ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ករណីរបស់ពីរនាក់ម្ដាយកូន បានបង្កឲ្យមានការចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំង នៅលើបណ្ដាញសង្គមចិន ដែលអ្នកទាំងពីរបានជួបជុំគ្នាវិញ ក្រោយពីឃ្លាតឆ្ងាយពីគ្នាអស់រយៈពេល២៤ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាកូនស្រី ឈ្មោះថា Hu Jun បច្ចុប្បន្នអាយុ៤៦ឆ្នាំ បានចាកចេញពីស្រុកកំណើត Yunyang ទៅធ្វើការនៅខេត្តផ្សេង ក្នុងប្រទេសចិន តាំងពីឆ្នាំ១៩៩៩ម៉្លេះ។ ហើយគាត់ បានចាកចេញជាមួយនឹងក្រដាសលេខទូរសព្ទរបស់អ្នកផ្ទះ និងមានការប្រុងប្រយ័ត្នជាខ្លាំង ចៀសវាងធ្វើឲ្យបាត់។ តែទីបំផុត ក្រុមគ្រួសាររបស់គាត់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ដោយសារការ​សាងសង់​ទំនប់​វារីអគ្គិសនី​។ បន្ទាប់មកទៀត គាត់បានធ្វើបាត់ក្រដាសលេខទូរសព្ទ ដែលជាមូលហេតុធ្វើឲ្យគាត់មិនអាចទាក់ទងជាមួយគ្រួសារ ខណៈគាត់ក៏បានផ្ញើសំបុត្រ ទៅកាន់អាសយដ្ឋានផ្ទះចាស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ម្ដាយរបស់គាត់ដែលមានឈ្មោះថា Cai Youxiu បច្ចុប្បន្នអាយុ៧៨ឆ្នាំ បានព្យាយាមតាមស្វែងរកគាត់ដែរ ដោយចំណាយពេលអស់ជាង២០ឆ្នាំហើយ និងមានការសហការជាមួយប៉ូលិសទៀតផង។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ូលិសបានទទួលតម្រុយពីទីកន្លែងស្នាក់នៅរបស់គាត់ និងរៀបចំការណាត់ជួបរវាងគាត់ជាមួយម្ដាយ។

ប៉ុន្ដែ មិនទាន់ដល់ថ្ងៃជួបគ្នាផង ម្ដាយរបស់គាត់បានជួបគាត់ចៃដន្យនៅខេត្ត Sichuan ដោយសួរពីផ្លូវ ខណៈគាត់កំពុងបោសសម្អាតនៅពីមុខខ្លោងទ្វារសាលារៀន។ ហើយម្ដាយរបស់គាត់ មិនបានចំណាំមុខគាត់ឡើយ តែគាត់អាចចំណាំមុខម្ដាយបាន ដូច្នេះក៏ហៅថា ម៉ាក់ ដែលធ្វើឲ្យអ្នកទាំងពីររំភើបជាខ្លាំង និងស្រក់ទឹកភ្នែក។

យ៉ាងណាមិញ ដើម្បីឲ្យកាន់តែច្បាស់ ទាំងពីរនាក់ម្ដាយកូន ក៏ទទួលបានការបញ្ជាក់ពីខាងប៉ូលិសផងដែរ។ ហើយស្ត្រីជាកូនស្រី បាននិយាយថា​ រូបគាត់ផ្ទាល់បានបាត់បង់ពេលវេលាច្រើនណាស់ជាមួយម្ដាយ ដូច្នេះគាត់នឹងចំណាយពេលច្រើនតាមដែលអាចធ្វើបាន ដើម្បីនៅក្បែរម្ដាយ៕

ប្រភព: Mothership / Insider

ស្ត្រីជាកូនស្រី និងម្ដាយ
ស្ត្រីជាកូនស្រី និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]