បម្រែបម្រួល​​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​ អាច​នាំ​​ឲ្យ​មាន​ការ​ប្រែប្រួល​​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ហើយ​ស្រី​ៗ​មួយ​ចំនួន​អាច​កើត​មាន​អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​នេះ​​។ ជាក់​ស្ដែង​ មាន​​​អាការៈ​ឈឺ​ក្បាល​ប្រភេទ​ខុស​ៗ​គ្នា​ដែល​កើត​ឡើង​​នៅ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ការ​ឈឺ​ក្បាល​ដោយ​ការ​​តានតឹង​ ​ដែល​បណ្ដាល​មក​ពី​ស្រ្តេស ឬ​​​​អាច​វិវត្ត​ទៅ​ជា​ការ​ឈឺ​ក្បាល​​ក្រោយ​មក​រដូវ​ ដោយ​សារ​តែ​ការ​បាត់បង់​ឈាម​​ និង​ការ​ថយ​ចុះ​កម្រិត​ជាតិ​ដែក​។

យ៉ាង​ណា​មិញ​ ក្នុង​ចំណោម​​អាការៈ​ឈឺ​ក្បាល​​ប្រភេទ​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​អំឡុង​ពេល​មក​រដូវ​ ការ​ឈឺ​ក្បាល​ដោយ​កត្តា​អ័រម៉ូន​ និង​​ឈឺ​ក្បាល​ប្រកាំង​ពេល​មក​រដូវ​ តែងតែ​កើត​ឡើង​ជា​ទូទៅ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុ​បង្ក​

ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អាច​​នាំ​​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​បង្ក​ឡើង​ដោយ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ពិត​ណាស់​ អ័រម៉ូន​គ្រប់គ្រង​មុខងារ​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​។​ អាការៈ​ឈឺ​ក្បាល​នេះ​ អាច​កើត​ឡើង​មុន​ពេល​ អំឡុង​ពេល​ ឬ​ក្រោយ​ពេល​មក​រដូវ​។

អ័រម៉ូន​Estrogen​ជា​អ័រម៉ូន​ភេទ​របស់​ស្រីៗ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចរន្តឈាម​បញ្ជូន​សារ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។​​​​​​ ​អ័រម៉ូន​​នេះ​​កើន​ឡើង​ពាក់​កណ្ដាល​វដ្ដ​រដូវ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ស៊ុត​ញី។​ ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូនEstrogen​នេះ អាច​ជួយ​ឲ្យ​ដល់​ការ​ផ្សាំ​ស៊ុត​​នៅ​ក្នុង​ស្បូន​។​ បន្ទាប់​ពី​បញ្ចេញ​ពង​អូវុល​ កម្រិត​អ័រម៉ូន​នឹង​ថយ​ចុះ ហើយ​អ័រម៉ូន​Estrogen និង​Progesterone នឹង​ធ្លាក់​ចុះ​ទាប​បំផុត​មុន​ពេល​មក​រដូវ​ ដែល​​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ស្រីៗ​គ្នា​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​។

ការ​ព្យាបាល​​​

ការ​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ដោយ​សារ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​​ពេល​មក​រដូវ​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។
​​​ជា​ទូទៅ​ ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​ថ្នាំ​ទាំង​នេះ​ក៏​អាច​កាត់​បន្ថយ​​ការ​ឈឺ​ក្បាល​​ដោយ​សារ​ភាព​តានតឹង​ ដែល​បង្ក​ឡើង​ដោយ​កម្រិត​ជាតិ​ដែក​ចុះ​​ទាប​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ​ កាហ្វេអ៊ីន​ក៏​​​​មាន​គុណប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បណ្ដាល​មក​ពី​​អ័រម៉ូន​ដូច​គ្នា។​ បន្ថែម​ពី​លើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ គ្នា​យើង​ក៏​អាច​សាកល្បង​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​នេះ​ ដែល​រួម​មាន​៖

  • ស្អំ​កំណាត់​​ត្រជាក់​​នៅ​លើ​ថ្ងាស​​ប្រមាណ​១០​នាទី
  • ​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ​ ដូចជា​យូហ្គា​ សមាធិ​ ដក​ដង្ហើម​វែង​ៗ ដើម្បី​ជួយ​បន្ធូរ​សាច់ដុំ​ និង​កាត់​បន្ថយ​ការ​តានតឹង​​​​។
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់
  • ​ម៉ាស្សា​
  • ញ៉ាំ​អាហារ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ខ្ពស់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]