គ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយ ពិសេសបេះដូង សាច់ដុំ និងតម្រងនោមត្រូវការរ៉ែម៉ាញេស្យូម។ ពិតណាស់ ម៉ាញេស្យូមជាសារធាតុរ៉ែទូទៅទី៤ ក្នុងរាងកាយ បន្ទាប់ពីកាល់ស្យូម ប៉ូតាស្យូម និងសូដ្យូម ប៉ុន្តែវារួមចំណែកដល់ដំណើរការជាច្រើន រួមមានមុខងារសាច់ដុំ និងសរសៃប្រសាទ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អ។ បន្ថែមពីនេះ ម៉ាញ៉េស្យូមក៏ជួយរាងកាយឲ្យប្រើប្រាស់សារធាតុចិញ្ចឹមផ្សេងទៀត ដូចជាវីតាមីនD។ យ៉ាងណាមិញ ប្រសិនបើយើងខ្វះជាតិម៉ាញេស្យូម យើងអាចប្រឈមនឹងការវិវត្តន៍ទៅជាផលវិបាកសុខភាពជាច្រើន។
១. រមួលសាច់ដុំ និងកន្ត្រាក់សាច់ដុំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉ាញេស្យូម ជាអេឡិចត្រូលីតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សាច់ដុំ។ វាជួយគ្រប់គ្រងមុខងារសាច់ដុំ និងសរសៃប្រសាទដោយដឹកនាំប៉ូតាស្យូម និងកាល់ស្យូមឆ្លងកាត់កោសិកា។ ប្រសិនបើរាងកាយខ្វះជាតិម៉ាញេស្យូម វាអាចបង្កទៅជាអាការៈរមួលក្រពើ និងកន្ត្រាក់សាច់ដុំ។
២. អស់កម្លាំង
អាការៈអស់កម្លាំងអាចបណ្ដាលមកពីមូលហេតុជាច្រើន ប៉ុន្តែរបបអាហារ គឺជាមូលហេតុចម្បងមួយ។ កម្រិតថាមពលទាប អស់កម្លាំង និងខ្សោយ ជារោគសញ្ញាទូទៅនៃកង្វះម៉ាញេស្យូម។ ជាក់ស្ដែង សារធាតុរ៉ែនេះ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ដំណើរការសាច់ដុំបានត្រឹមត្រូវ ហើយវាក៏ជួយរាងកាយក្នុងការបំប្លែងអាហារទៅជាថាមពលផងដែរ។
៣. គេងមិនលក់
ប្រសិនបើយើងគេងមិនលក់នៅពេលយប់ យើងអាចនឹងមានកម្រិតម៉ាញេស្យូមទាប ដែលធ្វើឲ្យយើងអស់កម្លាំង។ យោងតាមការសិក្សាបានបង្ហាញថា អាហារបំប៉នជាតិម៉ាញេស្យូមអាចជួយឲ្យយើងគេងបានយូរ និងស្កប់ស្កល់។
៤. ស្រ្តេស និងថប់បារម្ភ
ជាមួយគ្នានេះដែរ កម្រិតម៉ាញេស្យូមទាបក៏អាចធ្វើឲ្យយើងព្រួយបារម្ភច្រើន និងកើតមានអាការៈស្រ្តេស ព្រមទាំងថប់បារម្ភ។ អំឡុងពេលស្រ្តេស រាងកាយរបស់យើងកាន់តែត្រូវការជាតិម៉ាញេស្យូមច្រើនជាងធម្មតា។
៥. ឈឺក្បាល និងឈឺក្បាលប្រកាំង
ម៉ាញេស្យូមអាចដើរតួនាទីក្នុងការបញ្ជូនរំញោចសរសៃប្រសាទ ដែលជួយគ្រប់គ្រង ឬរារាំងការឈឺចាប់។ ក្នុងករណីដែលយើងខ្វះជាតិម៉ាញេស្យូម វាអាចប៉ះពាល់ដល់ការបញ្ចេញសារធាតុគីមីដែលបញ្ជូនរំញោចសរសៃប្រសាទក្នុងរាងកាយ និងច្របាច់កោសិកាឈាម ជាកត្តាដែលជំរុញឲ្យយើងឈឺក្បាល និងឈឺក្បាលប្រកាំង។
៦. ជំងឺពុកឆ្អឹង
ក្នុងរយៈពេលយូរៗទៅ កម្រិតជាតិម៉ាញេស្យូមទាបអាចធ្វើឲ្យឆ្អឹងចុះខ្សោយ ព្រមទាំងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង និងបាក់ឆ្អឹង។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយយើងមានជាតិម៉ាញេស្យូមគ្រប់គ្រាន់ ដង់ស៊ីតេរ៉ែឆ្អឹងនឹងមានកម្រិតខ្ពស់ ហើយវាក៏អាចបង្ការបញ្ហាកាល់ស្យូមក្នុងឈាមចុះទាប(hypocalcemia) ថែមទៀតផង។
៧. បញ្ហាបេះដូង
ដូចគ្នានេះដែរ ប្រសិនបើយើងខ្វះជាតិម៉ាញេស្យូម រាងកាយយើងមិនអាចគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូងបានត្រឹមត្រូវឡើយ ពីព្រោះម៉ាញេស្យូមជួយគ្រប់គ្រងសម្ពាធឈាម ជាតិស្ករក្នុងឈាម កម្រិតអាំងស៊ុយលីន និងចង្វាក់បេះដូងលោតមិនទៀងទាត់ប្រកបដោយប្រសិទ្ធភាព។
គន្លឹះគ្រប់គ្រងជាតិម៉ាញេស្យូមក្នុងរាងកាយ
វិធីសាស្ត្រដ៏ល្អបំផុតដើម្បីបំពេញជាតិម៉ាញេស្យូមដែលខ្វះខាត គឺការញ៉ាំអាហារបំប៉ន និងបង្កើនការញ៉ាំអាហារដែលមានជាតិម៉ាញេស្យូម ដូចជាបន្លែស្លឹកបៃតង (ស្ពៃពួយឡេង ខាត់ណាខៀវ ស្ពៃក្តោប) ផ្លែបឺរ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ ជាពិសេសគ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និងសណ្ដែកដី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]