បើ​តាម​អ្នក​ជំនាញ ក៏​ដូច​ជា​ការ​ណែនាំ​មាន​នៅ​លើ​សំបក​កំប៉ុង​ស្រាប់ គឺ​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ជាមួយ​ទឹក​ដាំ​ពុះ រួច​ទុក​ឲ្យ​ត្រជាក់​ប្រហែល ៤០ – ៧០អង្សារសេ។ លោក​វេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេស​រោគ​កុមារ លើកឡើង​ថាឆុង​ទឹក​ដោះ​គោ​ម្សៅ​ជាមួយ​ទឹក​ដាំ​ពុះ និង​នៅ​មាន​សីតុណ្ហភាពក្ដៅ​តិចៗ​ផង ពេល​កូន​បៅអាច​នឹង​រំលាយ​បាន​ល្អ​ ជាង​​ទឹក​ត្រជាក់​​។ ផ្ទុយ​ទៅ​វិញ មាន​ម៉ាក់​ៗមួយ​ចំនួន​បែរ​ជា​យក​ទឹក​បបរ​រាវ​ៗ​ទៅ​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន​ជំនួស​ទឹក​វិញ។ ការ​អនុវត្ត​បែប​នេះ​ត្រឹម​ត្រូវ ឬ​ក៏​ខុស?  

ទាក់ទង​នឹង​ការ​អនុវត្ត​បែប​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា មិន​មែនជា​រឿង​​ល្អ​ឡើយ ហើយ​មាន​​ទឹក​តែ​មួយ​មុខ​​ប៉ុណ្ណោះ ទើប​សក្ដិសម​នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ មិន​មែន​ទឹក​បបរ​រាវៗ​នោះទេ។ ទឹក​ដាំ​ពុះ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឆុង​ទឹកដោះ​គោម្សៅឲ្យ​កូន ព្រោះ​វា​បាន​សម្លាប់​មេរោគ និង​រាវ​ល្អ​សមស្រប​ជាមួយ​ទឹកដោះ​គោម្សៅ​។ រីឯ ទឹក​បបរ​វិញ វា​មាន​សភាព​ខាប់​ជាង​ទឹក​ធម្មតា ហើយ​វ័យ​កូន​មិន​ទាន់​ដល់​វ័យ ៦ខែ ទៀត​រិត​តែ​មិន​ល្អ​នោះទេ ព្រោះ​វ័យ​នេះ​​មិន​ទាន់​អាច​បន្ថែម​ចំណី​ក្រៅពី​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះគោម្សៅ​នោះទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុ​អ្វី​បាន​ជា​ទឹក​បបរ​មិន​ស័ក្ដិសម​សម្រាប់​ការ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន?

លោក​វេជ្ជបណ្ឌិតបន្ត​ថា ទឹក​បបរ មាន​សភាព​ខាប់​ជាង​ទឹក​ធម្មតា ហើយ​បើ​យក​ទៅ​លាយ​ទឹក​ដោះ​គោ​ម្សៅ នោះ​សភាព​ទឹកដោះ​គោ​នឹង​កាន់តែ​ខាប់​អាច​ធ្វើឲ្យ​អា​អូន​រាក ទល់​លាមក ឬ​ងាយ​រលាក​បំពង់ក ពោះវៀន​ជាដើម។ ម៉្យាង​វិញ​ទៀត បើ​ទារក​មិន​ទាន់​គ្រប់ ៦ ខែ ប្រព័ន្ធ​រំលាយ​អាហារ​អា​អូន​នៅ​ខ្ចី​នៅ​ឡើយ និង​មិន​អាច​ទទួល​យក​ច្រើន​បាន​ច្រើន​ក្រៅពី​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះគោ​ឡើយ។ រីឯ​ទឹក​វិញ សូម្បី​តែ​ទឹក​សុទ្ធ ឬ​ទឹក​រ៉ែ​ក៏​មិន​មែន​ជា​ជម្រើស​ល្អ សម្រាប់​ឆុង​ទឹកដោះ​គោ​ម្សៅ​ឲ្យ​កូន​បៅ​ដែរ។

យ៉ាង​ណា​មិញ អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល លើក​ទឹក​ចិត្ត​ឲ្យ​ម្ដាយ​គ្រប់​រូប​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៦​ខែ ឬ​លើស​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ទឹកដោះ​ម្ដាយ ប្រៀប​បាន​ជា​ថ្នាំ​ទិព្វ​សម្រាប់​ទារក។ ពេល​កូន​មាន​អាយុ ៦ ខែ​ឡើង​ទៅ​ម៉ាក់ៗ​អាច​បន្ថែម​ជា​បបរ​ខាប់​គ្រប់​គ្រឿង​ដល់​កូន ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៀត ទើប​កូន​មាន​ការ​រីក​លូតលាស់​ធំធាត់​បាន​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]