គ្នាយើងធ្លាប់ឆ្ងល់ទេថាហេតុអ្វីពេលមនុស្សយើងបាក់ទឹកចិត្ត ឬមានអារម្មណ៍ថាស្ត្រេសខ្លាំង ងាយនឹងធ្លាក់ខ្លួនឈឺ ឬបើឈឺហើយមិនងាយជា? គ្នាយើងត្រូវដឹងថាពេលមានអារម្មណ៍ស្ត្រេសខ្លាំង ក៏អាចមានឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យយើងងាយឈឺទៀតផង។ ហេតុអ្វី?
១. ឥទ្ធិពលស្រ្តេសលើប្រព័ន្ធភាពស៊ាំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រព័ន្ធភាពស៊ាំយើងបង្កើតឡើងដោយកោសិការាប់ពាន់លាន ដែលធ្វើដំណើរជាប្រចាំតាមចរន្តឈាមទៅគ្រប់កន្លែងនៃរាងកាយ។ ប្រព័ន្ធភាពស៊ាំការពាររាងកាយយើងប្រឆាំងនឹងអង់ទីហ្សែន ដូចជាពពួកបាក់តេរី វីរុស និងកោសិកាមហារីក។ ពេលមនុស្សយើងកើតស្ត្រេសរាងកាយរបស់យើងនឹងបញ្ចេញអ័រម៉ូនម្យ៉ាងហៅថា corticosteroid ដែលអ័រម៉ូននេះអាចធ្វើឲ្យដំណើរការរបស់ប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយបានបន្ថយចំនួនកោសិកាមួយប្រភេទដែលតែតែងប្រឆាំងនឹងមេរោគឆ្លងផ្សេងៗ។
បើយើងមានបញ្ហាស្ត្រេសតែក្នុងរយៈពេលខ្លី រាងកាយយើងអាចទប់ទល់បាន ប៉ុន្តែបើយើងកើតស្ត្រេសរយៈពេលវែង ឬស្ត្រេសរ៉ាំរ៉ៃ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំមិនខាន។ ស្ត្រេសរ៉ាំរ៉ៃ អាចបន្ថយសមត្ថភាពប្រព័ន្ធភាពស៊ាំ និងអាចធ្វើឲ្យយើងប្រឈមនឹងជំងឺផ្សេងៗ។ ការមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ ត្រូវតែស្វែងរកវិធីដោះស្រាយ និងគ្រប់គ្រងឲ្យបានទាន់ពេលវេលា។
ស្ត្រេសចេះតែបន្តកើតមានរយៈពេលវែង គឺមានន័យថារាងកាយយើងធ្វើការគ្មានពេលសម្រាក និងមិនអាចដំណើរការបានដូចប្រក្រតី។ បើយើងក្នុងដំណាក់កាលនេះ បានន័យថាប្រព័ន្ធភាពស៊ាំកំពុងស្ថិតក្នុងហានិភ័យហើយ។
២. ឥទ្ធិពលស្ត្រេសលើការទទួលបានសារធាតុចិញ្ចឹម
ស្ត្រេសមិនត្រឹមតែរារាំងមិនឲ្យមានការផលិតកោសិកាប្រព័ន្ធភាពស៊ាំនោះទេ តែវាក៏រារាំងដល់ពោះវៀនមិនឲ្យស្រូបយកសារធាតុចិញ្ចឹមល្អៗពីអាហារដែលយើងបានញ៉ាំសម្រាប់បង្កើនប្រព័ន្ធភាពស៊ាំ ដូចគ្នា។
អ្នកជំនាញខាងប្រព័ន្ធរំលាយអាហារពន្យល់ថា ស្ត្រេសរ៉ាំរ៉ៃ អាចកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម ព្រោះវាមានឥទ្ធិពលលើប្រព័ន្ធរំលាយអាហារ។ ការណ៍នេះ កើតឡើងដោយសារតែពោះវៀនមិនអាចធ្វើការបានត្រឹមត្រូវ ពេលមនុស្សយើងកើតស្ត្រេស។ ដូចនេះហើយ កិច្ចការសំខាន់ដែលពោះវៀនត្រូវបញ្ជូនសារធាតុចិញ្ចឹមទៅកាន់កន្លែងដែលត្រូវទៅ ត្រូវបានរអាក់រអួល។
ដូចគ្នាដែរ អ្នកមានជំងឺ ក៏អាចកើតមានស្ត្រេស ដោយសារតែជំងឺរបស់ខ្លួនដែរ ហើយការណ៍នេះនឹងធ្វើប្រព័ន្ធភាពស៊ាំចុះខ្សោយបន្ថែមទៀត។ ដូចនេះ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ គ្នាយើងប្រហែលជាត្រូវកាត់បន្ថយបញ្ហាស្រ្តេសក្នុងជីវិតឲ្យបាននៅទាបបំផុតដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]