គ្នា​យើង​ដែល​មាន​បញ្ហា​សុខភាព​សួត​ខ្សោយ​គួរ​តែ​ចាប់​​អារម្មណ៍​អំពី​របប​អាហារ​ដែល​កំពុង​តែ​ញាំ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ដិត​ដល់​។ ពពួក​ផ្លែ​ឈើ បន្លែ ទឹកដោះ​គោ​ និង​គ្រឿង​ផ្សំក្នុង​អាហារ​​មួយ​ចំនួន​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​សួត​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​របប​អាហារ​សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​សុខភាព​សួត​គួរ​តែ​ញាំ ​និង​មិន​គួរ​ញាំ៖

១.អាហារ​ល្អ​សម្រាប់​សុខភាព​សួត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ផ្លែ​ប៉ោម៖ ផ្លែ​ប៉ោម​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម quercetin ។ ផ្លែ​ប៉ោម​​​អាច​ជួយ​សម្រួល​អាការៈ​ជំងឺ​សួត​ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​ខូច​ខាត​សួត​ដែល​បណ្ដាល​មក​ពី​ការ​ជក់​បារីផង​។ គ្នា​យើង​ដែល​ញ៉ាំ​ផ្លែ​ប៉ោម ៥ ផ្លែ​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​ ក៏​ជួយ​កាត់​បន្ថយ​ការ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជាជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ ផង​ដែរ។
  • មើម​ឆៃថាវក្រហម៖មើម​ឆៃថាវ​ក្រហម​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​មុខ​ងារ​សួត បញ្ចុះ​សម្ពាធ​ឈាម​ និង​បង្កើន​ការ​ស្រូប​យក​អុកស៊ីសែន​ផង​ដែរ។ ការណ៍​នេះ​ក៏​ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​​ជួយ​លើក​កម្ពស់​សុខភាព​សួត​ដូច​ជា​ម៉ាញេស្យូម​ និង​ប៉ូតាស្យូម។
  • ផ្លែ​ល្ពៅ៖ ផ្លែ​ល្ពៅ​គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ carotenoids ដែល​មាន​ទំនាក់​ទំនង​ល្អ​​នឹង​មុខ​ងារ​សួត។ សារធាតុ​Carotenoids ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប្រឆាំង​ពី​ការ​រលាក​ផង​ដែរ។
  • ផ្លែ​ប៉េងប៉ោះ៖ គឺ​ជា​ប្រភព​បន្លែ​​សម្បូរ​ដោយ​សារធាតុ lycopene និង​​សារធាតុ​carotenoid ដែលជួយ​​ឱ្យ​មុខ​ងារ​សួត​ប្រសើរ​ឡើង​ ហើយ​​ក៏​ជួយ​កាត់​បន្ថយ​អាការៈ​​នៃ​ជំងឺ​សួត​ និង​ការ​រលាក​ផ្លូវ​ដង្ហើម។
  • បន្លែ​បៃតង៖ ដូច​ជា​ស្ពៃ​តឿ ផ្ទី​ និង​ខាត់​ណា ​ជា​ប្រភព​បន្លែ​ដែល​សម្បូរ​ដោយ carotenoids ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម​និង​វីតាមីន។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​ការ​រលាក​ និង​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សួត​ និង​ជួយ​សុខភាព​ទូ​ទៅ។

២.អាហារ​​គួរ​ជៀស​វាង​ប្រសិន​បើ​គ្នា​យើង​មាន​បញ្ហា​សួត

  • អាហារ​ប្រៃ៖ សូដ្យូម​ ឬ​អំបិល អាច​បង្ក​ឲ្យ​ចាល់​សារធាតុ​រាវ​ក្នុង​រាង​កាយ ដែល​អាច​នាំ​ឲ្យ​អ្នក​ជំងឺ​សួត​ឆាប់​ហត់​។ អ្នកមាន​ជំងឺ​សួត​គួរ​កម្រិត​ការ​ញ៉ាំអំបិល​ មិន​ត្រូវ​លើស​ពី​៣០០ មីលី​ក្រាម​ក្នុង​មួយ​ពេល​ទេ។ ដូច​គ្នា​ដែរ គួរ​ពិនិត្យ​ស្លាក​សញ្ញា​រាយ​មុខគ្រឿង​ផ្សំ​លើ​ផលិត​ផល​ដែល​យើង​ទិញ​ញ៉ាំ ដើម្បី​ដឹង​ច្បាស់​ថា​មិន​មាន​អំបិល​ច្រើន​។​
  • ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ៖ ផលិត​ផល​ទាំង​នេះ​ធ្វើ​ឲ្យ​រាង​កាយ​បង្កើន​បរិមាណ​ស្លេស្ម ​និង​ទឹក​រម្អិល ​អាច​នាំ​ឲ្យ​ក្អក​ និង​អាច​បណ្ដាល​ឱ្យ​ពិបាក​​​ដក​ដង្ហើម ពិសេស​អ្នក​​មាន​ស្ទះដង្ហើមរ៉ាំរ៉ៃ​ ។
  • អាហារ​កែ​ច្នៃ៖ អាហារ​កែច្នៃ​មាន​ផ្ទុក​សារធាតុ នីត្រាត​ សម្រាប់​រក្សា​គុណ​ភាព​កុំ​ឲ្យ​ឆាប់​ខូច។ ភាគ​ច្រើន​គេ​ឃើញ​មាន​នៅ​ក្នុង អាហារ​កំប៉ុង អាហារ​ផ្អាប់ និង​សាច់​ដែល​គេ​យក​មក​ច្នៃ​ជា​អាហារ​កញ្ចប់។ ជា​មួយ​គ្នា​នេះ​ដែរ សារធាតុ នីត្រាត ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មូល​ហេតុ​មួយ​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ស្ទះដង្ហើមរ៉ាំរ៉ៃ ផង​ដែរ ។
  • ភេសជ្ជៈកំប៉ុង​៖ ការ​ញាំ​ភេសជ្ជៈ​កំប៉ុង​អាច​បង្ក​គ្រោះថ្នាក់​ដល់​គ្នា​យើង​ដែល​មាន​ជំងឺ​សួត។ ដោយ​សារ​តែ​ភេសជ្ជៈ​ទាំង​នេះ​​មាន​សារធាតុ​កាបូនឌីអុកស៊ីត​ បង្កើត​ឱ្យ​មាន​ជាតិ​កាបូន​ អាច​បណ្ដាល​ឱ្យ​ហើម​ពោះ​ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម។ លើស​ពី​នេះ​ភេសជ្ជៈកំប៉ុង​ក៏​​មាន​ជាតិ​ស្ករ​ខ្ពស់​អាច​បង្កើន​ការ​រលាក​ និង​នាំ​ឱ្យ​ឡើង​ទម្ងន់​ ដែលកត្តា​​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឱ្យ​មាន​រោគ​សញ្ញា ជំងឺ​ស្ទះដង្ហើមរ៉ាំរ៉ៃកាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]