ប្រព័ន្ធឈាម (រចន្តឈាម) មាននាទីដឹកនាំឈាមពីបេះដូងដែលផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុ​ចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងសរីរាង្គសំខាន់ៗ ហើយដឹកនាំឈាម​ត្រលប់​ទៅកាន់​បេះដូងវិញ។ លំហូរ​ឈាម​ក៏​ជួយ​ដឹកជញ្ជូន​កាកសំណល់​ចេញពី​ជាលិកា​រាងកាយ​ទៅកាន់​តម្រងនោម និង​សួត​ដែរ។ ចុះមានរឿងអ្វីកើតឡើង​បើ​ចន្តឈាមរត់មិនល្អ? ហើយយើងគួរបង្កើន​ចរន្ត​ឈាមរត់តាមវិធីណា?

នៅពេលចន្តឈាមរត់មិនល្អ កោសិកានៅក្នុងរាងកាយយើងមិនអាចទទួលបានអុកស៊ីសែន និង​សារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ដែល​ធ្វើឱ្យកោសិកាទាំងនោះមិនអាចដំណើរការបានល្អ ឬ​ងាប់ និងអាច​បណ្តាលឱ្យសរីរាង្គសំខាន់ៗខូចទៀតផង។ ជាលទ្ធផលយើងអាចមានអាការៈដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • មានស្បែកស្លេកស្លាំង ឬស្ងួត
  • មានក្រចកផុយ
  • អស់កម្លាំង ឬខ្សោយ
  • មិនអាចផ្តោតអារម្មណ៍ ឬភ្លេចភ្លាំង
  • ជ្រុះសក់
  • ត្រជាក់ចុងដៃចុងជើង ឬស្ពឹកដៃស្ពឹកជើង
  • ងាប់លិង្គ
  • ក្រជាពីរបួស
  • ហើម
  • រមួលក្រពើ
  • ប៉ោងសរសៃវ៉ែន

ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖

១. ហាត់លំហាត់ប្រាណជំនួយបេះដូង

លំហាត់ប្រាណជំនួយបេះដូង ឬលំហាត់ប្រាណបែបអ៊ែរ៉ូបិកដូចជា ការរត់ ដើរលឿនៗ ហែលទឹក ជិះកង់ រាំ ចែវទូក លើក​ទម្ងន់ លោតអន្ទាក់ជាដើមគឺជាលំហាត់ប្រាណបែបដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសាច់ដុំបេះដូង និងបង្កើនចង្វាក់បេះដូង​ ធ្វើឱ្យ បេះដូង​យើង​ច្របាច់ឈាមបន្ថែម​ដើម្បី​ចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។

២. ញុំាទឹកឱ្យបានគ្រប់គ្រាន់

ឈាមរបស់យើងមួយភាគធំគឺផ្សំពីទឹក ហើយបើរាងកាយយើងគ្មានជាតិទឹកគ្រប់គ្រាន់ទេ បរិមាណ​ឈាម​របស់យើងថយចុះ ហើយបណ្តាលឱ្យសរីរាង្គសំខាន់ៗ​នៅក្នុងរាងកាយមិនអាចទទួល​បាន​អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។

៣. បញ្ឈប់ការជក់បារី

ជាតិនីកូទីននៅក្នុងបារីអាចបំផ្លាញជញ្ជាំងសរសៃឈាម និងសរសៃ​ឈាម​បេះដូង ធ្វើឱ្យឈាម​យើង​ខាប់ និងបណ្តាលឱ្យមានកំណកកំបោរនៅក្នុងសរសៃឈាមវ៉ែន។

៤. ចៀសវាងអង្គុយយូរ

ការអង្គុយយូរអាចធ្វើបន្ថយល្បឿនឈាមរត់ ដូច្នេះយើងគួរឧស្សាហ៍​ងើបដើរ ពត់ដៃពត់ជើង និងសន្ធឹងជើងដើម្បីឱ្យឈាមរត់បានល្អ។

៥. ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ

– វីតាមីន B3៖ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ដែលជាហេតុធ្វើឱ្យសរសៃឈាម និងសរសៃ​ឈាមបេះដូងឡើងរឹង និងក្រិន។ ​វីតាមីន B3 សម្បូរនៅក្នុងអាហារដូចជា សាច់គោ ត្រី សាច់ទ្រូងមាន់ ​គ្រាប់ល្ពៅ សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន និង​ប្រូខូលីជាដើម។

– វីតាមីន E៖ អាចជួយពង្រីកសរសៃឈាមដែលធ្វើឱ្យឈាមរត់បានល្អ។ ម្យ៉ាងទៀត រាងកាយយើងត្រូវការវីតាមីន E ដើម្បីផលិតកោសិកាឈាមក្រហម និងការពារការកកឈាម។ អាហារសម្បូរវីតាមីន E រួមមាន បន្លែស្លឹកបៃតង គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងបន្លែជាដើម។

– វីតាមីន C៖ ជួយការពារការកកំណកក្នុងសរសៃឈាមដែលរាំរាំងរំហូរ​ឈាម ធ្វើឱ្យសរសៃឈាម​មាន​ភាពយឺត និងជួយរាងកាយស្រូបយកជាតិដែកបានល្អ។ វីតាមីន C សម្បូរនៅក្នុងផ្លែស្ត្របឺរី ក្រូច ឪឡឹក គីវី ក្រូចល្ហុង ស្វាយ ប៉េងប៉ោះ ប្រូខូលី បន្លែស្លឹកបៃតងជាដើម។

– វីតាមីន B6៖ អាចប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបណ្តាលឱ្យមានជាតិសរសៃឈាមឡើងរឹង ហើយ​សម្បូរនៅក្នុងអាហារដូចជា ត្រីធូណា ត្រីសាល់ម៉ុន សាច់ទ្រូងមាន់ ខ្ទឹមស ដំឡូងបារាំង ខ្ទឹមបារាំង ស្បៃពួយឡេង ចេក បឺរ ស្វាយ​ ម្នាស់ និង​ទំពាំងបាយជូរជាដើម។

– អាស៊ីដខ្លាញ់អូមេហ្កា-៣៖ ជួយបង្កើនកូលេស្តេរ៉ូលល្អ និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ ការពារ​ការកកកំណកខ្លាញ់ក្នុងសរសៃឈាម និងការពារសរសៃឈាមពីការឡើងរឹង ហើយសម្បូរនៅក្នុង​អាហារដូចជា ត្រីសាលម៉ុន ត្រីធូណា គ្រាប់ឈៀ គ្រាប់វ៉ុលណាត់ និង​ផ្លែបឺរជាដើម។

ដើម្បីឱ្យរចន្តឈាមរត់បានល្អ យើងគួរប្រកាន់ខ្ជាប់របៀបរស់នៅដែលល្អចំពោះសុខភាពដូចជា ហាត់ប្រាណ ចៀសវាងជក់បារី ញុំាអាហារសម្បូរ​សារធាតុចិញ្ចឹមល្អៗជាដើម។

ចំណុចសំខាន់

ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖

  • ហាត់លំហាត់ប្រាណជំនួយបេះដូង
  • ញុំាទឹកឱ្យបានគ្រប់គ្រាន់
  • បញ្ឈប់ការជក់បារី
  • ចៀសវាងអង្គុយយូរ
  • ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]