ជំងឺមហារីកសួតភាគច្រើន មិនបង្ហាញរោគសញ្ញាឡើយ រហូតដល់ជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក្នុងករណីដែលជំងឺមហារីកសួតបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូង វាអាចមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែរោគសញ្ញាទូទៅដែលយើងគប្បីប្រុងប្រយ័ត្នឲ្យបានដិតដល់ មានដូចខាងក្រោម។
១. ក្អកជាប់ជាប្រចាំ ឬក្អកមានការប្រែប្រួល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីដែលអាការៈក្អកមិនបាត់ទៅវិញដោយខ្លួនឯង និងនៅតែបន្ត វាអាចជារោគសញ្ញានៃជំងឺមហារីកសួត។ យោងតាមការសិក្សាមួយនៅចក្រភពអង់គ្លេសបានបង្ហាញថា ការក្អកជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅនៃជំងឺមហារីកសួត ហើយប្រហែលជា០,២% ដែលក្អកច្រើនជាង៣សប្ដាហ៍ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកសួត។ ម្យ៉ាងវិញទៀត ចូរសង្កេតមើលការប្រែប្រួលនៃការក្អករ៉ាំរ៉ៃ ជាពិសេសសម្រាប់អ្នកដែលជក់បារី។ ប្រសិនបើយើងក្អកមានស្លេស្មច្រើន ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
២. ពិបាកដកដង្ហើម ឬដកដង្ហើមលឺសំឡេង
ជាមួយគ្នានេះដែរ ប្រសិនបើយើងងាយអស់កម្លាំង និងដកដង្ហើមខ្លីៗ វាអាចជាសញ្ញានៃជំងឺមហារីកសួត។ រាល់ការប្រែប្រួលនៅក្នុងការដកដង្ហើម អាចបង្ហាញថាផ្លូវដង្ហើមរបស់យើងត្រូវបានរារាំងដោយជំងឺមហារីកសួត។ ក្នុងករណីដែលយើងមានអារម្មណ៍ថាហត់ខ្លាំងនៅពេលធ្វើការងារស្រាលៗ សូមតាមដានសុខភាពឲ្យបានដិតដល់។
៣. ឈឺចាប់រាងកាយ
រោគសញ្ញាទូទៅមួយទៀតនៃជំងឺមហារីកសួត គឺការឈឺចាប់រាងកាយ។ វាអាចបង្កឲ្យមានការឈឺចាប់នៅក្នុងទ្រូង ស្មា ឬខ្នង។ ប្រសិនបើការឈឺចាប់នេះបណ្ដាលមកពីជំងឺមហារីកសួត វាអាចដោយសារតែកូនកណ្ដុរ ឬមហារីករីករាលដាល ឬរាលដាលដល់ជញ្ជាំងទ្រូង។
៤. សំឡេងស្អក
បន្ថែមពីនេះ ជំងឺមហារីកក៏អាចបង្កឲ្យមានការប្រែប្រួលសំឡេង។ ពិតណាស់ ជួនកាលជំងឺផ្ដាសាយធម្មតាក៏អាចនាំឲ្យសំឡេងយើងស្អកដូចគ្នា ប៉ុន្តែបើបញ្ហានេះបន្តរយៈពេលយូរ វាអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។
៥. ស្រកទម្ងន់
ទន្ទឹមនឹងនេះដែរ ប្រសិនបើយើងសង្កេតឃើញការប្រែប្រួលទម្ងន់ដោយគ្មានមូលហេតុ វាអាចជាសញ្ញានៃជំងឺមហារីក ពីព្រោះតែកោសិកាមហារីកប្រើប្រាស់ថាមពលរបស់យើង ហើយពេលខ្លះ វាអាចប៉ះពាល់ដល់ការស្រកទម្ងន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]