បច្ចុប្បន្ន តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបញ្ជាក់ថា មនុស្សគ្រប់វ័យដែលមានជំងឺប្រចាំកាយដូចជា មហារីក ទឹកនោមផ្អែមទាំងពីរប្រភេទជាដើម ប្រឈមនឹងការធ្លាក់ខ្លួនឈឺខ្លាំង ឬអាចគ្រោះថ្នាក់ដល់ជីវិតបើឆ្លងកូវីដ-១៩។
អ្នកដែលមានបញ្ហាសុខភាពទាក់ទងនឹងជំងឺទឹកនោមផ្អែម ភាគច្រើនទទួលបានលទ្ធផលអាក្រក់ច្រើនជាងល្អ បើឆ្លងកូវីដ-១៩ ជាហេតុដែលអ្នកទឹកនោមផ្អែមត្រូវថែទាំសុខភាពខ្លួនកាន់តែដិតដល់។ ៥ យ៉ាងខាងក្រោមនេះ ជាតិចនិកដែលអ្នកជំងឺទឹកនោមផ្អែម គួរអនុវត្តជាប្រចាំអំឡុងពេលនេះ ដើម្បីធានាបាននូវសុខភាពល្អ ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ញ៉ាំថ្នាំទៀងទាត់
មានព័ត៌មានមិនពិតខ្លះនិយាយថា ការញ៉ាំថ្នាំទឹកនោមផ្អែម ឬលើសសម្ពាធឈាមធ្វើឲ្យអ្នកជំងឺងាយនឹងឆ្លងវីរុស។ តែនេះមិនមែនជាការពិតទេ ប្រសិនបើយើងឈប់ញ៉ាំថ្នាំតាមគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យ យើងច្បាស់ជាប្រឈមនឹងបញ្ហាសុខភាពស្មុគស្មាញផ្សេងទៀតជាមិនខាន។
២. ហាត់ប្រាណនៅផ្ទះ
លំហាតប្រាណដូចជា ការដើរ និងលើកទម្ងន់ មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម ។ វាអាចជួយឲ្យយើងរក្សាទម្ងន់សុខភាពល្អ ជាហេតុអាចជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ការហាត់ប្រាណក៏អាចកាត់បន្ថយហានិភ័យចំពោះជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាលើសកូឡេស្ដេរ៉ូល និងលើសសម្ពាធឈាម។
លើសពីនេះ ការហាត់ប្រាណក៏អាចឲ្យយើងតាមដានសុខភាពជើងយើង ព្រោះបើមានសភាពស្ពឹកជើង ឬមុតជើងដោយមិនដឹងខ្លួនអាចក្លាយជាដំបៅជើងបាន។ ហាត់ប្រាណក៏ជួយដល់សុខភាពផ្លូវចិត្តយើងដែរ សូម្បីតែដើរហាត់ប្រាណតិចតួចក៏រាងកាយបង្កើតអ័រម៉ូន endorphin ជួយឲ្យយើងមានអារម្មណ៍ល្អ។
៣. ញ៉ាំអាហារត្រឹមត្រូវ និងរក្សាសំណើម
ការគ្រប់គ្រងសារធាតុចិញ្ចឹមឲ្យមានតុល្យភាពគ្នាជារឿងចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ យើងត្រូវការបរិមាណអាហារ និងជាតិស្ករត្រឹមត្រូវ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានសុខភាពល្អពេញមួយថ្ងៃ។
អាហារគួរញ៉ាំ៖ ផ្លែឈើ សណ្ដែក គ្រាប់ធញ្ញជាតិ ប្រូខូលី ប៉េងប៉ោះ ។ល។
អាហារគួរចៀសវាង៖ បង្អែម អាហារបំពង អាហារកញ្ចប់ ទឹកក្រូចកំប៉ុង តែថែមស្ករ នំបុ័ងស បាយស។ល។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ងាយនឹងបាត់បង់ជាតិទឹក។ ដូចនេះ យើងគួរបង្កើតទម្លាប់ញ៉ាំទឹកឲ្យបានច្រើន ឬឧស្សាហ៍ក្រេបទឹកបន្តិចម្ដងៗពេញមួយថ្ងៃ និងព្យាយាមចៀសវាងគ្រឿងកំប៉ុង ឬភេសជ្ចៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជាដើម។
៤. ថែទាំប្រព័ន្ធការពាររាងកាយ
នៅលើលោកនេះគ្មានថ្នាំទិព្វណាអាចពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំបានតែម្ដងនោះទេ។ តែយើងអាចជ្រើសរើស និងអនុវត្តសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ ដើម្បីថែទាំសុខភាព និងប្រព័ន្ធភាពស៊ាំបានល្អដូចជា៖
- សម្លាប់មេរោគលើរបស់ប្រើប្រាស់ប្រចាំថ្ងៃ (ទូរស័ព្ទ តុ ទ្វារ…)
- លាងសម្អាតដៃតាមការណែនាំរបស់ក្រសួងសុខាភិបាល
- ពាក់ម៉ាស់ ឬរបាំងមុខពេលចេញក្រៅផ្ទះ
- រាល់ពេលត្រឡប់ចូលផ្ទះវិញ គួរតែបោះម៉ាស់ប្រើរួចចោល លាងសម្អាតដៃ ឬបាញ់សម្លាប់មេរោគលើខ្លួនប្រាណសិន សឹមចូលផ្ទះ ចៀសវាងនាំមេរោគចូលក្នុងផ្ទះដែរ។
៥. តាមដានសុខភាពផ្លូវចិត្ត
ត្បិតតែការសម្ងំនៅក្នុងផ្ទះមិនចេះទៅណា អាចជួយយើងពីការឆ្លងមេរោគកូវីដ-១៩នេះបានក៏ពិតមែន តែកាលណាដែលយើងសម្ងំក្នុងផ្ទះយូរពេក វាអាចធ្វើឲ្យយើងស្មុគអារម្មណ៍ បង្កើនបញ្ហាថប់បារម្ភ និងអត្រាកើតជំងឺបាក់ទឹកចិត្ត។ យោងតាម CDC អាមេរិក អ្នកជំងឺទឹកនោមផ្អែម ងាយនឹងរងបញ្ហាស្ត្រេសណាស់ ហើយការស្រ្តេសច្រើនអាចបន្ថែមសម្ពាធលើសដើមដល់សុខភាពរាងកាយ។ ហេតុនេះហើយ អ្នកជំងឺទឹកនោមផ្អែម គួរតែចេះគ្រប់គ្រងភាពតានតឹង បង្កើតអារម្មណ៍សប្បាយរីករាយ ដើម្បីកុំឲ្យខ្លួនកាន់តែបាក់ឈឺធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]