ការប៉ោងសរសៃជើងពេលពពោះ (សរសៃវ៉ែននៅជើង) កើតឡើងដោយ​សារ​បំរែបំរួលរាងកាយ និងដោយសារទម្ងន់គភ៌ដែលបានបន្ថែមសម្ពាធដល់ជើងរបស់ម៉ាក់ៗ។ តើមានវិធីសាស្រ្ត​អ្វីខ្លះ​អាចជួយម៉ាក់ៗកាត់បន្ថយកុំឱ្យមានបញ្ហានេះ?

នៅពេលម៉ាក់ៗពពោះ រាងកាយនឹងផលិតឈាមក៏ដូចជាសារធាតុរាវបន្ថែមដើម្បីទ្រទ្រង់គភ៌។ ទន្ទឹមនឹងនេះ ទម្ងន់របស់គភ៌ដែលលូតលាស់​ជារៀងរាល់ថ្ងៃក៏ផ្តល់សម្ពាធ​ដល់សរសៃវ៉ែន ដែល​មាន​នាទី​ដឹកនាំឈាមពីជើងទៅកាន់បេះដូងវិញដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តក្តាទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗរួយស្រពន់ ហើមជើង និងប៉ោងសរសៃជើង។ ជាធម្មតាម៉ាក់ៗដែលពពោះប្រហែល ៧៥% អាចមានអាការៈ​ទាំងនេះ​នៅសប្តាហ៍ទី២៧ រហូតដល់ពេលសម្រាល។

ម៉ាក់ៗអាចសាកល្បងកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះតាមវិធីសាស្រ្តដូចខាងក្រោម៖

១. ចៀសវាងការអង្គុយ ឬឈរយូរ

ពេលអង្គុយយូរ ម៉ាក់អាចព្យាយាមងើបដើរបន្តិច។ បើម៉ាក់ៗឈរយូរ ម៉ាក់ៗអាចប្តូរ​ឥរិយាបថ​មក​អង្គុយ​វិញ។

២. ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់

ម៉ាក់ៗអាច​ពាក់​ស្បែកជើង​កែង​​ទាប ឬស្បែកជើងរាបដើម្បីឱ្យ​សាច់ដុំ​កំភួន​ជើងមានចលនា និងជំរុញ​រំហូរឈាម។​

៣. ហាត់ប្រាណឱ្យបានទៀងទាត់

ម៉ាក់ៗអាចដើរ ធ្វើលំហាត់ប្រាណបែបស្រាលៗ ឬហាត់យ៉ូហ្កា ដើម្បីឱ្យចរន្ត​ឈាមរត់បានល្អ និងកុំឱ្យ​ឡើង​ទម្ងន់ខ្លាំងពេក។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

៤. ពាក់ស្រោមជើងវែង

ការពាក់ស្រោមជើងវែង (ជិតដល់ជង្គង់) អាចជួយម៉ាក់ៗកាត់បន្ថយសម្ពាធ​នៅជើង ដោយបន្ថែម​សម្ពាធ​លើប្រអប់ជើង និងកជើង។ មានន័យ​ថាការពាក់ស្រោមជើងវែង​អាចជួយសម្រួល​ដល់​រំហូរ​ឈាម ដោយជួយ​ជម្រុញ​ឱ្យឈាមហូរត្រឡប់ពីជើងទៅបេះដូងវិញ។

ម៉ាក់ៗចៀសវាង​ពាក់ស្រោម​ជើងវែងដែលរឹបពេក។ ម្យ៉ាងវិញទៀត ម៉ាក់ៗមិនចាំបាច់ពាក់ស្រោមជើងវែងពេលគេងទេ ដោយសារ​នៅ​ពេលគេងប្រអប់​ជើង និងជើងរបស់ម៉ាក់ៗស្ថិតក្នុងកម្រិតស្មើគ្នា ហើយទំនាញ​ផែនដី​មិនមានឥទ្ធិពលដល់ចរន្តឈាមរបស់ម៉ាក់ៗទេ។

៥. ចៀសវាងអង្គុយគងទាក់ខ្លា

ការអង្គុយគងទាក់ខ្លាអាចធ្វើឱ្យចរន្តឈាមនៅជើងរត់មិនបានល្អ។

៦. លើកជើង

ពេលអង្គុយ ម៉ាក់ៗគួរដាក់ជើងលើកៅអីទាបៗ។ ពេលគេង ម៉ាក់ៗគួរកល់ជើងឱ្យខ្ពស់បន្តិច (ឬឱ្យ​ខ្ពស់​ជាងបេះដូង) ដើម្បីឱ្យឈាមរត់បានល្អ។

៧. គេងផ្អៀងខាងឆ្វេង

ការគេងផ្អៀងខាងឆ្វេងអាចជួយកាត់បន្ថយសម្ពាធលើសរសៃវ៉ែនដែលដឹក​នាំ​ឈាមត្រលប់ពីជើងទៅកាន់បេះដូងវិញ។

៨. កាត់បន្ថយការញុំាប្រៃ

ម៉ាក់ៗញុំាប្រៃអាចបណ្តាលឱ្យហើមសរសៃវ៉ែននៅជើង។

ការប៉ោងសរសៃជើងពេលពពោះអាចប្រសើរឡើង ឬបាត់បន្ទាប់ពីម៉ាក់ៗសម្រាល ប្រសិន​បើ​ម៉ាក់ៗ​មិនមានបញ្ហានេះមុនពេលពពោះ។ ប្រសិនបើម៉ាក់ៗប្រទះថា សរសៃជើងដែលប៉ោងឡើងរឹង ក្តៅ មានការឈឺចាប់ ឬឡើងក្រហម ម៉ាក់ៗត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]