ព្រះសីហនុ៖ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាន កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានរយៈពេល ៥៥៩ថ្ងៃសម្រេចលទ្ធផលស្ទើរតែ ១០០ភាគរយ។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្រកាសព័ត៌មានខាងលើបន្តឱ្យដឹងថា វឌ្ឍនភាពស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុដូចខាងក្រោម៖

-ការងារកម្រាលផ្លូវបេតុង ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់ ការងារដំឡើងលូរណប ការងារអ៊ុតកៅស៊ូ ការងាររៀបខឿនចិញ្ចើមផ្លូវ ការងារចិញ្ចើមផ្លូវសាធារណៈ ការងារគំនូសចរាចរណ៍ ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើ និងការងារស្ថាបនាផ្ទាំងអក្សរ «ខ្មែរធ្វើ» បានសម្រេចបាន ១០០ភាគរយ។

-ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ សម្រេចបាន ៨៤ភាគរយ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦៧ភាគរយ នៅសល់ការងារភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញខ្សែអុបទិកជាមួយកាមេរ៉ា និងការងារស្ថាបនាបន្ទប់ទឹកសាធារណៈចំនួន ៩ទីតាំង សម្រេចបាន ៩៥ភាគរយ ក្នុងនោះមាន ៥ទីតាំងសម្រេចបាន ១០០ភាគរយ។

ជាមួយគ្នានេះ​ ការងារស្ថាបនារង្វង់មូល និងបដិមាទាំង៣ ក្នុងនោះរង្វង់មូល និងបដិមាចំនួន២ បានបញ្ចប់ការដំឡើងរួចរាល់ គឺរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី ដោយឡែករង្វង់មូលព្រះថោងនាងនាគ សម្រេចបាន ៩០ភាគរយ

បើតាមសេចក្ដីប្រកាសព័ត៌ដដែលបានបន្តទៀតថា ក្នុងដំណើរការអនុវត្តគម្រោងខាងលើ គ.អ.ឆ.ក. បានចូលរួមកែលម្អឆ្នេរ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមចាំបាច់ដូចខាងក្រោម៖

-ស្ថាបនាផ្លូវអាទិភាពថ្មីចំនួន ៣ខ្សែទៀត ដែលមាន ២គន្លងរថយន្ត និង២គន្លងទោចក្រយានយន្ត រួមមាន៖ ផ្លូវលេខ៨១៨៨ ប្រវែង ៨០៩ម៉ែត្រ ផ្លូវលេខ៨០១ ប្រវែង ៩៥៦ម៉ែត្រ និងផ្លូវលេខ៨០៦ ប្រវែង ៧២៨ម៉ែត្រ។ ដូចនេះ ខ្សែផ្លូវសរុបចំនួន ៣៧ខ្សែ ប្រវែងសរុប ៨៤,០៦៥ម៉ែត្រ រួមមាន ៖ មហាវិថីចំនួន ៣ខ្សែ វិថីចំនួន ១៧ខ្សែ និងអនុវិថីចំនួន១៧ខ្សែ។

-ស្ថាបនា និងជួសជួលពង្រីកស្ពានថានថ្មីចំនួន ៨ទីតាំង មានប្រវែងសរុប ២៧២ម៉ែត្រ រួមមាន៖ ស្ពានសែនត្រជាក់ចិត្ត ប្រវែង ៤៥ម៉ែត្រ ស្ពានព្រែកទប់ ប្រវែង ៣០ម៉ែត្រ ស្ពានព្រះសិវៈប្រវែង ៥០ម៉ែត្រ ស្ពានព្រះថោងប្រវែង ៣០ម៉ែត្រ ស្ពានទី១ វិថីសែនជ័យប្រវែង ១២ម៉ែត្រ, ស្ពានទី២ វិថីសែនជ័យប្រវែង ១៥ម៉ែត្រ ស្ពានទី៣ វិថីសែនជ័យប្រវែង ៤៥ម៉ែត្រ និងស្ពានសែនជ័យប្រវែង ៤៥ម៉ែត្រ។

-រៀបចំកែលម្អឆ្នេរសមុទ្រប្រវែង ១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាម ឱ្យមានសោភ័ណភាពឡើងវិញ ដោយបានបើកឆ្នេរសមុទ្រចំនួន ៣ទីតាំង រួមមាន៖ ឆ្នេរពយតាមូង ប្រវែង ១,០៣៤ម៉ែត្រ ឆ្នេរពយអូរឈើទាលប្រវែង ២៥០ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅប្រវែង ១,៨៥០ម៉ែត្រ និងមានការស្ថាបនាកន្លែងទាក់ទាញជាច្រើនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]