លទ្ធភាព​​មាន​កូន​នឹង​ថយ​ចុះ​ទៅ​តាម​វ័យ ហើយ​ការ​យក​កូន​នៅ​វ័យ​កាន់​តែ​ច្រើន​ ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​​​​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ។ យ៉ាង​ណា​មិញ​ យើង​មិន​អាច​កំណត់​​ច្បាស់លាស់​ពី​វ័យ​ដែល​គួរ​មាន​ទម្ងន់​ឡើយ​ ពីព្រោះ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន តួ​យ៉ាង​ដូចជា​អាយុ​ និង​ការ​ត្រៀម​ខ្លួន​​រួចរាល់​ក្នុង​ការ​ក្លាយ​​ប៉ា​ម៉ាក់​គេ​។

លទ្ធភាព​នៃ​ការ​មាន​កូន​របស់​ស្ត្រី​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នៅ​​វ័យ​២០​ឆ្នាំ​

ស្ត្រី​នៅ​ក្នុង​វ័យ​នេះ​​មាន​លទ្ធភាព​ក្នុង​ការ​​មាន​កូន​ខ្ពស់​បំផុត ពីព្រោះ​​តែ​ស៊ុត​មាន​គុណភាព​ល្អ និង​​មាន​ចំនួន​ខ្ពស់​ ហើយ​ហានិភ័យ​នៅ​អំឡុង​ពេល​មាន​គភ៌​ក៏​ទាប​ផង​ដែរ​។

​​នៅ​​វ័យ​៣០​ឆ្នាំ

លទ្ធភាព​ក្នុង​ការ​មាន​កូន​នឹង​ថយ​ចុះ​នៅ​អាយុ​ប្រហែល​៣២​ឆ្នាំ។​ ក្រោយ​វ័យ​៣៥​ឆ្នាំ​ ការ​ធ្លាក់​ចុះ​នេះ​នឹង​បន្ត​កើន​ឡើង​។ នៅ​ពេល​ដែល​​ឈាន​ដល់​វ័យ​៣៧​ឆ្នាំ​ ​ស្រី​ៗ​យើង​មាន​ស៊ុត​​នៅ​សល់​ប្រហែល​២៥០០០​ប៉ុណ្ណោះ​។​ ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​ក៏​ចាប់ផ្ដើម​កើន​ឡើង​ ក្រោយ​​វ័យ​៣៥​ឆ្នាំ​នេះ​ដែរ​។​

បន្ថែម​ពី​នេះ​ យើង​អាច​នឹង​ជួប​ផលវិបាក​ជា​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​អំឡុង​ពេល​សម្រាល​​។

នៅ​វ័យ​៤០​ឆ្នាំ​

ប្រសិនបើ​យើង​ឈាន​ចូល​វ័យ​៤០​ឆ្នាំ​ សមត្ថភាព​ក្នុង​ការ​មាន​គភ៌​​នឹង​ធ្លាក់​ចុះ​។ នៅ​ពេល​ដែល​ស៊ុត​ចាស់​ទៅ​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហាក្រូម៉ូសូមដែល​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​។ ហានិភ័យ​ផ្សេង​ទៀត​នៃ​ការ​មាន​គភ៌​នៅ​​វ័យ​នេះ​ រួម​មាន​ ការ​សម្រាល​កូន​ដោយ​វះកាត់​ ​កូន​កើត​មិន​គ្រប់​ខែ​ និង​អាច​កូន​កើត​មក​​ស្លាប់ ជា​ដើម​​។ ​

រី​ឯ​​បញ្ហា​សុខភាព​ម្ដាយ មាន​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ ច្រើន​តែ​កើត​មាន​ចំពោះ​ស្ត្រី​​ក្រោយ​វ័យ​៣៥​ឆ្នាំ​។​ កត្តា​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​ផលវិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​​មាន​គភ៌ និង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង

លទ្ធភាព​នៃ​ការ​មាន​កូន​របស់​បុរស​

លទ្ធភាព​មាន​កូន​របស់​បុរស​ក៏​ថយ​ចុះ​ទៅ​តាម​វ័យ​ដូច​​គ្នា​ ប៉ុន្តែ​​ដំណើរការ​នេះ​មាន​ភាព​យឺតជាង​ស្ត្រី​ ដោយ​ចាប់ផ្ដើម​នៅ​ពេល​ដែល​បុរស​មាន​វ័យ​៤០​ឆ្នាំ​។ ក្រោយ​វ័យ​នេះ​ បុរស​មាន​បរិមាណ​ និង​ចំនួន​មេ​ជីវិត​ឈ្មោល​ទាប​ជាង​មុន​។ កោសិកា​មេ​ជីវិត​ឈ្មោល​របស់​បុរស​វ័យ​ចំណាស់​ ក៏​អាច​បណ្ដាល​ឲ្យ​ហ្សែន​មាន​ភាព​មិន​ប្រក្រតី​​ បើ​ប្រៀបធៀប​នឹង​បុរស​វ័យ​ក្មេង​។

ទន្ទឹម​នឹង​នេះ​ដែរ​ បុរស​វ័យ​ចំណាស់​​នឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​ជួយ​ឲ្យ​ដៃគូ​​​របស់​ខ្លួន​មាន​ផ្ទៃពោះ​ ហើយ​ដៃគូ​ក៏​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រលូត​កូន​ មិន​ថា​ស្ត្រី​នោះ​ស្ថិត​ក្នុង​​វ័យ​ណា​ឡើយ​។ ​ទោះ​​ជា​យ៉ាង​នេះ​ក្ដី បុរស​នៅ​តែ​អាច​មាន​កូន​បាន​នៅ​ក្នុង​វ័យ​៤០​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ ប៉ុន្តែ​វា​គ្រាន់​តែ​មាន​ការ​ពិបាក​ជាង​​នៅ​ពេល​ដែល​​ប្រុស​ៗ​យើង​នៅ​ក្មេង​ប៉ុណ្ណោះ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]