ជាទូទៅស្រីៗយើងដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ជាពិសេសម៉ាក់ៗដែលពពោះអាចប្រឈមនឹងការជាំមុខ មាននៅលើថ្ពាល់ ថ្ងាស និងបបូរមាត់ខាងលើ។ ស្រីៗជាំមុខបង្កឡើងដោយមូលហេតុអ្វីខ្លះ ហើយយើងគួរការពារបែបម៉េច?
ស្រទាប់ស្បែកខាងលើរបស់យើងមានផ្ទុកកោសិកាមេឡាណូស៊ីត ដែលមាននាទីស្តុក និងផលិតសារធាតុពណ៌មេឡានីន ជាសារធាតុផ្តល់ពណ៌ដល់ស្បែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលស្បែកយើងត្រូវពន្លឺ កម្តៅ កម្តៅព្រះអាទិត្យ កាំរស្មីយូវី (UV) ឬមានការរំញោចអ័រម៉ូន កោសិកាមេឡាណូស៊ីតនឹងផលិតសារធាតុមេឡានីនកាន់តែច្រើន ដែលជាហេតុធ្វើឱ្យស្បែកយើងប្រែជាក្រមៅរហូតដល់ជាំ។
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនយើងអាចបង្ការកុំឱ្យជាំមុខ៖
១. លាបក្រែមការពារកម្តៅថ្ងៃ
ដោយសារពន្លឺព្រះអាទិត្យ គឺជាកត្តាចម្បងដែលបង្កឱ្យយើងជាំមុខ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលអាចការពារបានទាំងកាំរស្មី UVA និង UVB ដែលមាន SPF ចាប់ពី ៣០ ឡើងទៅ និងមានធាតុផ្សំពីស័ង្កសីអុកស៊ីត និងទីតានីញ៉ូមអុកស៊ីត។
យើងគួរលាបក្រែមការពារកម្តៅថ្ងៃយ៉ាងហោចណាស់ ២០ នាទីមុនពេលចេញទៅក្រៅ ហើយត្រូវលាបក្រែមជាថ្មីរៀងរាល់ ២ ម៉ោងម្តង ឬបន្ទាប់ពីហែលទឹក ហាត់ប្រាណ ឬបែកញើស។
២. ពាក់មួក ឬបាំងឆ័ត្រ
ពេលចេញក្រៅ យើងគួរពាក់មួកដែលមានគែមធំទូលាយ ឬបាំងឆ័ត្រដើម្បីការពារកុំឱ្យមុខយើងត្រូវពន្លឺព្រះអាទិត្យ ទោះបីជាយើងបានលាបក្រែមការពារកម្តៅថ្ងៃក៏ដោយ។
៣. កាត់បន្ថយភាពតានតឹង
ទោះបីមិនមានភស្តុតាងណាមួយបញ្ជាក់ថាស្ត្រេសអាចបង្កឱ្យយើងជាំមុខក៏ដោយ អ្នកវិទ្យាសាស្ត្រជឿថា ការមានភាពតានតឹងខ្លាំងអាចបង្កើនការផលិតសារធាតុពណ៌ក្នុងស្រទាប់ស្បែក។ យើងអាចកាត់បន្ថយភាពតានតឹងតាមរយៈការធ្វើសមាធិ ហាត់ប្រាណ ឬស្តាប់តន្រ្ តីជាដើម។
៤. បញ្ឈប់ការប្រើថ្នាំពន្យាកំណើត
ថ្នាំពន្យារកំណើតមានផ្ទុកអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនដែលបណ្តាលឱ្យមានការផលិតសាធាតុមេឡានីនច្រើនក្នុងស្រទាប់ស្បែកខាងលើ និងបណ្តាលឱ្យយើងជាំមុខ។ បើយើងឡើងជាំមុខពេលប្រើប្រាស់ថ្នាំពន្យារកំណើត គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្ដូរថ្នាំ ឬជ្រើសរើសវិធីសាស្រ្តផ្សេង។
៥. សម្អាតមុខ
