទ្ធ​តែ​មាន​ផល​ល្អ​ចំពោះ​ការ​ការ​ពារ​ខ្លួន​ពី​បញ្ហា​នេះ​។

ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​ជា​ប្រចាំ ពង្រឹង​សាច់ដុំ​បេះដូង និង​បង្កើន​លំហូរ​ឈាម ក៏​ជា​ការ​ចាំបាច់​ដូច​គ្នា។ អ្វី​មិន​គួរ​រំលង គឺ​ការ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជា​ប្រចាំ អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា​យើង​ត្រូវ​ការ​ប្រើ​ថ្នាំ​ណាមួយ​ឬ​យ៉ាងណា​ ដើម្បី​សុខភាព​យើង​រឹង​មាំ​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]