ភ្នំពេញ: យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលលេខ ០១ សប្រក/ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ក្រសួងសុខាភិបាលសូមជម្រាបជូននិងធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូស ជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះដូចខាងក្រោម៖

១-សម្រាប់មន្ត្រីបម្រើការជួរមុខ, មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ, ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៤ និងខែទី៦ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយឡែកសម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង មូលដ្ឋានបានគ្រប់ដូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២-ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំង ប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ ប៉ុន្តែ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពារ រាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។

៣-ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន ២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចគ្នា ដូចជា Sinapharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំង Viral Vector (han AstraZeneca)  mRNA ( Pfizer Moderna) ជាដូសជំរុញក៏បាន។

៤- ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង Astraleneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជាវ៉ាក់សាំង Astraleneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។

ដោយឡែកចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សា ស្រាវជ្រាវនៃក្រសួងសុខាភិបាលនឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងដល់សាធារណជនអំពី លទ្ធផលនៃការសិក្សានេះនៅពេលក្រោយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]