កម្ពុជា៖ ​ត្រីបបែលយក្សទឹកសាប របស់កម្ពុជាដែលមានឈ្មោះថា «បូណ៌មី» ​ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាប្រភេទត្រីទឹកសាបដ៏ធំបំផុតនៅក្នុងពិភពលោក។

យោងតាមកំណត់ត្រាពិភពលោករបស់ Guinness World Records ត្រីបបែលយក្សនេះមានទម្ងន់ ៣០០គីឡូក្រាម និងមានប្រវែងពីកន្ទុយទៅដល់ក្បាល ៣,៩៨ម៉ែត្រ បានយកឈ្នះលើត្រីរាជដែលជាប់ចំណាត់ថ្នាក់លេខ១ ចាប់តាំងពីឆ្នាំ២០០៥ (រកឃើញនៅប្រទេសថៃ) ជាត្រីទឹកសាបដ៏ធំបំផុត ដែលមានទម្ងន់ ២៩៣គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជានេសាទនៅខេត្តស្ទឹងត្រែង ដែលបានចាប់ត្រីបបែលយក្សនេះភ្លាម បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ហើយក្រុមការងាររបស់រដ្ឋបាលជលផល រួមជាមួយនឹងគម្រោងអច្ឆិយភាពទន្លេមេគង្គ (Wonders of the Mekong) បានទៅដល់ទីតាំង និងបានថ្លឹងទម្ងន់ និងវាស់ប្រវែងរបស់បូណ៌មី មុនពេលលែងចូលទៅក្នុងទន្លេវិញ ដោយភ្ជាប់ជាមួយនឹងឧបករណ៍តាមដានផងដែរ។

គួរឱ្យដឹងដែរថា ត្រីបបែលយក្ស គឺជាប្រភេទសត្វរស់នៅខាងក្រោមបាតទន្លេ ដោយចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវារស់នៅបាតនៃជម្រកដែលមានដីខ្សាច់ និងភក់ ហើយវាស៊ីត្រីតូចៗ និងសត្វឆ្អឹងផ្សេងៗទៀត។ អ្នកវិទ្យាសាស្ត្រទស្សន៍ទាយថា បបែលទាំងនេះអាចមានទម្ងន់ដល់ទៅ ១៣០០ផោន (៥៩០ គីឡូក្រាម)! ថ្វីត្បិតតែពួកវាអាចត្រូវបានរកឃើញនៅតាមដងទន្លេធំៗ និងចំនុចប្រសព្វទន្លេក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏ត្រីបបែលទឹកសាបយក្សនេះជាសត្វកម្រណាស់ ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វជិតផុតពូជ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]