រឹងកឈឺក្បាល ជាពាក្យពិពណ៌នាដល់អាការៈឈឺក្បាលដែលបង្កឡើងដោយសារការរឹងក។ ដើម្បីឲ្យយល់ច្បាស់ពីន័យនេះ យើងបន្តស្វែងយល់ទាំងអស់គ្នា។
រឹងក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាការៈរឹងក គឺមានការឈឺចាប់នៅកញ្ចឹងក ដែលនាំឲ្យយើងពិបាកងាកក្បាលទៅឆ្វេង ឬស្ដាំ។ ការឈឺចាប់នេះ ច្រើនកើនឡើងព្រោះតែសាច់ដុំឡើងរឹង។ មូលហេតុទូទៅមួយចំនួនបង្កឲ្យឡើងរឹងក មានដូចជា៖
- គេងដាក់ក្បាលមិនត្រូវទំនងនាំឲ្យជាប់ក
- ជាប់សរសៃប្រសាទនៅក
- មានរបួសប៉ះពាល់ក
- បញ្ហាសុខភាពដូចជារលាកសន្លាក់
ឈឺក្បាល
ឈឺក្បាល ជាបញ្ហាទូទៅមួយ ដែលភាគច្រើនកើតឡើងដោយសារតែបញ្ហាជាមួយសរសៃឈាម ឬសាច់ដុំក្នុងក្បាល មុខ ឬក។ យ៉ាងណា ក៏មានការពិបាកដែរ ក្នុងការកំណត់ពីមូលហេតុនាំឲ្យឈឺក្បាលនេះ ដោយអ្នកខ្លះមានអាការៈឈឺក្បាលញឹកញាប់ជាងអ្នកផ្សេងទៀត។
មួយវិញទៀត ក៏មានដែរអាការៈឈឺក្បាលមួយប្រភេទ កើតឡើងពេលសាច់ដុំនៅកឡើងរឹង ឬកន្ត្រាក់ ដូចជាពេលរឹងក អ៊ីចឹងដែរ។ ចុះបើមានបញ្ហាឈឺក្បាលដោយសាររឹងកបែបនេះ គួរដោះស្រាយបែបណា?
១. ស្អំទឹកកក ឬទឹកក្ដៅឧណ្ហៗ
ជាជំហានដំបូងដើម្បីគ្រប់គ្រងបញ្ហារឹងកឈឺក្បាលនេះបាន យើងត្រូវចាប់អារម្មណ៍រឿងរឹងកជាមុនសិន។ ក្នុងរយៈពេល៤៨ទៅ៧២ម៉ោងដំបូងនៃការឈឺនៅត្រង់ក យើងអាចប្រើទឹកកកស្អំនៅកន្លែងដែលឈឺចាប់។ បន្ទាប់មកទៀតយើងអាចសាកល្បងស្អំទឹកក្ដៅឧណ្ហៗម្ដងវិញ។ ពេលយើងប្រើទឹកកក ឬទឹកក្ដៅឧណ្ហៗស្អំលើ ក យើងក៏ត្រូវប្រយ័ត្នដល់ស្បែកដែរ ដោយមិនត្រូវស្អំជាប់រហូតទេ ត្រូវដកឃ្លាខ្លះ ហើយមិនត្រូវស្អំរបស់ទាំងនេះនៅលើ ក ទាំងដែលយើងគេងលក់នៅដែរ។
២. ធ្វើចលនា ក និងក្បាល
ការធ្វើចលនាសាច់ដុំនឹងអាចជួយបន្ថយអាការៈរឹងនៅកនេះបាន និងជួយសម្រួលដល់បញ្ហាឈឺក្បាលដោយរឹងកនេះដែរ។ យ៉ាងណា យើងមិនត្រូវងាកក ឬឱនក្បាលចុះឡើងខ្លាំងៗពេកទេ អាចនាំឲ្យឈឺចាប់។ គ្នាយើងគួរងាកក ឬបែរក្បាលចុះឡើងតិចៗពីម្ខាងទៅម្ខាង ឬឡើងលើចុះក្រោម ទើបជាការល្អ។
វិធីសាស្រ្តមួយចំនួនទៀតជួយបន្ធូរការរឹងសាច់ដុំកនេះ មានដូចជា៖
- បង្វិលស្មាទៅមុខទៅក្រោយ
- ធ្វើចលនាត្រង់ស្លាបប្រចៀវចុះឡើង
- ឱនដាក់ត្រចៀកឲ្យដល់ស្មាចុះឡើងថ្នមៗ
ដូចគ្នាដែរ ការម៉ាស្សាថ្នមៗនៅកន្លែងឈឺចាប់ ក៏អាចជួយសម្រាលអាការៈបានដែរ តែកុំម៉ាស្សាខ្លាំងៗពេក។
៣. ចៀសវាងស្រ្តេស
ស្រ្តេស ព្រមជាមួយនឹងភាពហត់នឿយ អាចធ្វើឲ្យអាការៈរឹងកឈឺក្បាលនេះកាត់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យយើងងាយមានបញ្ហាសុខភាពផ្សេងទៀតផងដែរ។ ដើម្បីចៀសវាងអ្វីទាំងនេះ យើងត្រូវញ៉ាំអាហារឲ្យបានទៀងពេល សម្រាកឲ្យបានគ្រប់គ្រាន់ និងគេងឲ្យបានលង់លក់ល្អ។
៤. ឥរិយាបថក្នុងការគេង
ជាការពិត យើងប្រហែលជាមិនអាចតាមដានឥរិយាបថនៃការគេងរបស់យើងបានទេពេលយើងគេងលក់។ ប៉ុន្តែយើងអាចមានវិធានការមុនពេលគេងបាន។ ឧទាហរណ៍ យើងមិនគួរគេងពោបនោះទេ ការគេងបែបអាចធ្វើឲ្យក្បាល និងក របស់យើងត្រូវបែរទៅទិសដៅមួយមិនសមទំនង អាចធ្វើឲ្យឈឺចាប់ត្រង់កថែមទៀត។
មកដល់ចំណុចនេះ បើសិនជាបញ្ហារឹងកឈឺក្បាល តែងតែកើតមានញឹកញាប់ យើងគួរទិញពូកដែលមានសភាពរឹងមិនងាយទ្រុឌ និងខ្នើយដែលមានលក្ខណៈពិសេសសម្រាប់ ក របស់យើងដែរហើយ។ មួយវិញទៀត ក៏គួរជួបពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំល្អៗ ធ្វើរោគវិនិច្ឆ័យ ឬក៏អាចថាបើយើងមានបញ្ហាបែបនេះអាចប្រើប្រាស់ថ្នាំមិនត្រូវការវេជ្ជបញ្ជាណាមួយបានឬអត់ និងក្នុងកម្រិតណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]