ខេត្តកណ្តាល ៖ តូបលក់គ្រឿងអលង្ការរបស់អាជីវករ ចំនួន៣តូបក្នុងផ្សារអ្នកលឿងត្រើយខាងលិច ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែកត្រូវគេលួចដុត និងលួចគាស់ទូសាជាថ្មី តែមិនបានសម្រេច កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៦ កញ្ញា កន្លងមកថ្មីៗនេះ។ នេះជាហេតុការណ៍មួយថ្មីទៀត ក្រោយពីតូបលក់ខោអាវជជុះមួយ ក្នុងផ្សារនេះ ត្រូវបានជនខិលខូចលួចដុតឆេះហ្មត់ កាលពីថ្ងៃទី១៧ សីហា កន្លងទៅ ។

ម្ចាស់តូបលក់មាសទាំង៣ខាងលើ បានឱ្យដឹងថា នាពេលកន្លងមក តូបរបស់ពួកគាត់ធ្លាប់ មានគេលួចគាស់ផង លួចដុតផង ជាច្រើនលើកច្រើនសាមកហើយ តែមិនបានសម្រេចដោយសារអ្នកជិតខាងឃើញទាន់ ។ ពាក់ព័ន្ធនឹងករណីលើកនេះ ពួកគាត់សន្និដ្ឋានថា ការលួចដុតតូបរបស់ពួក គាត់នាពេលនេះ គឺពិតជាជនខិលខូចដដែល តែសំណាងល្អមានគេឃើញ ទាន់មកជួយពន្លត់ កុំអីឆេះខ្ទេច ដូចតូបបងស្រីលក់ខោអាវជជុះដែលគេលួចដុត កាលពីខែមុនអ៊ីចឹង ។ បើសិនជាមិនមានអ្នកមើលឃើញទាន់ទេ វានឹងអាចឆាបឆេះរាលដាលដល់តូប អាជីវករលក់ដូរជាច្រើនក្នុងផ្សារនេះទៀតផង ព្រោះតូបលក់មាសរបស់ពួកគាត់នៅជិតតូបអ្នក លក់ក្រណាត់ខោអាវច្រើនណាស់ ។ ម្ចាស់តូបបានបន្តទៀតថា តូបរបស់ពួកគាត់ដែលគេលួចដុតលើកនេះ គឺខូចខាតផ្នែកទូខាងក្នុងបន្តិចបន្តួច ដោយសារភ្លើងឆេះភ្លាមគេមក ជួយពន្លត់ទាន់ភ្លាមៗ ដោយមានទាំងកម្លាំងសមត្ថកិច្ចប៉ូលិស ប៉េអឹម ចុះមកពិនិត្យមើលដល់កន្លែងកើតហេតុតែម្តង ។

អាជីវករខាងលើបានបន្តទៀតថា  នាពេលកន្លងមក តូបរបស់ពួកគាត់ក៏មានគេលួចដុត និងគាស់ទូជាច្រើនដងមកហើយដែរ តែមិនបានសម្រេចដូចគ្នា ព្រោះមានគេឃើញទាន់ដែរ ។ បើតាមពួកគាត់សន្និដ្ឋានថា ជនខិលខូចទាំងនេះជាក្រុមតែមួយ ។ ចំពោះករណីជនខិលខូចលួចដុត និងគាស់តូបនេះ មិនមែនកើតឡើងតែចំពោះពួកគាត់នោះទេ គឺពួកជនទាំងនោះតែងតែធ្វើសកម្មភាពដុត និងគាស់ទូស្ទើរតែគ្រប់តូបរបស់អាជីវករ ។ ជាមួយគ្នានេះ ពួកគាត់មានការស្តីបន្ទោស ទៅលើអ្នកគ្រប់គ្រងផ្សារ គ្មានវិធានការក្នុងការការពារសន្តិសុខ ឱ្យបានតឹងតែង និងឱ្យមានសុវត្ថិភាព ហើយផ្សារនេះក៏គ្មាន របងចាក់សោទៀត ។ ពេលយប់ព្រលប់មានមនុស្សចេញ- ចូលដោយសេរី ទើបធ្វើឱ្យជនខិលខូចឆក់ឱកាសចូលធ្វើ សកម្មភាពតាមអំពើចិត្ត ។ ទាក់ទិននឹងបញ្ហាខាងលើនេះ កោះសន្តិភាពពុំអាចសុំការបំភ្លឺពីម្ចាស់ផ្សារបានទេ កាលពីថ្ងៃទី៨ កញ្ញា ។

