បរទេស៖ រូបភាពនៃភពភ្លុយតូដែលថតបានដោយបេសកកម្ម New Horizons របស់អង្គការណាសា បានបង្ហាញការភ្ញាក់ផ្អើលថ្មីមួយ នោះគឺភ្នំភ្លើងទឹកកក។ យានអវកាសនៃបេសកកម្មនេះបានធ្វើការហោះហើរទៅជិត កូនភពមួយនេះនិងព្រះចន្ទរបស់វា នៅក្នុងខែកក្កដា ឆ្នាំ២០១៥។ ភ្លុយតូត្រូវបានគេចាត់ទុកថា ត្រឹមឋានៈជាកូនភពវិញ នៅក្នុងឆ្នាំ២០០៦ នៅពេលដែលសហភាពតារាសាស្ត្រអន្តរជាតិបានបង្កើតនិយមន័យថ្មីសម្រាប់ភព ហើយភ្លុយតូមិនសមនឹងលក្ខណៈវិនិច្ឆ័យនោះទេ។

កូនភពមួយនេះស្ថិតនៅខាងចុងប្រព័ន្ធព្រះអាទិត្យរបស់យើង នៅក្នុងតំបន់ខ្សែក្រវាត់ Kuiper ហើយវាធំជាងអង្គដែលកកជាច្រើននៅទីនោះ ដែលគោចរនៅឆ្ងាយពីព្រះអាទិត្យ។ ពិភពលោកទឹកកកមួយនេះដែលមានសីតុណ្ហភាព-២៣២អង្សាសេ គឺជាជម្រកនៃភ្នំ ជ្រលងភ្នំ ផ្ទាំងទឹកកក វាលទំនាប និងរណ្ដៅ។ ប្រសិនបើអ្នកបានឈរនៅលើផ្ទៃរបស់វា អ្នកនឹងឃើញផ្ទៃមេឃពណ៌ខៀវ ជាមួយព្រិលពណ៌ក្រហម។ ការវិភាគរូបថតថ្មីមួយបានបង្ហាញ ពីតំបន់រដិបរដុបនៅលើភ្លុយតូ ដែលមើលទៅមិនដូចផ្នែកផ្សេងទៀតនៃពិភពលោកដ៏តូចមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំបន់នេះស្ថិតនៅភាគនិរតីនៃផ្ទាំងទឹកកក Sputnik Planitia ហើយភាគច្រើនគឺជាទឹកកកដែលពោរពេញដោយដូមភ្នំភ្លើង ដែលភ្នំភ្លើងធំជាងគេចំនួនពីរត្រូវបានគេស្គាល់ថាជា Wright Mons និង Piccard Mons។ ភ្នំ Wright Mons មានកម្ពស់ប្រហែល៤ទៅ៥គីឡូម៉ែត្រ និងលាតសន្ធឹង១៥០គីឡូម៉ែត្រ ខណៈពេលដែលភ្នំ Piccard Mons ឡើងដល់កម្ពស់ប្រហែល៧គីឡូម៉ែត្រ និងលាតសន្ធឹង២២៥គីឡូម៉ែត្រ។ ដូមមួយចំនួនដែលត្រូវបានសង្កេតឃើញនៅក្នុងរូបភាព រួមបញ្ចូលគ្នាបង្កើតបានជាភ្នំធំៗ។

ភ្នំភ្លើងទឹកកកក៏ត្រូវបានគេសង្កេតឃើញនៅកន្លែងផ្សេងទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដែរ។ ពួកវាផ្លាស់ទីរូបធាតុពីផ្ទៃខាងក្រោមឡើងមកផ្ទៃខាងលើ និងបង្កើតជាលក្ខណៈភូមិសាស្ត្រដីថ្មី។ ក្នុងករណីនេះ វាជាទឹកដែលក្លាយជាទឹកកកភ្លាមៗ នៅពេលដែលវាឈានដល់សីតុណ្ហភាពត្រជាក់នៃផ្ទៃរបស់ភពភ្លុយតូ។ ខណៈពេលដែលភ្លុយតូមានស្នូលថ្ម អ្នកវិទ្យាសាស្ត្របានជឿជាយូរមកហើយថា ភពនេះខ្វះកម្ដៅពីខាងក្នុងច្រើន ដែលចាំបាច់សម្រាប់ជំរុញឲ្យមានការផ្ទុះភ្នំភ្លើង។

ភពភ្លុយតូធ្លាប់មានមហាសមុទ្រនៅខាងក្រោមផ្ទៃរបស់វា ហើយការស្វែងរកភ្នំភ្លើងទឹកកកទាំងនេះអាចបង្ហាញថា មហាសមុទ្រនៅក្រោមផ្ទៃនៅតែមាន ហើយទឹករាវអាចនៅជិតផ្ទៃ។ គួបផ្សំនឹងគំនិតដែលថាភពភ្លុយតូមានផ្នែកខាងក្នុងក្ដៅជាងការជឿពីមុន ការរកឃើញបានចោទជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍ អំពីលទ្ធភាពទ្រទ្រង់ជីវិតដ៏មានសក្ដានុពលរបស់កូនភពមួយនេះ៕

តំបន់ភ្នំភ្លើងរបស់ភ្លុយតូគឺមិនដូចគ្នាទៅនឹងតំបន់ផ្សេងទៀត នៅលើកូនភពនេះទេ
តំបន់ភ្នំភ្លើងទឹកកករបស់ភពភ្លុយតូ

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]