បរទេស៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្ដីប្រពន្ធជនជាតិអាមេរិកមួយគូ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវរឿងរ៉ាវដំណើរកម្សាន្តរបស់អ្នកទាំងពីរ ក្នុងប្រទេសក្រិក។

យោងតាមការរៀបរាប់របស់លោក McCormick ជាប្ដីបានឲ្យដឹងថា នៅថ្ងៃចុងក្រោយបង្អស់សម្រាប់ដំណើរកម្សាន្ត គាត់និងប្រពន្ធ បានស្វែងរកតាក់ស៊ី ដើម្បីជិះទៅកាន់សណ្ឋាគារវិញ ប៉ុន្ដែបន្ទាប់មក បានសង្កេតឃើញបារ៍មួយកន្លែងឈ្មោះថា DK Oyster Bar មានទទួលសេវាកម្មហៅតាក់ស៊ីឲ្យ។ ឃើញដូច្នេះ អ្នកទាំងពីរក៏បានសម្រេចចិត្តចូលទៅទទួលទានភេសជ្ជៈបន្ដិចបន្ដួច ដើម្បីរង់ចាំតាក់ស៊ីមកទទួលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកទាំងពីរ បានស្នើសុំមីនុយពីបុគ្គលិក ប៉ុន្ដែបុគ្គលិកមិនបានផ្ដល់តាមការស្នើសុំឡើយ ដោយជំនួសពីការរៀបរាប់ផ្ទាល់មាត់វិញ។ ហើយអ្នកទាំងពីរក៏មិនចាត់ទុកថាជាបញ្ហាដែរ ខណៈបានកុម៉្មង់ស្រាបៀរធម្មតាចំនួនពីរកែវ ស្រាក្រឡុក Martinis ចំនួនពីរកែវ និងអយស្ទ័រចំនួនប៉ុន្មានគ្រាប់ ដែលបុរសជាប្ដីបានអះអាងថា បុគ្គលិកជាអ្នកញុះញង់ឲ្យអ្នកទាំងពីរកុម៉្មង់។

ជាក់ស្ដែង លុះពេលគិតប្រាក់ អ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសរុបអស់ចំនួន៥៥៧ដុល្លារអាមេរិកឯណោះ។ ហើយអ្នកទាំងពីរ បាននិយាយទៅកាន់បុគ្គលិកថា ការគិតប្រាក់អាចមានកំហុសខុសឆ្គងកើតឡើង ដែលធ្វើឲ្យបុគ្គលិកប្រុសៗប៉ុន្មាន ឈរព័ទ្ធជុំវិញអ្នកទាំងពីរ រហូតដល់ព្រមបង់ប្រាក់ទាំងអស់។

យ៉ាងណាមិញ ប្ដីប្រពន្ធមួយគូខាងលើនេះ បានយល់ព្រមបង់ប្រាក់ និងយករឿងរ៉ាវបង្ហោះទៅលើបណ្ដាញសង្គមតិកតុក បន្ទាប់ពីមានគូស្នេហ៍វ័យក្មេងមួយគូផ្សេងទៀត បានជួបនឹងបញ្ហាដូចអ្នកទាំងពីរផងដែរ។ ចំណែកខាងបារ៍វិញ បានចេញមុខបកស្រាយ ដោយលើកឡើងថា អ្នកដែលចែករំលែករឿងរ៉ាវទាក់ទងនឹងបារ៍ សុទ្ធតែជាអ្នកចង់បានចំណាប់អារម្មណ៍ប៉ុណ្ណោះ។

ហើយទន្ទឹមនឹងនេះ ក៏មានមតិរិះគន់ជាច្រើននៅលើបណ្ដាវេបសាយទេសចរណ៍ ពីសំណាក់អ្នកដែលធ្លាប់ទទួលបានបទពិសោធន៍ដ៏អាក្រក់ពីបារ៍ទៀតផង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]