ក្រុមអាជីវករលក់ដូរក្នុងផ្សារអ្នកលឿងត្ រើយខាងលិចទាំងអស់សម្តែងនូវក្តីព្រួយ បារម្ភយ៉ាងខ្លាំងនៅពេលឃើញហេតុការណ៍បែបនេះ កើតឡើងជាបន្តបន្ទាប់ ដោយធ្វើឱ្យពួកគាត់ប្រឈមនឹងការ ខាតបង់ទ្រព្យរាប់លានរៀលក្នុងម្នាក់ៗ ។ ដូច្នេះពួកគាត់ស្នើសុំឱ្យអ្នកគ្រប់គ្រង ផ្សារទទួលខុសត្រូវក្នុងការដាក់ កម្លាំងសន្តិសុខការពារក្នុងផ្សារឱ្យបានតឹងរុឹង និងត្រូវកំណត់ពេលវេលា ម៉ោងចេញចូលផ្សារនាពេលយប់ ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅផង ។ ព្រោះពួកគាត់បានជួលតូបរាប់ រយដុល្លារក្នុងមួយខែៗ និងបង់លុយភាស៊ីឱ្យប្រធាន ផ្សារគ្រប់ចំនួន ដូច្នេះម្ចាស់ផ្សារត្រូវមានវិធានការទទួល ខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ ។ ពាក់ព័ន្ធនឹងរឿងការពារសន្តិសុខនេះ ក្រុមអាជីវករក្នុងផ្សារទាំងអស់គ្នា សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ស្ថាប័នក្នុងស្រុកលើកដែក មេត្តាជួយប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផង ឱ្យសមស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដាក់ចេញនូវគោល នយោបាយភូមិ-ឃុំមានសុវត្ថិ  ភាព ។ ប៉ុន្តែគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនេះ សម្រាប់ផ្សារអ្នកលឿងត្រើយខាងលិច បែ៉កខាងស្រុកលើកដែក គឺសូន្យឈឹង ។ លោក ហាក់ ស្រូយ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំព្រែកទន្លាប់បាន ប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ លោកមិនបានចុះផ្ទាល់ទេ ព្រោះជាប់រវល់ តែកូនចៅនៅគោលដៅបាន រាយការណ៍មកប្រាប់គាត់ថា ជាករណីក្មេងដុតក្រដាសលេងគ្មានអ្វីធំដុំនោះទេ ។

ការលើកឡើងបែបនេះ គឺជាពាក្យដោះសាយករួចខ្លួនតែប៉ុណ្ណោះ ក្នុងនាមជាសមត្ថកិច្ចមិនត្រូវឆ្លើយរបៀបនេះទេ ពីព្រោះអគ្គិភ័យដែលបានកើតឡើង វាផ្តើមចេញពីការដុតក្រដាស ឬអុជធូបទៀនខ្វះ ការប្រុងប្រយ័ត្ននេះឯង ទើបក្លាយទៅជាអគ្គិភ័យឆាបឆេះបែបនេះ ។ ដោយឡែក ប្រធានផ្សារវិញ រហូតមកដល់ពេលនេះកោះសន្តិភាពមិនអាច ទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះបានឡើយ ។ ចំណែកលោកអធិការស្រុកលើកដែក កោះសន្តិភាពមិនអាចទាក់ទងសុំ ការបំភ្លឺតាមទូរស័ព្ទបានទេ ដោយប្រព័ន្ធទូរស័ព្ទម្ខាងទៀត មិនអាចទាក់ទងបាន ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជីវករសំណូមពរឱ្យ ប្រធានផ្សារធ្វើរបងបិទបាំង និងសន្តិសុខការពារកំណត់ម៉ោងចេញ-ចូលពេលយប់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]