ការញុំាម្ទេសអាចធ្វើឱ្យយើងក្តៅ និងក្រហាយពោះ ហេតុនេះទើបចាស់ៗហាមម៉ាក់ៗពពោះមិនឱ្យញុំាម្ទេស ព្រោះខ្លាចក្រហល់ក្រហាយដល់កូនក្នុងផ្ទៃ។ តើជំនឿតៗគ្នារបស់ចាស់ៗជាការពិតដែរឬទេ? ចុះគ្រូពេទ្យថាម៉េចវិញចំពោះការញុំាម្ទេសរបស់ម៉ាក់ៗនៅពេលពពោះ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ការញុំាម្ទេសពេលពពោះមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ តែប៉ះពាល់ម្តាយទៅវិញ។ លោកពន្យល់ថាការញ៉ាំម្ទេសអាចប៉ះពាល់សុខភាពម្ដាយមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ក្រហាយទ្រូង
ម៉ាក់ៗពពោះភាគច្រើនក្រហាយទ្រូងដោយសារការប្រែប្រួលអ័រម៉ូនប្រូសេស្តេរ៉ូន។ អ័រម៉ូននេះជួយបន្ធូរសាច់ដុំអាងត្រគាកដើម្បីឱ្យម៉ាក់ៗអាចសម្រាលកូនបាន តែអ័រម៉ូននេះក៏ធ្វើឱ្យសន្ទះបិទបើករវាងបំពង់អាហារ និងក្រពះធូរដែរ ហើយបណ្តាលឱ្យទឹកអាស៊ីដក្រពះជ្រាបចូលទៅក្នុងបំពង់អាហារ។
អាការៈក្រហាយទ្រូងកើតឡើងញឹកញាប់នៅត្រីមាសទី ៣ ព្រោះទំហំកូនក្នុងផ្ទៃបានរុញក្រពះឡើងលើដែលបង្កឱ្យទឹកអាស៊ីដច្រាលចូលបំពង់អាហារ។ ការញុំាម្ទេសជំរុញឱ្យក្រពះផលិតអាស៊ីដកាន់តែច្រើន និងធ្វើឱ្យក្រពះក្រហាយដែលជាហេតុធ្វើឱ្យអាការៈក្រហាយទ្រូងរបស់ម៉ាក់ៗកាន់តែធ្ងន់ធ្ងរ។
២. ចង្អោរ និងក្អួត
ការញុំាម្ទេសជំរុញឱ្យក្រពះផលិតអាស៊ីដកាន់តែច្រើន និងធ្វើឱ្យម៉ាក់ៗច្រាលទឹកអាស៊ីដក្រពះដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតបន្ថែមពីលើអាការៈចាញ់កូន។ ជាលទ្ធផលម៉ាក់ៗនឹងចង្អោរ និងក្អួតកាន់តែខ្លាំង។
៣. ជំងឺឫសដូងបាត
ទំហំទារកក្នុងស្បូនសង្កត់ទៅលើឆ្អឹងអាងត្រគាកដែលបណ្តាលឱ្យម៉ាក់ៗស្ទះសរសៃឈាមវ៉ែននៅក្នុងរន្ធគូទ បូកផ្សំនឹងការទល់លាមកនាំឱ្យមានការវិវត្តជាជំងឺឫសដូងបាតក៏មាន។
ការទល់លាមកពេលពពោះបង្កឡើងដោយការកើនឡើងនៃអ័រម៉ូនអ៊ឺស្ត្រូសែន និងប្រូសេស្តេរ៉ូនធ្វើឱ្យការដឹកជញ្ជូនចំណីអាហារនៅក្នុងពោះវៀនមានការថយចុះ និងការសង្កត់ពីស្បូនដែលរីកធំលើពោះវៀន។ ការញុំាម្ទេសច្រើនអាចបង្កើនកម្តៅក្នុងខ្លួន ហើយធ្វើឱ្យអាការៈទល់លាមក និងជំងឺឫសដូងបាតរបស់ម៉ាក់ៗកាន់តែយ៉ាប់យឺន។
ការញុំាម្ទេសពេលពពោះអាចធ្វើឱ្យម៉ាក់ៗកាន់តែមិនស្រួលក្នុងខ្លួន ដូច្នេះពេលមានផ្ទៃពោះ ម៉ាក់ៗគួរកាត់បន្ថយ ឬចៀសវាងញុំាម្ទេសតាមដែលអាចធ្វើបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]