ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដូចជា​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ការពារ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ និង​សម្បុរ​ស្បែក​មិន​ស្មើ​គ្នា​ផង​ដែរ​។ ពិត​ណាស់​ ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​បាន​ត្រឹមត្រូវ​ អាច​ការពារ​ស្បែក​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តាម​ប្រការ​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ នៅ​ពេល​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​​។

ប្រការ​គួរ​ធ្វើ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជ្រើសរើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​​មាន​SPF30+

ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPFខ្ពស់​ មិន​ផ្ដល់​ការ​ការពារ​ល្អ​ខុស​គ្នា​ប៉ុន្មាន​​ឡើយ។ ជាក់​ស្ដែង ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៣០ អាច​រារាំង​កាំរស្មី​UVB​ចំនួន​៩៧​% ខណៈ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៥០​ អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៨% និង​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF១០០អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៩%​។ យ៉ាង​ណា​មិញ​ កម្រិត​SPF៣០​​ជា​ការ​ការពារ​កម្រិត​តិចតួច​​ដែល​ស្បែក​របស់​យើង​ត្រូវការ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ចេញ​​ក្រៅ​រយៈពេល​យូរ​ម៉ោង គួរ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​។

២. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ក្រៅ​

ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​យើង​ត្រូវការ​​រយៈពេល​យ៉ាង​ហោច​ណាស់​៣០​នាទី​ ដើម្បី​ស្រូប​យក​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ និង​ការពារ​ស្បែក​ពី​កាំ​រស្មី​ព្រះអាទិត្យ។​ ដូច្នេះ​ហើយ​ ចូរ​លាប​វា​យ៉ាង​ហោច​ណាស់​៣០​នាទី​មុន​ចេញ​ទៅ​ក្រៅ និង​​លាប​ឲ្យ​​បាន​សព្វ​ល្អ និង​​ក្នុង​បរិមាណ​សម​ល្មម​​។

​​​​៣. ជ្រើសរើស​ប្រភេទ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​

ជា​ទូ​ទៅ ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​២​ប្រភេទ គឺ​ប្រភេទ​Chemical ដែល​មាន​ធាតុ​ផ្សំ​ដូច​ជា​សារធាតុ​Octinoxate និង​Oxybenzone ​និង​ប្រភេទ​Physical ​ដែល​មាន​សារធាតុzinc oxide និង​titanium dioxide។​ ប៉ុន្តែ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រភេទChemical ដូច្នេះ​ហើយ​ យើង​គប្បី​​សាកល្បង​​ផលិតផល​នេះ​នៅ​លើ​ក​ដៃ​ក្នុង​បរិមាណ​តិចតួច ដើម្បី​​ពិនិត្យ​​មើល​ថា​វា​មាន​ប្រតិកម្ម​ឬ​យ៉ាង​ណា​។

៤. លាប​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ ទោះ​ក្នុង​អាកាសធាតុ​បែប​ណា​ក៏​ដោយ​​

ទោះ​ជា​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ភ្លេច​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែរ​ ពីព្រោះ​កាំ​រស្មី​UV អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​គ្រប់​ពេលវេលា​។​ ជាមួយ​គ្នា​នេះ​ដែរ ​សូម្បី​តែ​ពន្លឺ​ពី​អេក្រង់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ក៏​អាច​​​ពន្លឿន​ការវិវត្ត​ទៅ​រក​ភាព​ចាស់​ និង​ស្នាម​ក្រហម​បាន​ដែរ​​​​​។​​​​​​​​​​

ប្រការ​មិន​​គួរ​ធ្វើ

១. ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​តែ​នៅ​លើ​មុខ​

គ្រប់​ផ្នែក​នៃ​ស្បែក​របស់​យើង​គួរ​តែ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​បិទបាំង​។ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​ក៏​គួរ​លាប​វា​នៅ​ត្រចៀក​ ដៃ​ ជើង​ និង​ស្បែក​ ពីព្រោះ​បរិវេណ​ទាំង​នេះ​ងាយ​នឹង​វិវត្តទៅ​រក​ភាព​ជ្រីវជ្រួញ​នៅ​ពេល​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​។ មួយ​វិញ​ទៀត​ ផ្នែក​ទាំង​នេះ​ក៏​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ខ្ពស់​ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។

២. ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​តែ​​ម្ដង​ក្នុង​មួយ​ថ្ងៃ​

​​​បន្ថែម​ពី​នេះ​ ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​តែ​ម្ដង​​​ក្នុង​មួយ​ថ្ងៃ មិន​អាច​​ការពារ​យើង​​ពេញ​មួយ​ថ្ងៃ​ឡើ​យ​។​ ជា​ធម្មតា វា​នឹង​រលុប​ចេញ​​យ៉ាង​ងាយ​ ដោយ​សារ​តែ​ការ​បែក​ញើស ឬ​ប៉ះពាល់​នឹង​ទឹក​។ ដើម្បី​ធានា​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មាន​ប្រសិទ្ធភាព​ ស្រី​ៗ​យើង​គប្បី​លាប​វា​ជា​រៀងរាល់​២​ម៉ោង​ម្ដង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]