យល់ដឹង៖ ជ្រុលជាកើតមកជាមនុស្សស្រីទៅហើយ គឺត្រូវរស់នៅឱ្យបានល្អបំផុត ទៅតាមអ្វីដែលអាចធ្វើទៅបាន មិនមែនបណ្តោយឱ្យជីវិតខ្លួនឯង ទៅជាយ៉ាងណាក៏បាននោះទេ ព្រោះមនុស្សស្រីគ្រប់រូបស័ក្កសមនឹងទទួលបានជីវិតដ៏ល្អប្រសើរមួយ។

ជាងនេះទៅទៀត ក្នុងនាមអ្នកដែលកើតមកជាមនុស្សស្រី ចង់រស់នៅដោយមានក្តីសុខ និងមានជីវិតដ៏ល្អប្រសើរមួយបាន មនុស្សស្រីគ្រប់រូបគឺត្រូវចេះខិតខំស្វះស្វែងដោយខ្លួនឯង ហើយត្រូវរស់នៅដោយបែបនេះ ទើបអ្នកអាចមានជីវិតរស់នៅយ៉ាងល្អប្រពៃមួយ ដោយមិនចាំបាច់រំពឹងជំនួយពីអ្នកដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កើតមកជាមនុស្សស្រី គប្បីរស់នៅបែបណាទើបល្អ?

១. រស់នៅដោយមានភាពឯករាជ្យ

រូបតំណាង

ទោះកើតមកជាមនុស្សស្រី ដែលជាភេទទន់ខ្សោយជាងមនុស្សប្រុសក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា អ្វីៗទាំងអស់គឺមនុស្សស្រីសុទ្ធតែខ្សោយជាងមនុស្សប្រុសនោះទេ អញ្ចឹងហើយ មនុស្សស្រីគប្បីរៀនរស់នៅដោយមានភាពឯករាជ្យដោយខ្លួនឯង និងចេះធ្វើអ្វីៗដោយខ្លួនឯង នោះជីវិតរបស់មនុស្សស្រីនឹងទទួលបានភាពល្អប្រសើរមួយ។

២. រស់នៅដោយមានភាពចាស់ទុំ

រូបតំណាង

ការដែលមនុស្សស្រីគ្រប់រូប គួរគប្បីរស់នៅដោយមានភាពចាស់ទុំនៅក្នុងខ្លួន គឺវាបានធ្វើឱ្យមនុស្សស្រី ចេះគិតបានវែងឆ្ងាយជាងមុន មិនឆាប់ឆេវឆាវទៅតាមអារម្មណ៍ ជាពិសេសដឹងអ្វីល្អនិងអ្វីអាក្រក់ ដែលជាហេតុធ្វើឱ្យមនុស្សស្រីទទួលបានជីវិតដ៏ល្អប្រសើរជាងមុន លើសពីនេះ ទៅណាមកណាក៏មានអ្នកស្រលាញ់រាប់អាន។

៣. រស់នៅដោយពឹងលើខ្លួនឯង

រូបតំណាង

មនុស្សស្រីដែលចេះរស់នៅដោយមានការពឹងលើខ្លួនឯង រមែងតែទទួលបានការកោតសរសើរ និងជីវិតដ៏ល្អប្រសើរមួយ ព្រោះនៅពេលដែលមនុស្សស្រីចេះពឹងលើខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកណាម្នាក់ វាគឺជាភាពថ្លៃថ្នូរមួយដែលមនុស្សស្រីអាចរក្សាជូនខ្លួនឯងបាន អញ្ចឹងហើយ មនុស្សស្រីគ្រប់រូបត្រូវរស់នៅដោយចេះពឹងផ្អែកលើខ្លួនឯង។

៤. រស់នៅដោយមានការជឿជាក់

រូបតំណាង

ការជឿជាក់របស់មនុស្សស្រី វាតែងតែជម្រុញឱ្យមនុស្សស្រីគ្រប់រូប ប្រកបកិច្ចការអ្វីក៏ទទួលបានជោគជ័យ ដូច្នេះមនុស្សស្រីគួរតែរៀនរស់នៅដោយមានការជឿជាក់លើខ្លួនឯង និងមានភាពក្លហានក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ កុំស្ទាក់ស្ទើរ ទើបរឿងល្អៗនឹងអាចកើតមាននៅលើជីវិតរបស់អ្នក។

៥. រស់នៅដោយវិជ្ជមាន

រូបតំណាង

ដោយសារតែដឹងថាពិភពលោកនេះ គួរឱ្យខ្លាចហ្នឹងហើយ ទើបបានជាមនុស្សស្រីគ្រប់រូប គួរតែរស់នៅក្នុងភាពវិជ្ជមាន ព្រោះថាភាពវិជ្ជមានដែលមាននៅក្នុងខ្លួនរបស់មនុស្សស្រី វាមិនត្រឹមតែបន្ថែមពណ៌ដ៏ស្រស់ស្អាត ក៏ដូចជាបន្ថែមកម្លាំងពិសេសមួយចូលក្នុងខ្លួនរបស់មនុស្សស្រីទេ សូម្បីតែមនុស្សដែលនៅក្បែរខ្លួនមនុស្សស្រី ក៏ទទួលបានចំហាយវិជ្ជមានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]