សុខភាពឆ្អឹងរបស់យើងមិនត្រឹមតែប្រឈមនឹងហានិភ័យពីកត្តាខាងក្រៅដូចជាការរងកម្លាំងទង្គិចណាមួយ ឬការដួលប៉ុណ្ណោះទេ ប៉ុន្តែកត្តាដទៃទៀតក៏ដើរតួនាទីសំខាន់ក្នុងការកំណត់សុខភាពឆ្អឹងរបស់យើងដូចគ្នា។ កត្តាទាំងនេះរួមមានប្រវត្តិគ្រួសារ ហ្សែន អាយុ ពូជសាសន៍ និងភេទ ដែលសុទ្ធតែនាំឲ្យយើងងាយកើតមានបញ្ហាឆ្អឹងផ្សេងៗ ដូចជាបាក់ឆ្អឹង ឬជំងឺពុកឆ្អឹង ជាដើម។ ដូច្នេះហើយ ដើម្បីការពារ និងថែទាំសុខភាពឆ្អឹង យើងគប្បីបញ្ឈប់ទម្លាប់ប្រចាំថ្ងៃទាំងនេះ។
១. បែបបទរស់នៅមិនល្អ
ឆ្អឹងជាជាលិកាដែលមានជីវិត ហើយនៅពេលដែលយើងប្រើប្រាស់វាច្រើន ឆ្អឹងនឹងអាចសម្របខ្លួន ព្រមទាំងរឹងមាំទ្វេដង។ ការហាត់ប្រាណជាប្រចាំមានសារសំខាន់ណាស់។ មួយវិញទៀត យើងចាំបាច់ត្រូវបញ្ឈប់ទម្លាប់អសកម្ម ឬអង្គុយយូរម៉ោង ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពឆ្អឹងរបស់យើងនៅពេលក្រោយ។
២. ស្រកទម្ងន់ខ្លាំងជ្រុល
ជាមួយគ្នានេះដែរ ការគ្រប់គ្រងទម្ងន់ឲ្យបានល្អក៏ជារឿងសំខាន់ផងដែរ ពីព្រោះថាការស្រកទម្ងន់ច្រើនអាចប៉ះពាល់ដល់ឆ្អឹងរបស់យើង។ នៅពេលដែលសន្ទស្សន៍ម៉ាសរាងកាយទាបជាង១៨,៥ យើងនឹងប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង។
៣. កង្វះវីតាមីនDពីពន្លឺព្រះអាទិត្យ
ជាក់ស្ដែង វីតាមីនDមានសារសំខាន់ណាស់សម្រាប់ឆ្អឹងក្នុងការស្រូបយកជាតិកាល់ស្យូម។ ប្រសិនបើយើងខ្វះវីតាមីនD ឆ្អឹងរបស់យើងនឹងស្ដើង ព្រមទាំងខ្សោយទៅៗ ដែលអាចនាំឲ្យយើងងាយនឹងកើតជំងឺពុកឆ្អឹង។ ការទទួលបានពន្លឺព្រះអាទិត្យប្រហែល២០ទៅ៣០នាទីនៅពេលព្រឹក ឬពេលល្ងាច មានគុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពឆ្អឹង។ បន្ថែមពីនេះ គ្នាយើងគប្បីបញ្ចូលត្រីទៅក្នុងរបបអាហារប្រចាំថ្ងៃ ទើបជាការប្រសើរ។
៤. អាហារប្រៃ
បន្ថែមពីនេះ ការញ៉ាំជាតិសូដ្យូមខ្ពស់ចំពោះស្ត្រីក្រោយអស់រដូវ បង្កើនឱកាសនៃការបាក់ឆ្អឹងច្រើនជាងអ្នកដែលញ៉ាំជាតិសូដ្យូម (អំបិល)ទាបដល់ទៅ៤ដង ពីព្រោះអំបិលអាចបណ្ដាលឲ្យមានការបញ្ចេញជាតិកាល់ស្យូមច្រើន តាមរយៈតម្រងនោម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]