កម្សាន្ត៖ បច្ចុប្បន្ននេះ ក្រឡេកឃើញថា មានប្រិយមិត្តក៏ដូចជាមិត្តៗយុវវ័យជាច្រើន ចាប់អារម្មណ៍ទៅលើការអានប្រលោមលោកបែបស្នេហា ដែលជាស្នាដៃនិពន្ធយ៉ាងល្អពីអ្នកនិពន្ធជំនាន់ថ្មីវ័យក្មេង ព្រមទាំងមានគំនិតច្នៃប្រឌិតសាច់រឿងយ៉ាងជក់ចិត្តប្រទាក់ក្រឡាគ្នា លាយឡំនឹងការអប់រំ ក៏ដូចជានាំទៅស្គាល់ឈ្មោះទីកន្លែងនិងរបៀបរបបនៃការរស់នៅប្រចាំថ្ងៃផ្សេងៗ នៅក្នុងសាច់រឿងដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីជីវិតពិត សម្រាប់អ្នកអានទាំងឡាយ។
ជាមួយគ្នានេះដែរ ខាងសារព័ត៌មានខ្មែរឡូត បានធ្វើការសម្ភាសន៍តាមរយៈការនិយាយទូរស័ព្ទជាមួយនឹងអ្នកនិពន្ធវ័យក្មេងមួយ ដែលបាននិពន្ធតាក់តែងប្រលោមលោកស្នេហាបែបសម័យថ្មីជាប្រភេទសាច់រឿងបែបបរទេស ដែលស្នាដៃនីមួយៗរបស់អ្នកនិពន្ធជំនាន់ថ្មីរូបនេះ កំពុងតែមានការគាំទ្រពីសំណាក់អ្នកអាន និងស្រលាញ់លើវិស័យប្រលោមលោកថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនិពន្ធវ័យក្មេងរូបនេះ មានឈ្មោះថា សុខ ណាវីន ដែលមានឈ្មោះស្លាប៉ាកា អាយរីស (Iris) ដែលសព្វថ្ងៃនេះរូបនាងមានទីលំនៅបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ។ ស្នាដៃប្រលោមលោករបស់នាង ដែលបាននិពន្ធរួចរាល់ហើយមានដូចជារឿង «គុំនុំស្នេហ៍ ម៉ាហ្វៀ» «ក្រសោបស្នេហ៍ ថែបេះដូង» «សំណល់ស្នេហ៍សាតាន» «ទ្រនំស្នេហ៍នាយធំ» «កិច្ចព្រមព្រៀងកៀងបេះដូងបុប្ផាមុយនិច» «កុលាបបាក់បន្លា» «Mr.CEO និង ភរិយាកំពូលឫក» ។
តាមរយៈការសម្ភាសន៍ជាសម្លេងបានឲ្យដឹងថា កញ្ញា អាយរីស បានចាប់ផ្ដើមសរសេរប្រលោមលោកតាំងពីចុងឆ្នាំ ២០១៦ ដែលជាក់ស្ដែងសម្រាប់ការអានរឿងប្រលោមលោកបែបស្នេហាទាំងឡាយ គឺជាចំណូលចិត្តរបស់នាងតាំងតែពីពេលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ផងដែរ។ សម្រាប់រូបនាងផ្ទាល់ នៅពេលដែលចាប់ផ្ដើមអានប្រលោមលោកដែលជាចំណូលចិត្តរបស់នាងនោះ រូបនាងមិនធ្លាប់បានស្រមៃថា នឹងសរសេរតាក់តែងប្រលោមលោកដោយខ្លួនឯងនោះទេ។
ប៉ុន្តែរហូតមកទល់នឹងពេលដែល អាយរីស បានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នឹងបានបន្តសិក្សានៅ មហាវិទ្យាល័យ ទៀតនោះ នាងបានរៀបរាប់ថា ខ្លួនបានចាប់ផ្ដើមលេងបណ្ដាញសង្គម និងមានមិត្តម្នាក់បាន add នាងចូលទៅក្នុងគ្រុបសម្រាប់ចែកចាយ និងពិភាក្សាពីរឿងប្រលោមលោក ហើយនៅពេលដែលបានឃើញថាមានអ្នកនិពន្ធរៀមច្បងសរសេររឿងប្រលោមលោកនៅក្នុងនោះ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាចង់សរសេរនិងចង់ដឹងពីសមត្ថភាពរបស់ខ្លួនឯង ផងដែរ។
ចំពោះជំហានដំបូងដែលបានធ្វើឲ្យប្រិយមិត្តអ្នកអានបានស្គាល់ ពីរឿងប្រលោមលោកដែល អាយរីស បានសរសេរឡើង អ្នកនិពន្ធរូបនេះបានបង្កើតផេក ជាឈ្មោះស្លាប៉ាកាខ្លួនឯង រួចហើយសរសេរជាភាគខ្លីៗនៅក្នុងសាច់រឿង ដើម្បីឲ្យប្រិយមិត្តអ្នកតាមដានបានអានពីរឿងរបស់នាង ក៏ដូចជាសំណូមពរឲ្យមិត្តៗជួយស៊ែរចែករំលែកជាបន្តបន្ទាប់ រហូតដល់ពេលបញ្ចប់បានប្រហែលជា ២ រឿងដំបូង ទើបមានគេទាក់ទងឲ្យបោះពុម្ពជាសៀវភៅ។ ម៉្យាងវិញទៀត ចំពោះការសរសេររឿងលើកដំបូង អាយរីស មិនដែលនឹកស្មានថាមានអ្នកចូលចិត្ត និងតាមដានជាច្រើន ទៅលើរាល់សាច់រឿងដែលនាងបានតាក់តែងឡើង។
