រាជធានីភ្នំពេញ៖ បើតាមការចុះផ្សាយរបស់ក្រសួងសារព័ត៍មាន បានឱ្យដឹងថា លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង ចំពោះអ្នកដែលទុកដាក់សំណល់រឹង មិនបានបែងចែកឱ្យបានត្រឹមត្រូវរវាងសំរាមសើម និងសំរាមស្ងួត និងការបញ្ចេញសំរាមខុសម៉ោងខុសពេលកំណត់។ ការគូសបញ្ជាក់នេះ ក្នុងពិធីផ្សព្វផ្សាយ ការគ្រប់គ្រងសំណង់រឹងនៅរាជធានីភ្នំពេញជាមួយមេភូមិ ចៅសង្កាត់ ខណ្ឌចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។
លោក ហួត ហៃ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ គឺមានបំណងផ្សព្វផ្សាយ ពីការគ្រប់គ្រង ទុកដាក់សំរាម សំណង់រឹងនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ មុននឹងឈានទៅដាក់ការផាកពិន័យទៅតាមច្បាប់។ លោកបន្ដថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែ រហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។ លោកបានបន្ដថា មានក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះរួមមាន ទី១. ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២. ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់សេវាក្នុងតំបន់ទី២ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣. ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ លោកអភិបាលរងបានបន្ថែមថា ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ក្នុងនោះ សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ ត្រូវញែកសំរាម សំណល់រឹង ជាពីរ ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។ ចំពោះសំរាមសើម ដែលមានដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ។ ចំណែកសំរាមស្ងួត ដូចជា ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដបជាដើម ត្រូវដាក់ក្នុង ថង់ពណ៌ស។ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ ទាំង ពីរប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ សម្រាប់ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ ក្រៅពីនេះ ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយនឹងសំរាមសើម និងសំរាមស្ងួត។ ត្រូវទុកដាក់សំណល់ដែលបង្កគ្រោះថ្នាក់ទាំងនេះចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបាន ត្រឹមត្រូវ ដោយក្រុមហ៊ុននឹងប្រមូលនៅរៀងរាល់ថ្ងៃអាទិត្យ។
លោក ហួត ហៃ បានអះអាងថា ក្នុងករណីទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារផាកពិន័យ និងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១ ហើយបើនៅតែទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្ដឹងទៅតុលាការ តាមកំហុសជាក់ស្ដែង៕




ប្រភព៖ ក្រសួងព័ត៍មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]