កំណក​កំបោរ​ ​ដែល​បង្ក​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ​ និង​ប្រហោង​ធ្មេញ អាច​ធ្វើ​ឲ្យ​រលាក​ថ្នេរ​​អញ្ចាញ​ធ្មេញ​ ក៏​ដូចជា​​​បណ្ដាល​ឲ្យ​​ឈឺ​អញ្ចាញ​ធ្មេញ ពេលយើង​​ធ្វើ​លំហាត់​ប្រាណ។​ ​ពិត​ណាស់​ ការ​ប៉ះ​ទង្គិច​​នៅ​ក្នុង​មាត់​អំឡុង​ពេល​រត់​ អាច​​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​ឈឺចាប់​ ហើយ​មាត់​ស្ងួត​ដែល​​បណ្ដាល​មក​ពី​ការ​ដក​ដង្ហើម​​​ហត់​ខ្លាំង​​​ ​ក៏​អាច​ធ្វើ​ឲ្យ​បញ្ហា​​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។​

​​មូលហេតុ​បង្ក​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អនាម័យ​មាត់​ធ្មេញ​​​មិន​ល្អ​ គឺ​ជា​កត្តា​ចម្បង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ និង​ប្រហោង​​ធ្មេញ​។​ ប្រសិនបើ​គ្នា​យើង​មិន​បាន​​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ​ ​បាក់តេរី​ដែល​នៅ​ជាប់​ធ្មេញ​ នឹង​កកើត​ជា​កំណក​កំបោរ​។​ ប្រសិនបើ​​កំណក​កំបោរ​នេះ​តោង​ជាប់​ធ្មេញ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ វា​អាច​​រឹង​នៅ​ក្រោម​ថ្នេរ​អញ្ចាញ​ធ្មេញ​ និង​វិវត្ត​ទៅ​ជា​កំណក​កំបោរ​​រឹង ។​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ គឺ​​ជា​កម្រិត​ដំបូង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ ហើយ​វា​អាច​វិវត្ត​ទៅ​ជា​ការ​កក​ខ្ទុះ​ ឆ្លង​រោគនៅ​អញ្ចាញធ្មេញ​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​។ ​ការ​កក​ខ្ទុះ​ និង​ឆ្លង​រោគ​នៅញ្ចាញ​ធ្មេញ​នេះ ក៏​​អាច​បង្ក​ទៅ​ជា​ការ​បាត់បង់​ឆ្អឹង​ និង​ជាលិកា​ ដែល​ទ្រទ្រង់​ធ្មេញ​របស់​យើង​​ថែម​ទៀត​ផង​។​

ការ​កំណត់​អត្តសញ្ញាណ​

នៅ​ដំណាក់កាល​ដំបូង​​នៃ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ យើង​នឹង​ឃើញ​ថា​អញ្ចាញ​ធ្មេញ​នឹង​​​មាន​ឈាម​នៅ​ពេល​ដុស​ធ្មេញ​។ ម្យ៉ាង​វិញ​ទៀត​ អញ្ចាញ​ធ្មេញ​​អាច​មាន​អាការៈ​ហើម​ និង​​ងាយ​ដាច់រហែក​​​។​ ប្រសិនបើ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​វិវត្ត​ទៅ​ជា​ការ​កក​ខ្ទុះ​ក្នុង​និង​ឆ្លង​រោគ​​នោះ អញ្ចាញ​ធ្មេញ​នឹង​រលាត់​​ចេញ​ជ្រៅ​ជាង​ធ្មេញ។ ធ្មេញ​របស់​យើង​អាច​នឹង​រលុង​ ហើយ​ក៏​អាច​មាន​​ចន្លោះ​​​នៅ​រវាង​​ធ្មេញ​ផង​ដែរ​។

ជាក់​ស្ដែង​ ភាព​ផុយ​ស្រួយ​នៃ​អញ្ចាញ​​ធ្មេញ​ទាំង​​នៅ​ដំណាក់កាល​ដំបូង​ និង​ដំណាក់កាល​ចុង​ក្រោយ​​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​មិន​ស្រួលពេល​ហាត់​ប្រាណ​ ជា​ពិសេស​ ប្រសិនបើ​ការ​ហាត់​ប្រាណ​ពាក់ព័ន្ធ​នឹង​ការ​​ទម្លាក់​ជើង​លើ​ដី​​។​ ​ការ​ទម្លាក់​ជើង​ទៅ​លើ​ដី​ខ្លាំង​ៗ​ ក៏​អាច​បង្ក​ជា​ការ​​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ថ្នេរ​អញ្ចាញ​ធ្មេញ​ ប្រសិនបើ​យើង​មាន​ប្រហោង​ធ្មេញ​ដូច​គ្នា​​។

ការ​ព្យាបាល​

នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ ​គឺ​អាច​ព្យាបាល​បាន​ ដោយ​ការ​សម្អាត​ធ្មេញ និង​ថ្នេរ​អញ្ចាញ​ធ្មេញ​​ដោយ​គ្រូពេទ្យ​ធ្មេញ។​ ​រី​ឯ​ការ​កោស​​សម្អាត​​កំណក​កំបោរ​ និង​បាក់តេរី​ពី​ធ្មេញ ​គឺ​ជា​រឿង​ចាំបាច់​មួយ​​​​ នៅ​ពេល​ដែល​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ (Gingivitis)​វិវត្ត​ទៅ​ជា​ការ​កក​ខ្ទុះ​ក្នុង​អញ្ចញ​ធ្មេញ​ ។​ ​នៅ​ក្នុង​ករណី​ដែល​យើង​មាន​ប្រហោង​ធ្មេញ គឺ​​ត្រូវ​បំពេញ​ដោយ​​សារធាតុ​ជួសជុល​ឡើង​វិញ ។

ការ​ការពារ​

ការ​ដុស​សម្អាត​ធ្មេញ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ពី​ជំងឺ​អញ្ចាញ​ធ្មេញ​ និង​ប្រហោង​ធ្មេញ​។​ មួយ​វិញ​ទៀត​ យើង​គប្បី​ជ្រើសរើស​ច្រាស់​ដុស​ធ្មេញ​ដែល​មាន​សរសៃ​​ទន់​ ក៏​ដូចជា​ធ្វើ​ការ​ផ្លាស់ប្ដូរ​វា​​ជា​រៀង​រាល់​បី​ទៅ​បួន​ខែ​ម្ដង​។​ បន្ថែម​ពី​នេះ​ ចូរ​ប្រើប្រាស់​អំបោះ​ទាក់​​ធ្មេញ​ម្ដង​ក្នុង​មួយ​ថ្ងៃ ព្រម​ទាំង​​ទៅ​​សម្អាត និង​ពិនិត្យ​ធ្មេញ​​ជា​រៀងរាល់​​៦​ទៅ​១២​ខែ​ម្ដង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]