ទោះ​បច្ចុប្បន្នវ៉ាក់សាំង​កូវីដ-១៩ ​ត្រូវ​បាន​ផលិត​ឡើង និង​ចរាចរណ៍​ឲ្យ​ប្រជាជន​បាន​ចាក់នៅជុំ​វិញ​ពិភពលោក​ក៏​ដោយ តែ​ព័ត៌មាន​ពី​ការ​ចាក់វ៉ាក់សាំងកូវីដ ១៩ ​លើ​​​ស្ត្រី​​ពពោះ និង​​ស្ត្រី​​កំពុង​​បំបៅ​​ដោះ​កូន​ ហាក់​មិន​សូវ​ទំលំ​ទូលាយ​ឡើយ។ តើ​ស្ត្រី​ពពោះ និង​បំបៅដោះ​កូន​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បាន​ឬ​ទេ?

រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពី​ អង្គការ​សុខភាព​ពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ជំទាវ​បន្ត​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​យើង​វាយ​តម្លៃ​ថា ប្រសិន​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ ១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ ដើម្បី​ប្រមូល​ទិន្នន័យ យក​មក​វាយ​តម្លៃ​ចុង​ក្រោយ។

ចំណែក​ចំពោះ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន លោកជំទាវថា អាច​ចាក់​វ៉ាក់សាំង Sinovac បាន និង​អាច​បន្ត​បំបៅ​ដោះ​កូន​ធម្មតា​ ដោយ​មិន​ចាំ​បាច់​បារម្ភ​ពី​ហានិភ័យ​ប៉ះពាល់​សុខភាព ឬ​ប៉ះពាល់​ដល់​កូន​ដោយ​សារ​ទឹក​ដោះ​ឡើយ។

ស្រប​គ្នា​នេះ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) ទៅ​លើ​សត្វ​ មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ណាមួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​មាន​ផ្ទៃពោះ​នោះ​ទេ។ ទោះ​យ៉ាង​ណា ទិន្នន័យ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ-១៩​ អំឡុង​ពេល​មាន​ផ្ទៃពោះ​នៅ​មាន​កម្រិត។ លោក​បន្ត​ថា ទោះ​បី​ជា​មិន​មាន​ការ​សិក្សា​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​​ដោះ​ក៏​ដោយ ក៏​គ្មាន​ហានិភ័យ​ណា​មួយ​ត្រូវ​បាន​រំពឹង​ទុក​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដែរ។ ការ​សម្រេច​ចិត្ត​ទាក់ទង​នឹង​ការ​ប្រើ​វ៉ាក់សាំងកូវីដ ១៩ ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ត្រូវ​បាន​ពិគ្រោះ​យោបល់​យ៉ាង​ជិត​ស្និទ្ធជាមួយ​អ្នក​ជំនាញ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ម៉ត់ចត់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]