តារាកម្សាន្ត: ជាការពិត ជីវិតរបស់មនុស្សម្នាក់ៗតែងតែមានភាពលំបាក ស្រណុកសុខស្រួល និងទុក្ខសោកដែលនេះគឺជាអ្វីដែលមិនអាចប្រែក្រឡាស់បាន ព្រោះវាជាព្រហ្មលិខិតដែលបានកំណត់ទុកសម្រាប់មនុស្សម្នាក់ៗ។
យ៉ាងណាមិញ ក្រលេកមកមើលនូវរឿងរ៉ាវជីវិតរបស់តារាស្រីដ៏ល្បី២ដួងឯនេះវិញ គឺអ្នកនាង មាស សុខសោភា និងអ្នកនាងពេជ្រសោភា មុនក្លាយជាតារាចម្រៀងល្បីលំដាប់ប្រទេស និងមានឈ្មោះសម្លេងមកទល់នឹងសព្វថ្ងៃនេះ តារាស្រីទាំង២ដួងនេះ សុទ្ធសឹងតែបានជួបប្រទះទៅនឹងរឿងរ៉ាវជីវិតជូរជត់ ដោយនៅក្នុងនោះមាន÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.អ្នកនាង ពេជ្រសោភា(តារាចម្រៀងប្រចាំផលិតកម្មហង្សមាស)
កើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ និងជាកូនពៅនៅក្នុងគ្រួសារ ពេលទៅណាមកណា ម្ដាយរបស់អ្នកនាងតែងតែយក អ្នកនាងពេជ្រ សោភាទៅតាមជានិច្ច។ នៅពេលម្ដាយរបស់អ្នកនាងរុញធុងអំពៅសាងលក់ ម្ដាយរបស់អ្នកនាងបានដាក់ឲ្យនាងដេកនៅក្នុងប្រអប់ដាក់អំពៅខាងក្រោម។ សេដ្ឋកិច្ចគ្រួសាររបស់អ្នកនាងនៅពេលនោះ គឺពិបាកខ្លាំងណាស់ មានពេលខ្លះអ្នកនាងមិនមានបាយហូបគ្រប់គ្រាន់នោះទេ។ ចំណែកផ្ទះរបស់អ្នកនាងវិញ ពេលភ្លៀងមកម្ដងៗមិនមានកន្លែងដេកនោះឡើយ ព្រោះដំបូល និងជញ្ជាំងមានការធ្លុះធ្លាយច្រើនកន្លែង។ ទាំងម្ដាយ និងឪពុករបស់អ្នកនាង គឺសុទ្ធតែធ្លាប់ធ្លាក់ពីលើចុងដើមអំពិលដូចគ្នា។ ឪពុករបស់នាងបានពិការដៃម្ខាងរហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០០២ ក្រុមគ្រួសារអ្នកនាង និងប្រជាជនផ្សេងទៀតត្រូវបានអាជ្ញាធរបណ្ដេញចេញពីភូមិសម្បុកចាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយត្រូវបានអាជ្ញាធរចែកដីឲ្យមួយកន្លែង ជិតគុកព្រៃស។
អ្នកនាង ពេជ្រ សោភាបានចូលសិក្សានៅសាលាបឋមសិក្សាសិក្សា”សុធារស” ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា នាងបានបន្តទៅរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ពេលទំនេរពីការសិក្សា នាងតែងតែទៅទៅជួយលក់អំពៅសាង ឬ ទូលនំលក់ ជាមួយម្ដាយ និងបងស្រីជាដើម ។ នៅអាយុ១០ឆ្នាំ នាងចាប់ផ្ដើមរុញធុងអំពៅសាងលក់ដោយខ្លួនឯង ទីកន្លែងដែលនាងលក់ មានដូចជានៅតាមបណ្ដោយមាត់ទន្លេ និងមុខព្រះបរមរាជវាំងជាដើម។
នៅចុងឆ្នាំ២០០១ អ្នកនាងបានទៅដាក់ពាក្យប្រលងចម្រៀងនៅក្នុងភោជនីយដ្ឋានមួយ ជិតមជ្ឈមណ្ឌលផាក់វ៉េ ហើយបានពានរង្វាន់ជាប្រាក់មួយចំនួន។ កាលណោះអ្នកនាងបានឲ្យប្រាក់នោះទៅឲ្យម្ដាយរបស់នាង ដើម្បីទិញម៉ាស៊ីនកិនទឹកអំពៅដើម្បីលក់។ ចាប់ពីពេលនោះមកនាងក៏បានទៅច្រៀងនៅក្នុងភោជនីយដ្ឋានរាត្រីមួយ ជិតទីស្ដីការក្រសួងទេសចរណ៍ចាស់ ដោយបានទទួលថ្លៃឈ្នួលក្នុងមួយយប់២ដុល្លារកន្លះ ហើយក្រោយមកក៏ត្រូវបានថៅកែតម្លើងឲ្យ៣ដុល្លារ ។ អ្នកនាងច្រៀងនៅទីនោះបានជិតមួយឆ្នាំ ក៏ត្រូវបានមជ្ឈមណ្ឌលស្ប៉ាកចាប់អារម្មណ៍ ហើយបានហៅនាងទៅច្រៀងនៅទីនោះ ដោយបានតម្លៃខ្លួនក្នុងមួយយប់ ៥ដុល្លារ។ ការច្រៀងនៅមជ្ឈមណ្ឌលស្ប៉ាករបស់អ្នកនាង ពេជ្រ សោភា គឺបានមិនដល់មួយឆ្នាំផង គឺត្រូវបានទូរទស្សន៍ជាតិកម្ពុជាអញ្ជើញទៅចូលរួមក្នុង “កម្មវិធីជួបជុំមិត្តសិល្បករសិល្បការិនី” ហើយក្រោយមកផលិតកម្មរស្មីហង្សមាសបានចាប់អារម្មណ៍។ នៅឆ្នាំ២០០៣ ផលិតកម្មរស្មីហង្សមាស បានហៅនាងទៅសាកល្បងសំឡេង ហើយបន្ទាប់នាងក៏បានចូលហាត់ច្រៀងក្នុងផលិតកម្មរស្មីហង្សមាសតែម្ដង។
រហូតមកទល់នឹងសព្វថ្ងៃនេះ តារាស្រីរូបនេះនៅតែបន្តមានប្រជាប្រិយភាពនៅក្នុងផលិតកម្មរស្មីហង្សមាស។
២/.អ្នកនាង មាស សុខសោភា(តារាចម្រៀងប្រចាំផលិតកម្មរាម)
កើតនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៩៨៤ នៅនៅខេត្តកំពង់ស្ពឺ តារាស្រីរូបនេះ បានចូលរៀននៅសាលាបឋមសិក្សាស្ដៅ នៅកៀនស្វាយ ខេត្តកណ្ដាល ហើយនាងបានបន្តការសិក្សារហូតដល់មធ្យមសិក្សា គឺ នៅវិទ្យាល័យព្រះបាទជ័យវរ្ម័នទី ៧ ប៉ុន្តែបានឈប់ពីការសិក្សានៅត្រឹមថ្នាក់ទី ១០ ដោយសារតែឪពុកបានស្លាប់ហើយបន្ទុកគ្រួសារបានធ្លាក់មកលើរូបនាង និង បងប្រុស ដែលត្រូវរ៉ាប់រងគ្រួសារទាំងមូល។ មាស សុខសោភា និង បងប្រុស ក្លាយជាបង្គោលគ្រួសារ បន្ទាប់ពីឪពុកស្លាប់ ក្រោយពី មាស សុខសោភា និង បងប្រុស បានក្លាយទៅជាបង្គោលគ្រួសារហើយនោះ អ្នកទាំងពីរបានរ៉ាប់រងជីវភាពគ្រួសារទាំងមូល ដូច្នេះ នាង និង បងប្រុស បានសម្រេចចិត្តដើរច្រៀងតាមភ្លេងការនៅតាមស្រុកស្រែ ដោយទទួលបានកម្រៃតិចតួចដើម្បីយកមកផ្គត់ផ្គង់ ជីវភាពរស់នៅ។
ចេញពីស្រុកកំណើត ទៅច្រៀងតាមភោជនីយដ្ឋានរកប្រាក់បានត្រឹមតែ ១-២ ដុល្លារ ក្នុង១ថ្ងៃដោយសារស្ថានភាពជីវភាពនៅតែយ៉ាប់យ៉ឺន គ្រួសាររបស់ កញ្ញា មាស សុខសោភា បានវេចបង្វេចចេញពីស្រុកកំណើត ដោយប្ដូរទៅរស់នៅខេត្តកណ្ដាល ហើយ សុខសោភា និង សុខរតនៈ (បងប្រុស) នៅតែបន្តអាជីពដើរច្រៀងភ្លេងការ ហើយបន្ទាប់មកបានផ្លាស់ពីការច្រៀងភ្លេងការមកច្រៀងតាមភោជនីយដ្ឋានវិញម្ដង ដែលទទួលបានកម្រៃពី ១-២ ដុល្លារ ក្នុង ១ ថ្ងៃ ដែលជាចំណូលសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ប៉ុន្តែក្ដីសង្ឃឹមជាអ្នកចម្រៀងអាជីពត្រូវរលាយ ដោយសារខាងអ្នករៀបចំកម្មវិធី យល់ថា កញ្ញា មាស សុខសោភា មានរូបសម្រស់មិនស្អាត មិនស័ក្ដិសមជាតារាចម្រៀងក្នុងក្លឹបរបស់គាត់ តែនាងនៅតែពុះពារគ្រប់កាលៈទេសៈដើម្បីបានច្រៀងនៅក្នុងក្លឹបនោះ។
ដោយក្ដីស្រលាញ់ អាណិត និង ការតស៊ូរបស់នាង ម្ចាស់ក្លឹបបានអនុញ្ញាតឲ្យច្រៀង តែទទួលបានកម្រៃ ១០$ ក្នុងមួយយប់។ ប្រាក់កម្រៃដែលទទួលបាននេះមិនអាចយកទៅដោះស្រាយជីវភាពគ្រួសារ គ្រប់គ្រាន់នោះទេ ហើយនាងបានព្យាយាមដើម្បីច្រៀងនៅកន្លែងផ្សេងទៀតសម្រាប់ទ្រទ្រង់ ជីវភាព។ បន្ទាប់មកដោយសារតែការខិតខំប្រឹងប្រែងដោយផ្តើមអាជីពដំបូងនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]