ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ជា​ជម្រើស​តែ​មួយ​គត់​ ដើម្បី​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​ដោយចៃដន្យ នៅ​ពេល​ដែល​យើង​​ខកខាន​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ ឬ​វិធីសាស្ត្រ​ពន្យារ​កំណើត​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ​ តើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ មាន​សុវត្ថិភាព​ចំពោះ​គ្នា​យើង​ដែរ​ឬ​អត់​?

១. ប្រែប្រួល​វដ្ដ​រដូវ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​​ផល​ប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​​ មិន​ថា​ប្រើ​លើក​ដំបូង ឬ​ប្រើ​​ច្រើន​​លើក​នោះ​ទេ យើង​អាច​​ប្រឈម​នឹង​ការ​ប្រែប្រួល​វដ្ដ​រដូវ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ផ្ទុក​សារធាតុ​ដែល​រារាំង​អ័រម៉ូន​ភេទ​ស្រី និង​ការពារ​ការ​បញ្ចេញ​ពង​អូវុល​។ អាស្រ័យ​តាម​ស្ថានភាព​សុខភាព​ស្រី​ៗ​យើង​ វដ្ដ​រដូវ​ខ្លះ​អាច​មក​យឺត ឬ​លឿន​ជាង​ធម្មតា​។ ​ក្នុង​ករណី​វដ្ដ​រដូវ​មក​យឺត​​ប្រហែល​១​សប្ដាហ៍ ​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និង​ប្រើ​តេស្ត​ពិនិត្យ​ផ្ទៃពោះ​ ឬ​តេស្ត​ឈាម​ ​ដើម្បី​ដឹង​ថា​យើង​មាន​ផ្ទៃពោះ​ឬ​អត់​។

២. ​ការ​​ធ្លាក់​​ឈាម​តាម​​ស្បូន​មិន​ធម្មតា

ទន្ទឹម​នឹង​នេះ​ដែរ មាន​ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​​​ ក្រោយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ ដែល​នេះ​ជា​ផល​ប៉ះពាល់​ដ៏​ចម្បង​មួយ​។ យ៉ាង​ណា​មិញ គ្នា​យើង​មិន​គួរ​បារម្ភ​ពេក​ឡើយ​ ពីព្រោះ​ករណី​នេះ​មិន​​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ បើ​​យើង​​ធ្លាក់​ឈាម​​លើស​ពី​​២​ថ្ងៃ​ ក្រោយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​​ធ្វើការ​ព្យាបាល​ ពីព្រោះ​​វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

៣. វិល​មុខ​ និង​ក្អួត​

ប្រមាណ​៥០​%​ នៃ​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​បន្ទាន់​ អាច​មាន​អាការៈ​ចង្អោរ។ ផល​ប៉ះពាល់​មួយ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្រោយ​រយៈពេល​ ១​ទៅ ​២​សប្ដាហ៍ ឬ​អាច​ឆាប់​រហ័ស​ជាង​នេះ។ ​ប៉ុន្តែ បើ​អាការៈ​ចង្អោរ​​​នៅ​តែ​បន្ត គ្នា​យើង​គួរ​​ផ្លាស់ប្ដូរ​របប​អាហារ ទើប​ជា​ការ​ប្រសើរ​។

៤. អស់​កម្លាំង

មួយ​វិញ​ទៀត ​ការ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដូច​គ្នា​។ ជា​ទូទៅ ស្ត្រី​ដែល​ទើប​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ជា​លើក​ដំបូង ​អាច​មាន​អារម្មណ៍​នឿយហត់​នៅ​ពេល​ព្រឹក​ព្រលឹម​។ ប៉ុន្តែ អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​១​ថ្ងៃ​ ឬ​២​ថ្ងៃ​ប៉ុណ្ណោះ​។

បន្ថែម​ពី​នេះ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ក៏​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត​ ដូចជា​តឹងក្នុង​​ទ្រូង ឈឺ​ក្បាល​ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ និង​ឈឺ​​ពោះ​ផ្នែក​ខាង​ក្រោម​​ផង​ដែរ​។

ផល​ប៉ះពាល់​រយៈពេល​វែង​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ អាច​ប្រើ​បាន​តែ​ចំពោះ​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ និង​មិន​គួរ​ប្រើ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​​ខែ​ឡើយ​។ ​ការ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​លើស​កម្រិត​ អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ និង​ផលវិបាក​រយៈពេល​វែង​ ដែល​រួម​មាន​៖

  • ឡើង​ទម្ងន់
  • ជំងឺ​ផ្លូវ​ដង្ហើម​
  • បង្ក​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​
  • ជំងឺ​លើស​សម្ពាធឈាម​
  • ក្នុង​ករណី​កម្រ​ខ្លះ អតុល្យភាព​អ័រម៉ូន​ដែល​បណ្ដាល​មក​ពី​​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ អាច​នាំ​ឲ្យ​មាន​បញ្ហា​ថង់​ទឹក​ប្រមាត់​។
  • ស្ត្រី​ខ្លះ​ទៀត អាច​មាន​ដុំ​គីស​ក្រពេញ​អូវែ អំឡុង​ពេល​ប្រើប្រាស់​ថ្នាំ
  • ការ​មាន​កូន​ក្រៅ​ស្បូន​។

អ្នក​ណា​ខ្លះ​​មិន​គួរ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់?​

អ្នក​ជំនាញ​បាន​ណែនាំ​ថា ​អ្នក​ដែល​មាន​បញ្ហា​កំណក​ឈាម​​ គីស​ទឹក​ក្រពេញ​អូវែ​ (PCOS) ​សម្ពាធ​ឈាម​ខ្ពស់ ​ឬ​​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​​មិន​គួរ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ​​ឡើយ​​។​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]