យើងគួរសម្អាតមុខជាមួយហ្វូមលាងមុខដែលមានកម្រិតស្រាលពីរដងក្នុងមួយថ្ងៃ ជាពិសេសមុនពេលចូលគេង ដើម្បីកម្ចាត់ជាតិកខ្វក់ដែលជាប់នឹងស្បែកមុខរបស់យើង ព្រោះសារធាតុទាំងនេះអាចបំផ្លាញរបាំងការពារស្បែកមុខ និងធ្វើឱ្យស្បែកមុខងាយខូច។
៦. ហាត់ប្រាណឱ្យបានទៀងទាត់
ការហាត់ប្រាណជាប្រចាំអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ជួយឱ្យយើងមានតុល្យភាពខាងផ្លូវចិត្ត និងអាចកាត់បន្ថយស្ត្រេសទៀតផង។
៧. លាបក្រែមផ្តល់សំណើម
ការផ្តល់សំណើមដល់ស្បែកអាចជួយស្តារ និងការពាររបាំងការពារស្បែក (របាំងខ្លាញ់) ពីការខូចខាត។ របាំងការពារស្បែកមាននាទីជួយការពារស្បែកពីការបាត់បង់ជាតិទឹក ធ្វើឱ្យស្បែកមានសុខភាពល្អ និងមានសំណើម។
៨. ជៀសវាងការប្រើគ្រឿងសម្អាងមានសារធាតុគីមី
ការប្រើប្រាស់គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែកដែលមានសារធាតុគីមីដូចជា ប៉ារ៉ាបែន អាល់កុល សារធាតុ formaldehydes និងស៊ុលហ្វាត អាចធ្វើឱ្យស្បែកមុខខ្មៅស្រអាប់ និងប្រែជាជាំ។
៩. ញុំាអាហារមានសារធាតុប្រឆាំងអុកស៊ីតកម្ម
អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា ផ្លែឈើអម្បូរបឺរី ឬក្រូច បន្លែស្លឹកបៃតងជាដើមអាចជួយកាត់បន្ថយការផលិតសារធាតុពណ៌មេឡានីន។
យើងក៏គួរញុំាអយស្ទ័រ គ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះ ព្រោះអាហារទាំងនេះ មានផ្ទុកស័ង្កសី និងសេលេញ៉ូម ដែលជាសារធាតុរ៉ែប្រឆាំងអុកស៊ីតកម្ម។
លើសពីនេះទៅទៀតត្រីដែលមានខ្លាញ់ល្អដូចជា ត្រីសាល់ម៉ុន និងត្រីសាឌីន ជាដើមក៏មានផ្ទុកអូមេហ្កា ៣ ដែលសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អឥតខ្ចោះ។
ផ្លែបឺរ ទំពាំងបារាំង ស្ពៃពួយឡេង មានផ្ទុកសារធាតុ Glutathione ដែលអាចជួយកាត់បន្ថយស្នាមជាំលើស្បែក។
១០. ពិគ្រោះជាមួយពេទ្យសើស្បែកពេលប្រើថ្នាំមួយចំនួន
ប្រសិនបើយើងកំពុងប្រើថ្នាំមួយចំនួន (ទាំងលេប និងលាប) ដូចជា ថ្នាំផ្សះ ថ្នាំព្យាបាលជំងឺចង្វាក់បេះដូង ថ្នាំបញ្ចុះទឹកនោម ឬក្រមួនលាបប្រឆាំងការរលាកជាដើម យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែក ព្រោះថ្នាំទាំងនេះអាចធ្វើឱ្យស្បែកយើងជាំ។
ស្រីៗអាចមានបញ្ហាជាំមុខរយៈពេលបីខែ ឬយូរជាងនេះ ហើយក៏អាចជាំមុខមួយជីវិតដែរ។ ចំណែកម៉ាក់ៗពពោះដែលជាំមុខអាចនឹងបាត់ជាំបន្ទាប់ពីសម្រាលរួច ដោយសារអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនកើនឡើងពេលម៉ាក់ៗពពោះ។ ជាំមុខក៏បណ្តាលមកពីកត្តាតំណពូជដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]