សម្រាប់រឿងនីមួយៗដែលបានសរសេររួចរាល់ហើយនោះ អាយរីស បានបញ្ជាក់ថា ពេលវេលាប្រើប្រាស់នៅក្នុងការសរសេរគឺមិនដូចគ្នាឡើយ ដោយសារតែការសរសេរជាក់ស្ដែងវាមានច្រើនជាងការព្រៀងទុកទៅលើសាច់រឿង។ ជាពិសេស នាងក៏បានបញ្ជាក់ថា សាច់រឿងដែលនាងធ្លាប់បានសរសេរមានសាច់រឿងវែងបំផុត ត្រូវចំណាយពេលពី ៥ ទៅ ៦ ខែ រីឯសាច់រឿងខ្លីវិញ នាងចំណាយពេលត្រឹមតែ ២ ខែកន្លះ តែប៉ុណ្ណោះ។ យ៉ាងណាមិញ មុននឹងឈានដល់ការសរសេររឿង អាយរីស ក៏បានធ្វើការស្រាវជ្រាវខ្លះៗពីឈ្មោះទីកន្លែង របៀបរបបនៃការរស់នៅ ចំណង់ចំណូលចិត្តរបស់មនុស្សនៅតាមប្រទេសដទៃ ដើម្បីយកមកសរសេរឲ្យត្រូវនឹងអត្ថន័យជាក់ស្ដែង ថែមទៀត។
ចំពោះការសរសេរបានយ៉ាងល្អមួយនេះ អាយរីស ក៏បានប្រាប់ទៀតថា នាងមិនបានរៀនជំនាញតែងនិពន្ធពីមុនមកនោះទេ ដោយរូបនាងបានអានពីស្នាដៃនិពន្ធរបស់រៀមច្បង ព្រមទាំងអានរឿងប្រលោមលោកជាច្រើនទៀត អស់រយៈពេលជាច្រើនឆ្នាំមកនេះ និងរៀនសរសេរបណ្ដើរៗតាមដែលអាចធ្វើបាន។ ដោយឡែក ខណៈពេលនេះដែរ អាយរីសកំពុងជាប់រវល់ជាមួយនឹងការងារថ្មី ដែលពេលខ្លះធ្វើឲ្យនាងមិនអាចឆ្លៀតពេលសរសេរបាននោះទេ ព្រោះត្រូវប្រមូលអារម្មណ៍ដើម្បីតែងរឿងមួយនេះឲ្យបានល្អ តែទោះជាយ៉ាងណា នាងនៅតែឆ្លៀតពេលសម្រាប់តែងនិពន្ធឡើងនៅពេលទំនេរ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ។
យ៉ាងណាមិញ ថ្វីត្បិតតែមានការគាំទ្រពីអ្នកអានជាច្រើនក្ដី តែសម្រាប់ការនិពន្ធរឿងរបស់ អាយរីស នៅតែមានឧបសគ្គមួយចំនួន ដែលធ្វើឲ្យនាងធ្លាប់គិតចង់បោះបង់ការសរសេរប្រលោមលោកជាច្រើនដង។ ដោយពេលខ្លះការសរសេរមួយនេះ អាយរីសបានរំពឹងទុកថានឹងមានអ្នកតាមដានច្រើន តែជាក់ស្ដែងនៅពេលដែលបានបោះពុម្ពជាសៀវភៅរួចនោះ ក៏មានអ្នកផ្ដល់យោបល់ទៅលើស្នាដៃរបស់នាងថានៅមានកម្រិត និងធ្វើឲ្យនាងហាក់មានការអន់ចិត្តបន្តិចបន្តួចចំពោះការសរសេររបស់ខ្លួន។ មួយវិញទៀត ក៏មានអ្នកមួយចំនួនមិនសូវឲ្យតម្លៃទៅលើការសរសេររបស់នាង ដោយយកស្នាដៃសាច់រឿងរបស់នាងទៅលក់ ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។
ចំពោះសំណូមពរចុងក្រោយរបស់ អាយរីស ក្នុងនាមជាអ្នកនិពន្ធម្នាក់ ចង់បណ្ដុះនិងលើកទឹកចិត្តឲ្យក្មេងៗជំនាន់ក្រោយ ព្យាយមលើកស្ទួយវិស័យតែងនិពន្ធ នៅក្នុងប្រទេសខ្មែរឲ្យបានច្រើន និងធ្វើឲ្យវិស័យតែងនិពន្ធនៅប្រទេសកម្ពុជាកាន់តែមានគុណភាពក៏ដូចជាមានអ្នកចូលរួមសរសេរប្រលោមលោកកាន់តែច្រើនឡើង។ ជាពិសេស សូមសំណូមពរទៅដល់អ្នកអានប្រលោមលោកមួយចំនួន ដែលមានចិត្តស្រលាញ់លើវិស័យមួយនេះ បញ្ឈប់នូវទង្វើរដែលខុសឆ្គង ដូចជា ការយកស្នាដៃសរសេររបស់អ្នកនិពន្ធដែលបានចេញលក់ជាសៀវភៅនៅលើទីផ្សារ ទៅលក់បន្តដោយគ្មានការអនុញ្ញាពីម្ចាស់ដើម ព្រមទាំងយកទៅចែកចាយបន្តនៅលើបណ្ដាញសង្គម៕
«ខ្មែរឡូតសូមរក្សាសិទ្ធិ»
ខាងក្រោមនេះ គឺជាវីដេអូសម្លេងពីបទសម្ភាសន៍របស់ អាយរីស៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]