ដោយសារតែសួតមានចុងសរសៃប្រសាទតិចតួច ជំងឺមហារីកសួតភាគច្រើនមិនមានចេញរោគសញ្ញារហូតដល់ជំងឺនេះឈានដល់ដំណាក់កាលចុងក្រោយ។ ការឈឺចាប់នៅក ឬខ្នងក៏អាចជាសញ្ញាបង្ហាញថាជំងឺមហារីកបានរាលដាលដល់ឆ្អឹងខ្នង។
ជាក់ស្ដែង ជំងឺមហារីកសួតសម្លាប់មនុស្សច្រើនជាងជំងឺមហារីកពោះវៀនធំ សុដន់ និងមហារីកក្រពេញប្រូស្តាតទៅទៀត។ ជាទូទៅ វាមិនបង្ហាញរោគសញ្ញាខុសប្រក្រតីទេ រហូតដល់វារាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ។ ដោយសារតែសួតមានចុងសរសៃប្រសាទតិចតួច ដុំសាច់ធំលូតលាស់យ៉ាងស្ងៀមស្ងាត់ ដោយមិនបង្ហាញរោគសញ្ញាអ្វីឡើយ។ កត្តានេះធ្វើឲ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។ យ៉ាងណាមិញ ប្រសិនបើគ្នាយើងទទួលរងការឈឺខ្នងខុសប្រក្រតី វាក៏អាចជាសញ្ញាដែលបង្ហាញថា ជំងឺមហារីកសួតបានរាលដាលដល់ឆ្អឹងខ្នង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាការៈឈឺខ្នង និងជំងឺមហារីកសួតមានអ្វីទាក់ទងគ្នា?
នៅពេលដែលមហារីកសួតរាលដាលដល់ឆ្អឹងខ្នង វាបង្កើតបានជាសម្ពាធលើឆ្អឹងខ្នង និងខួរឆ្អឹងខ្នងដែលបណ្ដាលឲ្យឈឺចាប់ត្រង់ក ឬ ខ្នង។ ខ្នង និងករបស់យើងអាចមានអារម្មណ៍ស្ពឹក ចុះខ្សោយ និងចុករោយ។ អាការៈឈឺចាប់នេះអាចរាលដាលដល់ដៃ គូទ ឬ ជើងផងដែរ។
ប៉ុន្តែ មិនមែនរាល់ការឈឺខ្នងសុទ្ធតែបញ្ជាក់ពីជំងឺមហារីកសួតនោះទេ។ រាល់ការរងរបួសឆ្អឹងខ្នង ឬ ការរលាក ក៏អាចបណ្ដាលឲ្យឈឺខ្នងដូចគ្នា។ ក្នុងករណីដែលយើងមានអាការៈឈឺខ្នងលើសពី៣សប្ដាហ៍ឡើងទៅ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ ប្រសិនបើការឈឺចាប់នេះកើតឡើងដោយយើងមិនបានបញ្ចេញសកម្មភាពណាមួយ និងកាន់តែយ៉ាប់យ៉ឺន ខណៈពេលដែលយើងគេង ដកដង្ហើមវែងៗ ឬនៅពេលយប់ វាអាចជាសញ្ញាដែលបង្ហាញពីជំងឺមហារីកសួត។
រួមជាមួយនឹងការឈឺខ្នង រោគសញ្ញាទូទៅនៃជំងឺមហារីកសួត រួមមាន៖
- ក្អកមិនបាត់
- ហត់
- ឧស្សាហ៍ឈឺទ្រូង
- ស្រកទម្ងន់
- អស់កម្លាំងរ៉ាំរ៉ៃ
- ក្អកឈាម
- បាត់បង់ចំណង់អាហារ។
មូលហេតុបង្កជាជំងឺមហារីកសួត
ការជក់បារី គឺជាមូលហេតុចម្បងមួយដែលនាំឲ្យកើតជំងឺមហារីកសួត។ ពិតណាស់ ប្រហែល៨០% នៃការស្លាប់ដោយសារជំងឺមហារីកសួត គឺបណ្ដាលមកពីការជក់បារី។ ទោះជាយ៉ាងនេះក្ដី មានមនុស្សជាច្រើនដែលមិនជក់បារីទាល់តែសោះ ក៏អាចកើតជំងឺមហារីកសួតដែរ ហើយវាអាចមកពីការប៉ះពាល់នឹងរ៉ាដុន ផ្សែងបារី ខ្យល់ពុល ឬកត្តាផ្សេងទៀត។
តិចនិកការពារហានិភ័យនៃជំងឺមហារីកសួត
ទោះបីជាមិនមានវិធីក្នុងការការពារជំងឺមហារីកសួតបានទាំងស្រុងក្ដី ប៉ុន្តែគ្នាយើងអាចកាត់បន្ថយហានិភ័យនៃជំងឺដ៏កាចសាហាវមួយនេះបាន ប្រសិនបើ៖
- មិនជក់ ឬឈប់ជក់បារី
- ជៀសវាងប៉ះពាល់ផ្សែងបារី
- ជៀសវាងភ្នាក់ងារបង្កជំងឺមហារីកនៅកន្លែងធ្វើការ
- ញ៉ាំរបបអាហារសុខភាព
- ហាត់ប្រាណជាទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]