របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព ជា​គន្លឹះ​មួយ​ក្នុង​ការ​រក្សា​សុខភាព។ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ដែល​បាន​ធ្វើ​ដើម្បី​កំណត់​ទម្លាប់​របប​អាហារ​ល្អ​បំផុត ការពារ​ប្រឆាំង នឹង​ជំងឺ​កូវីដ-១៩ ក៏​ដោយ យើង​គួរ​ដឹង​ថា​មាន​អាហារ​មួយ​ចំនួន​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​យើង​ឲ្យ​មាន​សុខភាព​ល្អ ធន់​នឹង​ជំងឺ​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​ប្រភេទ​អាហារ​ដែល​យើងត្រូវ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​នេះ ដើម្បី​ការពារ​សុខភាព​កុំ​ឲ្យ​ចុះ​ខ្សោយ​ដូច​ជា៖

អាហារ​គួរ​ញ៉ាំ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– អាហារ​ប្រឆាំង​នឹង​ការ​រលាក៖ វិធានការ​ល្អ​បំផុត​មួយ​ដែល​យើង​អាច​អនុវត្ត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​គឺ​កាត់​បន្ថយ​ការ​រលាក។ ដូច​នេះ​ហើយ ការ​បន្ថែម​អាហារ​ប្រឆាំង​ការ​រលាក (ខ្ទឹម​បារាំង ពពួក​ប៊ើរី រមៀត) ទៅ​ក្នុង​របប​អាហារ​ប្រចាំ​អាច​ជួយ​ឲ្យ​ថែទាំ​សុខភាព​យើង​បាន​ល្អ និង​ប្រឆាំង​ពពួក​មេរោគ ឬ​វីរុស​បាន​ល្អ​ថែម​ទៀត។

– Probiotic៖ អាហារ​ត្រាំ ឬ​ជ្រក់ ផ្អាប់​មាន​ផ្ទុក​សារធាតុ Probiotics ខ្ពស់​ដែល​ជា​បាក់តេរី​ល្អ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ និង​មាន​សុខភាព​ល្អ។ សាកល​វិទ្យាល័យ ​Nebraska នៃ​សហរដ្ឋ​អាមេរិក បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ probiotics ដូច​ជា ទឹកដោះគោ​យ៉ាអួរ ឈីស ឬ​គីមឈី។ល។ អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ផង​ដែរ។

– វីតាមីន៖ ការ​បន្ថែម​វីតាមីន​ទៅ​ក្នុង​របប​អាហារ​យើង​ប្រចាំ​ថ្ងៃ ជា​វិធី​ល្អ​មួយ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី ឬ​វីរុស​។ ដូច​នេះ យើង​គួរ​បន្ថែម​សារជាតិ​វីតាមីន​ឲ្យ​គ្រប់​គ្រាន់​ដល់​រាងកាយ ពិសេស​វីតាមីន A C និង​វីតាមីនE។ វីតាមីន A ជួយ​ដល់​មុខងារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដំណើរ​ការ​បាន​ល្អ ស័ក្តិសម​បំផុត​ក្នុង​ពេល​មាន​ជំងឺ​ផ្លូវដង្ហើម​សាហាវ​ដូច​កូវីដ-១៩​នេះ ហើយ​វា​សម្បូរ​នៅ​ក្នុង​ការ៉ុត ដំឡូងជ្វា ស្ពៃ​ខ្មៅ ម្ទេស​ប្លោក។ល។

វីតាមីន C ជួយ​ជំរុញ​ការ​បង្កើត​អង្គបដិប្រាណ ហើយ​យើង​អាច​រក​បាន​ក្នុង​ផ្លែក្រូច ផ្លែស្ត្រប៊ើរី និងគីវី។ ចំណែក វីតាមីន E សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម និង​ងាយ​ស្រួល​រក​ក្នុង​គ្រាប់​ធញ្ញជាតិ ផ្លែ​ប៊ើរ។ល។

អាហារ​គួរ​ចៀសវាង

– អាហារ​ប្រៃ៖ ការ​ញ៉ាំ​អាហារ​ប្រៃ ឬ​មាន​ជាតិ​អំបិល​ច្រើន​អាច​បង្កើន​ការ​រលាក​ក្នុង​ខ្លួន ឬ​អាច​បង្ក​ឲ្យ​រលាក​ដល់​សរសៃ​ឈាម​យើង គ្រោះ​ថ្នាក់​ដល់​សុខភាព។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែនាំឲ្យ​មនុស្ស​ម្នាក់ៗ ញ៉ាំ​អាហារ​ប្រៃ ឬ​អំបិល​ឲ្យ​តិច​ជាង​៥​ក្រាម/ថ្ងៃ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ។

– អាហារ​ផ្អែម៖ កាត់​បន្ថយ​ការ​ប្រើប្រាស់​ស្ករ ក៏​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​រលាក​បាន​ដែរ។ ជា​ធម្មតា អាហារ​ធ្វើ​ពី​ជាតិ​ស្ករ​ផ្តល់​តែ​កាឡូរី​ទទេ មាន​ន័យ​ថា ក្រៅ​ពី​កាឡូរី ជាតិ​ស្ករ​មិន​ផ្តល់​អាហារូបត្ថម្ភ​ណា​ល្អ​ដល់​រាងកាយ​ទេ។ ហេតុ​នេះ​ហើយ បើ​យើង​ឃ្លាន​អាហារ​ផ្អែម យើង​គួរ​ងាក​មក​ញ៉ាំ​ផ្លែឈើ ឬ​អាហារ​មាន​ជាតិ​ផ្អែម​ពី​ធម្មជាតិ​វិញ ល្អ​ជាង​អាហារ​មាន​ជាតិ​ផ្អែម​កែច្នៃ​ដូច​ទឹក​ក្រូច​កំប៉ុង នំ​ផ្អែម​។ល។

– អាហារ​ជាតិ​ខ្លាញ់៖ ជាតិ​ខ្លាញ់​ក៏​ជា​ផ្នែក​មួយ​បង្កើន​ហានិភ័យ​ការ​រលាក​ដល់​រាងកាយ​ដែរ។ ដូចនេះ ការ​ញ៉ាំ​ជាតិ​ខ្លាញ់​មិន​គួរ​លើស​ពី​ ១០%នៃ​កាឡូរី​ដែល​យើង​ត្រវការ​ប្រចាំ​ថ្ងៃ​ទេ តែ​អាហារ​ដែល​សម្បូរ​ខ្លាញ់​ល្អៗ យើង​អាច​ញ៉ាំ​មាន​ដូចជា ផ្លែប៊ើរ ស៊ុត ខ្លាញ់​ត្រី ឬ​គ្រាប់​ធញ្ញជាតិ​ជា​ដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]