បច្ចុប្បន្នគេមើលឃើញថា ជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចកើតមានលើមនុស្សវ័យកណ្ដាល រាប់ចាប់ពីវ័យខ្ទង់៣០ឆ្នាំឡើងទៅផងដែរ។ មូលហេតុ គឺដោយសារតែការផ្លាស់ប្ដូរបរិបថរស់នៅទៅស្រួលពេកមិនសូវបញ្ចេញសកម្មភាពរាងកាយ ការហូបចុកក៏ជាអាហារសម្បូរកាឡូរីខ្ពស់ ដែលកត្ដាទាំងនេះអាចរុញច្រានជីវិតឲ្យធ្លាក់ក្នុងជំងឺទឹកនោមផ្អែមប្រភេទ២បាន។
តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ២?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺទឹកនោមផ្អែមប្រភេទ២ គឹជាជំងឺមួយប្រភេទដែល បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករគ្លុយកូសក្នុងឈាមរ៉ាំរៃលើសពី ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ កត្ដានេះគឺបណ្ដាលមកពីសរីរាង្គលំពែង មិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចដឺកនាំជាតិស្ករទាំងនោះទៅបំពេញតម្រូវការរាងកាយបាន។ ដូច្នេះហើយទើប បណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំឈានដល់ជំងឺទឹកនោមផ្អែមប្រភេទ២។
ជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃដូចជា ការប្រឈមជំងឹលើសសម្ពាធឈាម ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង សុខភាពផងដែរ។ មកទល់ពេលនេះជំងឺទឹកនោមផ្អែមអាចព្យាបាលដោយគ្រប់គ្រងកម្រិតជាតិស្ករក្នងឈាមឲ្យត្រូវតាមគោលដៅ ប៉ុន្ដែមិនមែនជាការព្យាបាលឲ្យជាសះស្បើយទាំងស្រុងនោះទេ។
តើយើងអាចបង្ការខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទេ?
ជាក់ស្ដែងណាស់ ដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ២ គ្មានវាក់សាំងការពារ ដូច្នេះហើយក៏ជារឿងពិបាកបញ្ជៀសខ្លួនពីជំងឺមួយនេះ ប៉ុន្ដែយើងក៏នៅមានសង្ឃឹមដោយអនុវត្ដវីធីទាំង៦នេះ ក៏អាចការពារខ្លួនយើងបានដែរ៖
១.រក្សាតុល្យភាពទម្ងន់
ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បងធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដានទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រងទម្ងន់បានល្អ ជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមបាន។
២.គ្រប់គ្រងរបបអាហារ
គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងសុខភាពផងដែរ។ យើងត្រូវកាត់បន្ថយអាហារកែច្នៃ មានកាឡូរី និងខ្លាញ់ខ្ពស់ ដែលអាហារទាំងនោះងាយធ្វើយើងឡើងគីឡូលឿន ពិសេសពពួកសាច់កែច្នៃ មានសាច់ក្រក ប្រហិត អាហារកំប៉ុង និងពពួកភេសជ្ជៈដែលប្រើកម្រិតជាតិស្ករខ្ពស់តែម្ដង។
៣.សកម្មភាពរាងកាយ
ការធ្វើសកម្មភាពរាងកាយជាប្រចាំ ដូចជាធ្វើលំហាត់ប្រាណ លេងកីឡា ធ្វើការងារប្រចាំថ្ងៃ ដែលអាចឲ្យរាងកាយអាចប្រើប្រាស់ថាមពល និងបញ្ចេញញើសបានល្អ ក៏ជាផ្នែកមួយជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទ២ បានដែរ។
៤.បញ្ឈប់ការជក់បារី
បញ្ឈប់ការជក់បារីក៏ជាមធ្យោបាយមួយជួយកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ សារធាតុគីមីក្នុងផ្សែងបារី មិនថាបារីអេឡិចត្រនិចនោះទេ គឺជាមូលហេតុចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពសួត សរសៃឈាម កើតមានជាតិខ្លាញ់ ក្នុងសរសៃឈាមបេះដូង និងខួរក្បាលជាដើម។
៥.កាត់បន្ថយគ្រឿងស្រវឹង
កាត់បន្ថយគ្រឿងស្រវឹងនឹងធ្វើឲ្យជីវិតយើងល្អប្រសើរ ក្នុងនោះក៏អាចជៀសផុតពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។ គ្រឿងស្រវឹងគឺជាភ្នាក់ងារបំផ្លាញ សរីរាង្គថ្លើម និងលំពែង ដែលជារោងចក្រសំខាន់ផលិត អាំងស៊ុយលីន គ្រប់គ្រងជាតិស្ករក្នុងឈាម។ ការព្យាយាមកាត់បន្ថយគ្រឿងស្រវឹងបន្ដិចម្ដងៗតាមលទ្ធភាពដែលអាចធ្វើបាន ជាសញ្ញាមួយបង្ហាញថា សុខភាពរាងកាយកាន់តែល្អប្រសើរ។
៦.គ្រង់គ្រងការគេង
ការគេងមិនគ្រប់គ្រាន់ក៏ជាផ្នែកមួយបណ្ដាលឲ្យកើតជំងឺជំងឺទឹកនោមផ្អែមបានដែរ។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកទទួលទានដំណេកមិនគ្រប់គ្រាន់អាចប្រឈមនឹងការថយចុះ អ័រម៉ូនឡឹបទីន(leptin)។ ការថយចុះអ័រម៉ូនប្រភេទនេះ ធ្វើឲ្យយើងមានទំនោរញ៉ាំអាហារផ្អែមៗ និង កម្រិតកាឡូរីខ្ពស់ ជាហេតុធ្វើឲ្យប្រឈមនឹងការឡើងទម្ងន់។ បន្ថែមពីលើនេះទៀត អ្នកគេងមិនគ្រប់គ្រាន់ប្រឈមនឹងការកើនឡើងកម្រិតអ័ម៉ូនស្ដ្រេស (Cortisol) ការកើនឡើងកម្រិត អ័រម៉ូននេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការផលិត អាំងស៊ុយលីនរបស់លំពែង។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកើតជំងឺទឹកនោមផ្អែមប្រភេទ២ មិនត្រឹមតែបណ្ដាមកពី ការញ៉ាំអាហារមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ទាក់ទងនឹងគុណភាពនៃគេងផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]